website_news:2017180708

ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ីខ្វះថវិកាបញ្ជូនពលករខុសច្បាប់ត្រឡប់មកស្រុកវិញ

http://www.cambodiadailykhmer.com/ ឡេង ឡែន និង HANNAH HAWKINS ថ្ងៃទី 18 ខែកក្កដា ឆ្នាំ2017

មន្ត្រីមួយរូបនៅស្ថានទូតកម្ពុជា ប្រចាំទីក្រុងគូឡាឡាំពួ បានលើកឡើងកាលពីម្សិលមិញថា ដោយសារមានប្រជាពលរដ្ឋខ្មែរកាន់តែច្រើនស្វែងរកជំនួយឧបត្ថម្ភនិងការជ្រកកោនស្របពេលអាជ្ញាធរម៉ាឡេស៊ីកំពុងធ្វើការបង្ក្រាបលើពលករចំណាកស្រុកខុសច្បាប់ថវិការបស់ស្ថានទូតមិនគ្រប់គ្រាន់សម្រាប់បញ្ជូនពួកគាត់ត្រឡប់មកស្រុកវិញទេ។

លោក នូ ប៊ុណ្ណារ៉ា មន្ត្រីទទួលបន្ទុកកិច្ចការការងារប្រចាំស្ថានទូតកម្ពុជាមានប្រសាសន៍ថា “[ពលករ] មកពាសពេញហ្នឹង ហើយមកអត់ទាំងមានលុយជួយខ្លួនឯងផង”។ លោកថា ពលករខ្លះបានចាញ់បោកមេខ្យល់នៅព្រំដែន ហើយមិនបានធ្វើលិខិតស្នាមផ្លូវច្បាប់ទេ។ លោកថ្លែង “វាពិបាកនឹងជួយ”។ មន្ត្រីដដែលប្រាប់ថា ពេលនេះស្ថានទូតបានអំពាវនាវសុំការឧបត្ថម្ភគាំទ្រពីអង្គការមិនមែនរដ្ឋាភិបាលនានានៅប្រទេសម៉ាឡេស៊ីដើម្បីបញ្ជូនពលករ ទាំងនោះត្រឡប់មកស្រុកវិញ។ លោកគូសបញ្ជាក់ថា “យើងគ្មានលទ្ធភាពចេញថ្លៃចំណាយទាំងស្រុងទេ។ វាច្រើនណាស់ ដូចជាថ្លៃសំបុត្រយន្តហោះ ចំណីអាហារ និងថ្លៃធ្វើដំណើរផ្សេងៗនៅក្នុងស្រុកជាដើម”។ លោកបានបន្ថែមថា “យើងកំពុងទន្ទឹងរង់ចាំសហការជាមួយអង្គការមិនមែនរដ្ឋាភិបាល ដើម្បីជួយឧបត្ថម្ភគាំទ្រពួកយើងសម្រាប់បញ្ជូនពលករត្រឡប់ទៅស្រុកវិញ”។

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសមានប្រសាសន៍ថា លោកមិនដឹងថាត្រូវការថវិកាប៉ុន្មានទេសម្រាប់បញ្ជូនពលករខ្មែរដែលបច្ចុប្បន្នកំពុងស្នាក់នៅស្ថានទូត។ លោកបានបដិសេធមិននិយាយលម្អិតបន្ថែមទៀតទេ ហើយថា លោកគ្មានព័ត៌មានបន្ថែមទៀតឡើយ។ ក្រសួងបានលើកឡើងតាមរយៈសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា ប្រជាពលរដ្ឋខ្មែរប្រមាណ៣០នាក់បានជ្រកកោននៅស្ថានទូត ចំណែកឯ៧៩នាក់ទៀតត្រូវបានចាប់ខ្លួននៅប្រទេសម៉ាឡេស៊ីក្នុងខែនេះ ស្របពេលមានការបង្ក្រាបលើពលករដែលមិនបានចុះបញ្ជីត្រឹមត្រូវ។

លោក នូ ប៊ុណ្ណារ៉ា បានថ្លែងកាលពីម្សិលមិញថា ប្រជាពលរដ្ឋខ្មែរកាន់តែច្រើនបានជ្រកកោននៅស្ថានទូតចាប់តាំងពីសប្ដាហ៍មុន។ នៅចុងបញ្ចប់នៃបទសម្ភាសន៍ មន្ត្រីដែលបានស្នើឲ្យសុំព័ត៌មានផ្លូវការពីលោក ជុំ សុន្ទរី និងដែលមិនបញ្ចេញឈ្មោះរូបនេះបានលើកឡើងទៀតថា រដ្ឋាភិបាលម៉ាឡេស៊ីបានប្រាប់ស្ថានទូតថា ពួកគេកំពុងពន្លឿនការស៊ើបអង្កេត ហើយវាស្រេចលើប្រទេសម៉ាឡេស៊ី ទាំងស្រុងថា តើនឹងបញ្ជូនពលករដែលត្រូវបានចាប់ខ្លួនត្រឡប់មកស្រុកវិញ ឬបញ្ជូនទៅតុលាការ។

លោក នូ ប៊ុណ្ណារ៉ា បានមានប្រសាសន៍ថា ថៅកែនៅក្នុងប្រទេសម៉ាឡេស៊ី ដែលអាជ្ញាធរបានទុកពេលឱ្យរាប់ខែដើម្បីធ្វើលិខិតស្នាមជូនពលករចំណាកស្រុករបស់ខ្លួន មានកំហុសត្រូវបន្ទោសស្មើនឹងពលករដែរ។ សំដៅដល់ “កម្មវិធីជួលឲ្យធ្វើការឡើងវិញ” របស់ប្រទេសម៉ាឡេស៊ី ដែលមានបំណងធ្វើឲ្យពលករមិនបានចុះបញ្ជីដែលកំពុងបម្រើការងារនៅក្នុងប្រទេសនេះរួចទៅហើយក្លាយជាស្របច្បាប់ លោកមានមានប្រសាសន៍ថា ពលករមិនត្រូវបានផ្តល់ពេលឲ្យបំពេញឯកសារទេ ខណៈ “ថៅកែរបស់ពួកគាត់មិនព្រមធ្វើលិខិតស្នាមដូចជាលិខិតជួលឲ្យធ្វើការឡើងវិញ និងលិខិតការងារជាដើម”។ ឱសានវាទសម្រាប់កម្មវិធីនេះគឺនៅថ្ងៃទី៣០ ខែមិថុនា។ យោងតាមសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកឱ្យដឹងថា ក្នុងចំណោមពលករខុសច្បាប់ចំនួន៦០០.០០០នាក់ មានតែ១៦១.០០០នាក់ប៉ុណ្ណោះដែលបានដាក់ជូនលិខិតស្នាមសមស្រប ហើយរហូតដល់ទៅ៣.៣០០នាក់ ត្រូវបានចាប់ខ្លួនក្នុងប្រតិបត្តិការនានានៅខែនេះ។

លោក អេឌ្រាន ពើរីរ៉ា (Adrian Pereira) នាយកប្រតិបត្តិនៃអង្គការសិទ្ធិមនុស្សមួយរបស់ម៉ាឡេស៊ី មានឈ្មោះថា North South Initiative បានលើកឡើងថា អង្គការរបស់លោក និងបណ្ដាញរបស់អង្គការនេះបានសហការជាមួយស្ថានទូតកម្ពុជា ហើយកំពុងជួយផ្ដល់ហិរញ្ញវត្ថុសម្រាប់ការធ្វើដំណើរត្រឡប់មកស្រុកវិញរបស់ពលករខ្មែរមួយចំនួន។ លោកមានប្រសាសន៍ថា ពលករមួយចំនួនត្រូវបានជួយសង្គ្រោះពីការជួញដូរ ព្រមទាំងការចាប់ខ្លួន និងការឃុំខ្លួន។ លោកថ្លែងថា “មានស្ត្រីខ្មែរដែលគ្មានលិខិតស្នាមត្រឹមត្រូវម្នាក់ទើបតែសម្រាលកូន ដូច្នេះហើយខាងអន្តោប្រវេសន៍បានព្យាយាមឃុំឃាំងគាត់ [នៅមន្ទីរពេទ្យ] ប៉ុន្តែយើងបានចរចាបានសម្រេចឱ្យគាត់ត្រឡប់មកស្រុកវិញដោយសុវត្ថិភាព”។ លោកពន្យល់ថា មន្ទីរពេទ្យនានានៅប្រទេសម៉ាឡេស៊ី ត្រូវបានតម្រូវឱ្យរាយការណ៍ទៅក្រសួងអន្តោប្រវេសន៍ នៅពេលពលករចំណាកស្រុកដែលគ្មានលិខិតស្នាមត្រឹមត្រូវទៅទទួលការព្យាបាល។

លោក ចូសេហ្វ ផល (Joseph Paul) មន្ត្រីកម្មវិធីនៅអង្គការសិទ្ធិមនុស្សមួយរបស់ម៉ាឡេស៊ីមានឈ្មោះថា Tenaganita បានមានប្រសាសន៍ថា លោកបានទាក់ទងជាមួយពលករចំណាកស្រុកខ្មែរចំនួនបួននាក់នៅខែនេះ ប៉ុន្តែមិនទាន់កំណត់ទីតាំងពីរនាក់ក្នុងចំណោមអ្នកទាំងនោះបាននៅឡើយទេ។ លោកលើកឡើងថា “អ្វីដែលកើតឡើងគឺថា ពួកគាត់មានលេខរបស់យើង ហើយទូរស័ព្ទមកពួកយើង ហើយញឹកញាប់ណាស់ដែលពួកគាត់មិនដឹងថាខ្លួននៅទីណា។ យើងត្រូវស្វែងរកថាតើពួកគាត់នៅទីណា”៕ សុខុម

website_news/2017180708.txt · Last modified: 2017/07/18 12:45 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki