website_news:2017180709

អភិបាលខេត្តបន្ទាយមានជ័យ ស្នើរឲ្យរដ្ឋាភិបាលបង្កើតមណ្ឌលសំចត សម្រាប់ពលករចេញចូល

http://www.a-n-n-news.html ដោយ: សម្បត្តិ សីហា ថ្ងៃអង្គារ ទី១៨ ខែកក្កដា ឆ្នាំ២០១៧

បន្ទាយមានជ័យ៖ ក្នុងជំនួបប្រជុំពិគ្រោះពិភាក្សារកដំណោះស្រាយ ដើម្បីសម្របសម្រួលភាពងាយស្រួល និងកាត់បន្ថយការចំណាយរបស់ពលករខ្មែរចំណាកស្រុក ទៅធ្វើការនៅប្រទេសថៃ ក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការជាតិ ប្រយុទ្ឋប្រឆាំងអំពើរជួញដូរមនុស្ស, ឯកឧត្តម សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ បានលើកយោបល់ និងស្នើរដល់រដ្ឋាភិបាល បង្កើតមណ្ឌលសំចតសម្រាប់ពលករចេញចូល នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ កិច្ចប្រជុំនេះ ធ្វើឡើងកាលពីថ្ងៃទី១៧ កក្កដា នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ដោយមានការលើកឡើងពីបញ្ហាប្រឈម និងមូលហេតុមួយចំនួនដែលនាំឲ្យពលករខ្មែរចេះតែធ្វើចំណាកស្រុក ដោយខុសច្បាប់ទៅថៃផងដែរ។

តាមការលើកឡើងរបស់អាជ្ញាធរតាមមូលដ្ឋាន នៃបន្ទាត់ព្រំដែនកម្ពុជា-ថៃ បានឲ្យដឹងថា ពលករខ្មែរចេះតែធ្វើចំណាកស្រុកទៅធ្វើការនៅថៃ គឺដោយសារនៅថៃ ការចំណាយតិច តែថ្លៃពលកម្មថ្លៃជាងនៅខ្មែរ ហើយការដែរពួកគាត់ចេះតែចេញទៅដោយខុសច្បាប់ ព្រោះពួកគាត់គិតថា ការឆ្លងដែនខុសច្បាប់តាមរយៈមេខ្យល់វា ងាយស្រួល និងមិនសាំញ៉ាំដូចការឆ្លងដែនស្របច្បាប់ ដែលពួកគាត់ត្រូវធ្វើលិខិតឆ្លងដែន ឬឯកសារផ្សេងៗ ដោយត្រូវមានការធានាពីថៅកែ ឬក្រុមហ៊ុនខាងថៃ និងត្រូវទៅបញ្ចាក់ពីក្រសួងការងារខាងកម្ពុជា ធ្វើឲ្យពួកគាត់ខាតបង់ទាំងពេលវេលា និងថវិការច្រើន។ បើពួកគាត់រត់រកមេខ្យលវិញអស់លុយតែម្តង ហើយពួកគាត់នឹងអាចទៅដល់គោលដៅការងារ។

ក្នុងឱកាសនោះ ឯកឧត្តម សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ បានបន្ថែមថា កន្លងមក ប្រជាពលរដ្ឋរាប់ម៉ឺននាក់ ដែលចេញចូលទៅធ្វើការនៅថៃ តាមច្រកនានាទាំងច្រកអន្តរជាតិ ច្រកតំបន់ និងច្រករបៀង ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។ ដើម្បីទប់ស្កាត់ពលករធ្វើចំណាកស្រុកខុសច្បាប់ លោកបានបញ្ជាឲ្យសមត្ថកិច្ចតាមបន្ទាត់ព្រំដែន បិតច្រករបៀងទាំងនោះ មិនឲ្យមានពលករចេញចូលខុសច្បាប់ឡើយ។ ឯកឧត្តមបន្តថា ដើម្បីសម្រួលដល់ការចេញចូលរបស់ពលករនេះ បច្ចុប្បន្នលោក បានកំពុងធ្វើការសម្របសម្រួលជាមួយភាគីថៃ ដើម្បីពន្លឿន និងឈានទៅបើកដំណើរការច្រក២ទៀត គឺច្រកចម្ការគ និងច្រកបឹងស្នោរ។ ហើយក៏សំណូមពរទៅខាងអាជ្ញាធរក្រុង និងស្រុកជាប់ព្រំដែនកម្ពុជា-ថៃ នៃភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ត្រូវបង្កើតឲ្យមានទាក់ទំនងល្អជាមួយថៃ ដើម្បីងាយស្រួលក្នុងការសម្របសម្រួលការចេញចូលព្រឹកវិលល្ងាច របស់ពលករខ្មែរ មួយវិញទៀត ត្រូវគ្រប់គ្រងចំនួនពលករឲ្យបានជាក់លាក់ ដោយចុះស្រង់ស្ថិតិដល់មូលដ្ឋាន។

ឆ្លើយតបនឹងសំណើររបស់អភិបាលខេត្តបន្ទាយមានជ័យ លោកជំទាវ ជូន ប៊ុនអេង បានមានប្រសាសន៍យល់ស្រប និងទទួលយកសំណើរខាងលើ ព្រោះថា សំណើរនេះវាស្របនិងការគ្រោងទុករបស់រដ្ឋាភិបាល ដែលនឹងបង្កើតឲ្យមានទីសំចតរបស់ពលករខ្មែរ ក្នុងគោលបំណងបង្កភាពងាយស្រួលដល់ការចេញចូលរបស់ពលករខ្មែរ ដូចដែរបានលើកឡើងនេះ៕

website_news/2017180709.txt · Last modified: 2017/08/24 15:19 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki