website_news:2017181002

រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា៖ សិង្ហបុរីនឹងបន្តបើកទូលាយដើម្បីទទួលយកពលករកម្ពុជាទៅធ្វើការ

http://www.everyday-news.html ថ្ងៃ អង្គារ ទី ១៧ ខែ តុលា ឆ្នាំ ២០១៧ ម៉ោង ១៨:៥៧

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងរដ្ឋមន្ត្រីការបរទេសសិង្ហបុរី បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងក្រសួងការបរទេស នៃប្រទេសទាំង២ ស្តីពីការពិគ្រោះយោបល់ផ្នែកនយោបាយ។ ការចុះកិច្ចព្រមព្រៀងនេះ បានធ្វើឡើងក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់លោក វីវៀន បាឡាគ្រីស្សស្នាន (Vivivan Balakrishnan) រដ្ឋមន្ត្រីការបរទេសសិង្ហបុរី មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា កាលពីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងការបរទេសរដ្ឋមន្ត្រីការបរទេសសិង្ហបុរី មកបំពេញតស្សនកិច្ចនៅកម្ពុជា រយៈពេល២ថ្ងៃ គឺចាប់ពិថ្ងៃទី១៧-១៨ ខែតុលា ឆ្នាំ២០១៧ តបតាមការអញ្ជើញរបស់លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

លោកជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា នៅក្នុងកិច្ចប្រជុំទ្វេភាគីរវាងរដ្ឋមន្ត្រី នៃប្រទេសទាំងពីរ គឺបានរម្លឹកឡើងវិញអំពីទំនាក់ទំនងមិត្តភាពដយូរលង់ដែលត្រូវបានកសាងឡើងដោយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ប្រទេសទាំងពីរ ជាពិសេសត្រូវបានកសាងឡើងដោយព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ និងអតតីនាយករដ្ឋមន្ត្រី លី ក្វាន់យូ ហើយទំនាក់ទំនងនេះ បានបង្កមូលដ្ឋានសម្រាប់ការពង្រឹង និងពង្រីកនៅទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីររហូតមកដ់បច្ចុប្បន្ននេះ។ ហើយក៏បានវាយតម្លៃខ្ពស់ចំពោះការផ្លាស់ប្តូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ប្រទេសទាំងពីរក្នុងរយៈកាលកន្លងមកនេះ។

លោកបានបន្តថា នៅក្នុងកិច្ចប្រជុំ ភាគីទាំងពីរក៏បានពិភាក្សាផ្លលាស់ប្តូរយោបល់គ្នា និងបានឯកភាពគ្នា ធ្វើការពង្រឹងបន្ថែមទៀតលើកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យមួយចំនួនដូចជា ពាណិជ្ជកម្ម និងការវិនិយោគ អប់រំ ការអភិវឌ្ឍន៍ធនធានមនុស្ស វិស័យទេសចរណ៍ វប្បធម៌ និងវិស័យការងារ កិច្ចសហប្រតិបត្តិការលលការតភ្ជាប់ផ្លូវអាកាសរវាងប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល។ ហើយក៏បានពិភាក្សាផ្លាស់ប្តូរទស្សនគ្នានៅលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលជាផលប្រយោជន៍រួមរបស់ភាគីទាំងពីរ។ អ្នកនាំពាក្យបានបន្តទៀតថា រដ្ឋមន្ត្រីការបរទេស នៃប្រទេសទាំងពីរ បានសម្តែងនៅការរីករាយពេញចិត្តចំពោះការកើនឡើងគួរឲ្យកត់សម្គាល់នៅបរិមាណផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានស្នើសុំឲ្យរដ្ឋមន្ត្រីការបរទេសសិង្ហបុរីជួយជម្រុញក្នុងការនាំចូលនៅផលិតផលកសិកម្មរបស់កម្ពុជាមួយចំនួន ជាពិសេសអង្ករ ម្រេច និងផ្លែស្វាយ។ នៅក្នុងផ្នែកសហប្រតិបត្តិការលើសេដ្ឋកិច្ចនេះ លោកទេសរដ្ឋមន្ត្រី ក៏បានសម្តែងនៅការរីករាយពេញចិត្តចំពោះការចុះហត្ថលេខាកន្លងមកលើកិច្ចព្រមព្រៀងក្នុងវិស័យប្រេង សម្រាប់ការអភិវឌ្ឍន៍ប្រេងក្នុងដែនសមុទ្រប្លុក A របស់កម្ពុជា ដែលបានចុះហត្ថលេខារវាងកម្ពុជាជាមួយក្រុមហ៊ុនសឹង្ហបុរី។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានស្នើសុំឲ្យប្រទេសសិង្ហបុរី ពិនិត្យអំពីលទ្ធភាពក្នុងការបង្កើនថែមទៀតនៅវិនិយោគទុនរបស់សិង្ហបុរី នៅក្នុងវិស័យដែលមានសក្តានុពលរបស់កម្ពុជា។ នៅក្នុងការពិភាក្សា គឺរដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសទាំងពីរ បានធ្វើការកត់សម្គាល់ដោយពេញចិត្តនៅកំណើនក្នុងការផ្លាស់ប្តូរផ្នែកទេសចរណ៍រវាងប្រទេសទាំងពីរដែលបានកើតឡើងជារៀងរាល់ឆ្នាំ។ ហើយភាគីទាំងពីរក៏បានសម្តែងការពេញចិត្តចំពោះវិស័យសុខាភិបាល ពិសេសគឺការពិនិត្យសុខភាពរបស់ប្រជាជនកម្ពុជានៅសិង្ហបុរី។ លើផ្នែកសហប្រតិបត្តិការវប្បធម៌ លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានលើកជាយោបល់ចង់ឲ្យប្រទេសទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់ការជួញដូរខុសច្បាប់នៅសម្បត្តិវប្បធម៌។ ហើយរដ្ឋមន្ត្រីក្រសួងការបរទេសសិង្ហបុរី បានសម្តែងការស្វាគមន៍ និងបានសន្យាថា ប្រទេសសិង្ហបុរីបានត្រៀមខ្លួនជាស្រេច ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយកម្ពុជានៅលើបញ្ហានេះ។

រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងសិង្ហបុរី ក៏បានពិភាក្សាគ្នាផងដែរ អំពីកិច្ចសហប្រតិបត្តិការអាកាសចរណ៍ស៊ីវិល ពិសេសលើការបណ្តុះបណ្តាលមន្ត្រីរបស់អាកាសចរណ៍ស៊ីវិលកម្ពុជានៅសិង្ហបុរី។ នៅក្នុងការពិភាក្សាលើផ្នែកកិច្ចសហប្រតិបត្តិការលើវិស័យការងារ លោកទេសរដ្ឋមន្ត្រី ក៏បានសម្តែងនៅអំណរគុណចំពោះរដ្ឋភិបាលសិង្ហបុរី ដែលបានទទួលយកពលករកម្ពុជា និងបានសម្តែងក្តីសង្ឃឹមថា ប្រទេសសិង្ហបុរី នឹងបន្តបើកទូលាយដើម្បីទទួលយកពលករកម្ពុជាក្នុងពេលខាងមុខទៀត។ ចំណែករដ្ឋមន្ត្រីក្រសួងការបរទេសសិង្ហបុរី ក៏បានធានាអះអាងថា សិង្ហបុរីនឹងមានការប្រព្រឹត្តដល់ល្អចំពោះពលករកម្ពុជា។

សូមជម្រាបថា នៅក្នុងអំឡុងពេលទស្សនកិច្ចនេះ លោក វីវៀន បាឡាគ្រីស្សស្នាន នឹងចូលក្រាបបង្គំគាល់ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅប្រាសាទទេវាវិនិច្ឆ័យ នៃព្រះបរមរាជវាំង។ លោក វីវៀន បាឡាគ្រីស្សស្នាន នឹងចូលជួបសំដែងការគួរសមជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ជួបចរចាផ្លូវការជាមួយលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ព្រមទាំងបន្តដោយពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេសនៃសាធារណរដ្ឋសិង្ហបុរី ស្តីពីការពិគ្រោះយោបល់ផ្នែកនយោបាយ ។

ចាប់តាំងពីការភ្ជាប់ទំនាក់ទំនងការទូតនៅឆ្នាំ១៩៦៥ ប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការល្អប្រសើរ ដូចដែលបានឃើញតាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចកំរិតខ្ពស់ និងកំណើនពាណិជ្ជកម្មទៅវិញទៅមក ប្រចាំឆ្នាំ គួរឲ្យកត់សំគាល់។ ដំណើរទស្សនកិច្ចផ្លូវការរបស់លោក វីវៀន បាឡាគ្រីស្សស្នាន មកកាន់ព្រះរាជាណាចក្រកម្ពុជា នឹងបង្កើនការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរ ក្នុងការលើកកំពស់ទំនាក់ទំនងមិត្តភាពដ៏ល្អប្រសើរ និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ ទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី និងតំបន់៕

website_news/2017181002.txt · Last modified: 2017/10/18 14:09 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki