website_news:2017180707

ពលករខ្មែរបង្ហោះវីដេអូដែលអះអាងថា មានការរំលោភបំពាននៅកូរ៉េខាងត្បូង

http://www.cambodiadailykhmer.com/ ដោយ ផាន់ ស៊ូមី | ថ្ងៃអង្គារ ទី 18 ខែកក្កដា ឆ្នាំ2017

កាលពីម្សិលមិញ ពលករខ្មែរដែលធ្វើការនៅប្រទេសកូរ៉េខាងត្បូងម្នាក់បានអះអាងថា របស់របបរបស់ខ្លួន និងមិត្តភក្តិត្រូវបានដុតបំផ្លាញដោយថៅកែរោងចក្រ បន្ទាប់ពីពួកគេបដិសេធមិនព្រមធ្វើការថែមម៉ោង។

នៅក្នុងហេតុការណ៍ដាច់ដោយឡែកមួយទៀតកាលពីសប្តាហ៍មុន ពលករខ្មែរម្នាក់ទៀតត្រូវបានគេឃើញថា កំពុងរងការវាយដំពីសំណាក់អ្នកគ្រប់គ្រងរោងចក្រនៅក្នុងវីដេអូបង្ហោះតាមហ្វេសប៊ុក។ ការអះអាងពីការរំលោភបំពានទាំងនេះកើតមានឡើងក្រោយពេលមានការព្រមានថា ទោះបីជាមានការផ្ញើប្រាក់ត្រឡប់មកប្រទេសកំណើតវិញរាប់រយលានដុល្លារជារៀងរាល់ឆ្នាំក៏ដោយ តែពលករខ្មែរជាច្រើនពាន់នាក់នៅក្នុងប្រទេសកូរ៉េខាងត្បូងនៅតែ ងាយរងការកេងប្រវ័ញ្ច និងការប្រើអំពើហិង្សាហេតុដូច្នេះហើយទើបមានការបើកមណ្ឌលសង្គ្រោះបន្ទាន់ចំនួនបីកន្លែងនៅក្នុងខែធ្នូជាពិសេសសម្រាប់ពលករខ្មែរដែលប្រឈមនឹងជម្លោះ ឬការរំលោភបំពាននៅកន្លែងធ្វើការរបស់ពួកគេ។

លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងបានលើកឡើងកាលខែមេសាថា មានពលករខ្មែរប្រហែល ៥៣.០០០នាក់កំពុងរស់នៅប្រទេសកូរ៉េខាងត្បូង។ លោកបានលើកឡើងទៀតថា ពលករចន្លោះពី៣.០០០នាក់ទៅ៤.០០០នាក់ក្នុងចំណោមពលករទាំងនោះកំពុងនៅទីនោះដោយខុសច្បាប់ដោយសារកិច្ចសន្យាការងារ ឬទិដ្ឋាការផុតសុពលភាព។ លោក ឡុង ឌីម៉ង់ បានព្រមានថា ការដែលពលករខុសច្បាប់គ្មានឯកសារត្រឹមត្រូវ បានធ្វើឲ្យពួកគេងាយទទួលរងការកេងប្រវ័ញ្ចពីនិយោជក ដូចជាត្រូវគេឲ្យប្រាក់ខែទាបជាដើម។

ទោះបីជាមានបញ្ហាឯកសារយ៉ាងនេះក្តី ពលករនៅតែទៅធ្វើការនៅក្នុងប្រទេសកូរ៉េខាងត្បូងភ្លូកទឹកភ្លូកដី ដោយសង្ឃឹមថា នឹងទទួលបានប្រាក់ខែខ្ពស់និងជីវភាពរស់នៅដ៏ប្រសើរ។ ពលករជាច្រើនបានជួយគ្រួសាររបស់ខ្លួនតាមរយៈការផ្ញើប្រាក់ត្រឡប់មកផ្ទះវិញ។ ពេលថ្លែងនៅក្នុងខែមករា លោក ហេង សួគ៌ អ្នកនាំពាក្យក្រសួងការងារបានលើកឡើងថា មានពលករកាន់តែច្រើនឡើងៗធ្វើដំណើរទៅប្រទេសកូរ៉េខាងត្បូងជារៀងរាល់ឆ្នាំ។

យោងតាមលោក ឡុង ឌីម៉ង់ ពលរដ្ឋខ្មែរ ដែលរស់នៅក្នុងប្រទេសកូរ៉េខាងត្បូងបានផ្ញើប្រាក់ត្រឡប់មកផ្ទះវិញក្នុងទំហំ៥០០លានដុល្លារកាលពីឆ្នាំមុន។ ការទាក់ទាញដែលថានឹងទទួលបានប្រាក់ខែរហូតដល់១.៥០០ដុល្លារក្នុងមួយខែ ជាតួលេខផ្តល់ដោយលោក គង់ វ៉ាន់ណុច ស្ថាបនិកសមាគមពលករខ្មែរដែលផ្តល់ព័ត៌មាន និងវគ្គបណ្តុះបណ្តាលភាសានៅប្រទេសកូរ៉េខាងត្បូង គឺជាកត្តាអូសទាញដ៏ខាំង។

ប៉ុន្តែ ក្តីសុបិនរបស់ សាម ចិត្រា បានប្រែក្លាយទៅជាមានភាពជូរចត់។ លោក សាម ចិត្រា អាយុ២៥ឆ្នាំមកពីខេត្តស្វាយរៀង បានបង្ហោះវីដេអូលើហ្វេសប៊ុកកាលពីថ្ងៃអាទិត្យដោយបង្ហាញឲ្យឃើញពីពំនូកផេះនៃរបស់របររបស់ខ្លួននិងមិត្តភក្តិ៤នាក់ទៀតកំពុងឆេះងំៗ ក្រោយពេលត្រូវបានថៅកែរបស់ខ្លួនដុតចោល។ គេឃើញមានគំនរផេះហុយៗនៅខាងក្រៅបន្ទប់របស់ពួកគេដែលមើលទៅទំនងជាមានគេចូលរុះរើឲ្យរប៉ាត់រប៉ាយ។ ក្នុងចំណោមរបស់របរដែលខូចខាតទាំងនោះមានឯកសារ គ្រឿងអលង្ការ និងទូរស័ព្ទ ។ លោក សាម ចិត្រា ដែលនិយាយថា ខ្លួនធ្វើការនៅរោងចក្រមួយក្នុងខេត្ត Gyeonggi-do ជាង៣ឆ្នាំមកហើយនោះបានចោទប្រកាន់ថៅកែរបស់ខ្លួនថា មានចេតនាដុតបំផ្លាញរបស់របរទាំងនោះដើម្បីសងសឹកដោយសារពួកគេបដិសេធមិនព្រមធ្វើការថែមម៉ោងបន្ទាប់ពីមិនឃើញប្រាក់ចូលកុង។ គាត់បាននិយាយថា “ពួកខ្ញុំទៅធនាគារ ទៅពិនិត្យមើលលុយហ្នឹង អត់ឃើញគាត់វេរចូលកុងឲ្យខ្ញុំទេ ទាំងប្រាំនាក់ហ្នឹងហា៎ ។ ពួកខ្ញុំក៏អន់ចិត្ត”។ គាត់បានបន្ថែមថា គាត់ និងមិត្តភក្តិមកពីកម្ពុជាដូចគ្នាសុទ្ធតែទទួលបានប្រាក់ខែយឺតមួយទៅពីរសប្តាហ៍ជាប្រចាំ។

បន្ទាប់ពីសម្រេចគេចពីការងារថែមម៉ោងកាលពីថ្ងៃអាទិត្យ លោក សាម ចិត្រា និងពលករខ្មែរបួននាក់ទៀតបានទៅលេងមិត្តភក្តិដោយធ្វើដំណើររយៈពេលប្រហែល២០នាទីកាលពីយប់ថ្ងៃសៅរ៍។  ប៉ុន្តែព្រឹកឡើង ពួកគេទទួលបានការហៅទូរស័ព្ទពីមិត្តភក្តិម្នាក់ ដែលបានឃើញភ្លើងឆេះទ្រង់ទ្រាយតូចមួយនៅខាងក្រៅបន្ទប់របស់ពួកគេ។ លោកបាននិយាយថា”ពួកខ្ញុំក៏មិននឹកស្មានថា ថៅកែគាត់ធ្វើដល់ថ្នាក់ហ្នឹង។អញ្ចឹងខ្ញុំមិនអាចនឹកស្មានដល់”។លោក សាម ចិត្រា បាននិយាយថា លោកបានរាយការណ៍ភ្លាមៗពីការដុតនេះទៅនគរបាល ហើយមជ្ឈមណ្ឌលគាំពារពលករបរទេស ដែលបានសន្យាបញ្ជូនតំណាងទៅកាន់រោងចក្រនោះនៅថ្ងៃនេះដើម្បីពិភាក្សាអំពីបញ្ហានេះជាមួយថៅកែរោងចក្រ។

ទោះយ៉ាងណា លោក ចិត្រា បាននិយាយថា គ្មានឱកាសដែលលោកបន្តធ្វើការនៅរោងចក្រនេះទៀតឡើយ។ លោកបាននិយាយថា “មិនទាន់គិតអារឿងចង់ឱ្យសងសំណងខូចខាតទេបង។អ្វីដែលសំខាន់គ្រាន់តែចង់ អត់ចង់ធ្វើការកន្លែងហ្នឹងទៀត”។ លោកបានបន្ថែមថា “គ្រាន់តែចង់ឱ្យបានបើកប្រាក់ខែឱ្យវិញដែលនៅមិនទាន់បើកហ្នឹង និងលុយដំណាច់ឆ្នាំប៉ុណ្ណឹង ម៉េចៗអារឿងសំណងហ្នឹងចាំពេលក្រោយ”។

លោកឯកអគ្គរាជទូត ឡុង ឌីម៉ង់ បានមានប្រសាសន៍ថា លោកបាននិយាយទៅកាន់ក្រុមពលករបន្ទាប់ពីទទួលបានព័ត៌មានពីករណីនេះតាមប្រព័ន្ធផ្សព្វផ្សាយ។ លោកបានថ្លែងថា “យើងបានណែនាំឱ្យគាត់ធ្វើតាមនីតិវិធីដើម្បីដោះស្រាយបញ្ហាហ្នឹង។យើងបានណែនាំឱ្យប្អូនទាក់ទងមជ្ឈមណ្ឌលគាំពារពលករបរទេស”។

ក្នុងករណីដាច់ដោយឡែកមួយទៀត វីដេអូឃ្លីបមួយត្រូវបានបង្ហោះក្នុងទំព័រហ្វេសប៊ុករបស់ គឹម សុខចិត្ត អាយុ២៥ឆ្នាំមកពីខេត្តកំពង់ចាម ទំនងជាបង្ហាញថា គាត់ត្រូវបានវាយដំពីសំណាក់មេការជនជាតិកូរ៉េខាងត្បូងនៅក្នុងរោងចក្រ Gyeonggi-do ដាច់ដោយឡែកមួយ។ លោក សុខចិត្ត បាននិយាយកាលពីម្សិលមិញថា លោកបានសម្រេចមិនរាយការណ៍ពីករណីនេះក្រោយពីលោកត្រូវបានដាក់ឱ្យស្ថិតក្រោមការឃ្លាំមើលពីសំណាក់អ្នកគ្រប់គ្រងម្នាក់ផ្សេងទៀត។

កាលពីម្សិលមិញ លោក មឿន តុលា ប្រធានមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) បានមានប្រសាសន៍ថា ពលករចំណាកស្រុកប្រឈមការរើសអើងនៅក្នុងប្រទេសជាច្រើន។ លោកបានថ្លែងថា “នៅក្នុងផ្នត់គំនិតថៅកែ មិនថាជនជាតិថៃ ជនជាតិម៉ាឡេ ជនជាតិកូរ៉េ ឬក៏ចិនអីទេ គេមើលមកពលករខ្មែរហ្នឹងនៅក្នុងផ្លូវមួយ ផ្លូវមួយហ្នឹងគឺផ្លូវមិនជាមានការគោរព”។ លោក មឿន តុលា បានថ្លែងថា អ្នកដែលធ្វើការក្នុងវិស័យកសិកម្មងាយទទួលរងគ្រោះចំពោះការរំលោភបំពាន ពីព្រោះពួកគេផុតពីក្រសែភ្នែកអាជ្ញាធរ។ ទោះជាយ៉ាងណា លោកបានថ្លែងថាច្បាប់ការងារតឹងរ៉ឹងនៅក្នុងប្រទេសកូរ៉េខាងត្បូងបានជួយការពារពលករពីការរំលោភបំពានពីសំណាក់និយោជក៕ សារុន និង ស៊ុយឈាង

website_news/2017180707.txt · Last modified: 2017/07/18 12:40 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki