website_news:2017180901

អាជ្ញាធរស្រុកជាប់ព្រំដែន ពិភាក្សាទប់ស្កាត់ពលករឆ្លងដែនចូលទៅកាប់ឈើក្នុងទឹកដីថៃ

http://ann.com.kh/site/news/ ថ្ងៃសុក្រ, 15 ខែកញ្ញា 2017 8:50 ព្រឹក

ខេត្តព្រះវិហារ៖ កាលពីពេលថ្មីៗនេះ អាជ្ញាធរស្រុកជាំក្សាន្ត ដែលមានព្រំប្រទល់ជាប់ជាមួយនឹងខេត្តស៊ីសាកេត នៃប្រទេសថៃ ទីដែលតែងតែកើតបទល្មើសឆ្លងដែនខុសច្បាប់ ក្នុងការកាប់ឈើប្រណីត និងជួញដូរគ្រឿង បានជួបពិភាក្សាទ្វេភាគីជាមួយអាជ្ញាធរថៃ ក្នុងការរកវិធីដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់ទាំងនេះ។ ការជួបប្រជុំពិភាក្សានេះ បានធ្វើឡើងនៅសាលាស្រុកកាន់ត្រាឡាក់ ខេត្តស៊ីសាកេត ដឹកនាំដោយអភិបាលរងខេត្តស៊ីសាកេត ចំណែកខាងកម្ពុជា ដឹកនាំដោយលោក ជា គឹមសេង អភិបាលស្រុកជាំក្សាន្ត តំណាងឲ្យឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ។ ភាគីថៃបានលើកឡើងថា មួយរយៈចុងក្រោយ គេសង្កេតឃើញថា មានការកើនឡើងនូវកម្មករឆ្លងដែនខុសច្បាប់ចូលមកលួចកាប់ឈើគ្រញូងនៅក្នុងទឹកដីរបស់គេ។

តាមរយៈកម្មករដែលលួចមកកាប់ឈើនេះ ក៏មានការកើនឡើងផងដែរ នូវករណីគ្រឿងញៀនឆ្លងដែន ដែលធ្វើឲ្យមានការព្រួយបារម្ភ។ បើតាមភាគីថៃ កន្លងមកនេះ មានពលរដ្ឋខ្មែរចំនួន ២៦២នាក់ហើយ ត្រូវបានអាជ្ញាធរខេត្តស៊ីសាកេតចាប់ខ្លួន ពាក់ព័ន្ធនឹងការលួចចូលមកកាប់ឈើខុសច្បាប់ និងជួញដូរគ្រឿងញៀន ដោយសកម្មភាពនេះ ភាគច្រើនប្រព្រឹត្តនៅចំណុចច្រកចាក់ច្រែង តាសឹម និងភ្នំខ្មោច ដែលជាតំបន់គ្រប់គ្រងដោយកងពលតូចអន្តាគមន៍លេខ៨។

ជាមួយគ្នានេះដែរ លោក ជា គឹមសេង អភិបាលស្រុកជាំក្សាន្តដែលដឹកនាំប្រតិភូកម្ពុជា បានលើកឡើងដោយទទួលស្គាល់ថា ពិតជាមានករណីក្រុមប្រជាពលរដ្ឋខ្មែរចូលទៅកាប់ឈើនៅក្នុងទឹកដីរបស់ថៃមែន ដែលពួកគេគឺជាជនចំណាកស្រុកមកពីខេត្តនានា។ តែយ៉ាងណាក៏ដោយ ការចូលទៅកាប់ឈើរបស់ពលករខ្មែរនោះ កន្លងមកគឺមានការបើកភ្លើងខៀវពីសំណាក់ទាហានថៃដែលត្រូវរ៉ូវជាមួយមេខ្យល់មួយចំនួននៅតាមបន្ទាត់ព្រំដែន ដែលករណីនេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ក៏បានដាក់បញ្ជាឲ្យទប់ស្កាត់ និងស្រាវជ្រាវរកមុខអ្នកនៅពីក្រោយខ្នងកម្មករទាំងនេះដើម្បីឲ្យតុលាការផ្តន្ទាទោសផងដែរ។ ដូច្នេះ លោកសូមឲ្យភាគីថៃ ជួយសម្រួលឲ្យគណៈប្រតិភូកម្ពុជាបានទៅសួរនាំ និងស្តាប់ចម្លើយអ្នកទោសដែលជាប់ពន្ធនាគារ ដែលជាសាក្សី ដើម្បីឈានទៅចាប់មេក្លោង ដែលនៅពីក្រោយខ្នងបទល្មើស យកទៅផ្តន្ទាទោសតាមច្បាប់។

ទោះជាយ៉ាងណាក៏ដោយ សំណើរបស់អាជ្ញាធរស្រុកជាំក្សាន្ត នៃខេត្តព្រះវិហារនេះ នៅមិនទាន់ដឹងថា មានលទ្ធផលយ៉ាងណានៅឡើយទេ ប៉ុន្តែកិច្ចពិភាក្សានោះ បានបិទបញ្ចប់ហើយកាលពីថ្ងៃម្សិលមិញនេះ៕ ៖ សួន ក្រែង

website_news/2017180901.txt · Last modified: 2017/09/18 12:13 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki