website_news:2017181005

ពេលអញ្ជើញជួបសំណេះសំណាលជាមួយកម្មករក្នុងស្រុកជាង១ម៉ឺននាក់ សម្តេចតេជោ មិនភ្លេចកម្មករ-ពលករនៅក្រៅប្រទេសទេ

http://www.rasmeinews.com/ October 18, 2017

(ភ្នំពេញ)៖«ក្នុងពេលដែលពូកំពុងជួបសួរសុខទុក្ខក្មួយៗកម្មករនៅក្នុងប្រទេស ក៏ពូបាននឹងកំពុងគិតដល់ក្មួយៗដែលកំពុងធ្វើការនៅក្រៅប្រទេសដែរដូចជានៅ ប្រទេសថៃ កូរ៉េខាងត្បូង ជប៉ុន ម៉ាឡេស៊ី…ជាដើម។ពូខិតខំសម្របសម្រួលជាមួយប្រទេសដែលក្មួយៗកំពុងធ្វើការដើម្បីអោយកូនក្មួយៗទទួលបាននូវអត្ថប្រយោជន៍ជាច្រើនថែមទៀត»។នេះជាជាសារដែលសម្តេចតេជោ ហ៊ុន សែន សរសេរបង្ហោះផ្ញើជូនក្មួយៗកម្មករ ពលករដែលកំពុងធ្វើការនៅក្រៅប្រទេសនៅព្រឹកនេះ។ សម្តេចប្រមុខរាជរដ្ឋាភិបាលបានបន្តថា «ក្មួយៗមិនត្រូវគិតថាមកធ្វើកញ្ជះគេទេ ឬចំណាកស្រុកខុសគេខុសឯងនោះទេ។ប្រទេសណាក៏មានពលរដ្ឋចេញទៅធ្វើការនៅបរទេសដែរ សូម្បីតែនៅប្រទេសថៃ ហ្វីលីពីន ម៉ាឡេស៊ី វៀតណាម ឡាវ សិង្ហបូរី ឥណ្ឌា ហុងកុង …ជាដើម។ នេះគឺបានបង្ហាញពីសមត្ថភាព និងមានឱកាសដែលក្មួយបានមកធ្វើការនៅបរទេស។ សំខាន់បំផុតនោះ គឺក្មួយៗមានការងារធ្វើល្អ និងមានប្រាក់ខែល្អ ទោះបីនៅក្នុងឬក្រៅប្រទេសក្តី ដែលជាមោទនៈភាពរបស់ក្រុមគ្រួសារ»។ ការផ្ញើសារដ៏រំជួលចិត្តនោះធ្វើឡើងចំពេលសម្តេចតេជោនៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧នេះបានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនកម្មករកម្មការិនីជាង១៥.២១១ នាក់ នៅរោងចក្រតំបន់កំបូល តាមបណ្តោយផ្លូវជាតិលេខ៤ ដែលមកពីរោងចក្រចំនួន១០ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ នេះជាលើកទី១៣ ហើយដែល សម្តេចតេជោ បានអញ្ជើញចុះជួបសួរសុខទុក្ខបងប្អូនកូនក្មួយកម្មករបូករួមទាំងការជួបសំណេះសំណាលនៅរៀងរាល់ថ្ងៃអាទិត្យនៅកោះពេជ្រ ហើយ សម្តេចតេជោ នឹងអញ្ជើញទៅជួបកម្មករកូនក្មួយជាបន្តបន្ទាប់ទៀត។

ហ្វេសប៊ុកសម្តេចបានបញ្ជាក់ថា៖ដោយសារស្ថេរភាពនយោបាយ និងសន្តិសុខសង្គមព្រមទាំងការអនុគ្រោះពន្ធដល់វិនិយោគទុនគឺកម្ពុជាបានទាក់ទាញអ្នកវិនិយោគគិនយ៉ាងច្រើន ដែលបានផ្តល់ការងារនឹងប្រាក់ចំណូលសមរម្យដល់កម្មករ។ទាំងអស់នេះគឺបានមកពីសន្តិភាព ដែលមានតែគណបក្សប្រជាជនតែមួយគត់ដែលបានខិតខំធ្វើតាំងពីមុនរហូតមកទល់ពេលនេះគឺគ្មានបក្សប្រឆាំងណាចូលរួមនោះទេ។ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ចាក់ផងដែរថា សម្តេចនឹងបន្តដឹកនាំប្រទេសជាតិមិនតិចជាង១០ឆ្នាំ ដើម្បីការពារសន្តិភាព ការពារពាររោងចក្រ ការពារផលប្រយោជន៍បងប្អូនកម្មករកម្មការនី និងសូមអោយបងប្អូនប្រជាពលរដ្ឋគាំទ្រនិងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាជាបន្តទៀត។ សម្តេចតេជោ ក៏បានប្រកាសសាជាថ្មីផងដែរថា នៅឆ្នាំ២០១៨ ប្រាក់ខែកម្មករកម្មការរនីជាអប្បរមាគឺ ១៧០ ដុល្លារ ក្នុងមួយខែ(គឺរាជរដ្ឋាភិបាលបានបន្ថែម ៥ដុល្លារ ដែលសាច់ប្រាក់នេះបានមកពីពន្ធកាត់ទុក និងពន្ឋនាំចេញ ដែលររាជរដ្ឋាភិបាលត្រូវចំណាយជាង ៤០ លានដុល្លារ)។ ដូច្នេះចាប់ពីខែ មករា ឆ្នាំ ២០១៨ តទៅ ប្រាក់ខែអប្បរមារបូកបន្ថែមនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗគឺលើសពី២០០ដុល្លារ/១ខែ។ជាមួយគ្នានេះដែរ គឺបងប្អូនកម្មករកូនក្មួយនឹងទទួលបានការបញ្ចុះតំលៃទឹកភ្លើងនិងថ្លៃឈ្នួលផ្ទះដែលនឹងជួយដោះស្រាយជីវភាពរស់នៅអោយកាន់តែប្រសើរឡើង។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានផ្តល់នូវអនុសាសន៍សំខាន់ៗ៥ចំណុចដល់និយោជកនិងនិយោជិតដើម្បីធ្វើការរួមគ្នាធានាដល់ល័ក្ខខ័ណ្ឌការងារនិងប្រាក់ចំណូលល្អ:

១)ត្រូវរួមគ្នាថែរក្សាសន្តិភាព ស្ថេរភាព និងសុវត្ថិភាពសណ្តាប់ធ្នាប់សង្គមអោយបានល្អ។

២)រួមគ្នារក្សាការងារ និងបង្កើតការងារថ្មីៗច្រើនថែមទៀត ដោយធ្វើការពង្រីកនិងបង្កើនទីផ្សារបន្ថែម។

៣)រួមគ្នាបង្កើនប្រាក់ចំណូលដោយការបណ្តុះបណ្តាលចំណេះដឹងបន្ថែមដល់កម្មករ។ រាជរដ្ឋាភិបាល នឹងបន្តតម្លើងប្រាក់ខែកម្មករជារៀងរាល់ឆ្នាំ កើនទាំងប្រាក់បៀវត្សន៍អប្បរិមា និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ។ ចំពោះតម្លៃទឹក ភ្លើងវិញ គឺចាប់តាំងពីថ្ងៃទី១ កញ្ញា ឆ្នាំ២០១៧ នេះតទៅគឺថ្លៃភ្លើងបញ្ចុះមកនៅត្រឹម៤៥០៛ ក្នុង១គីឡូវ៉ាត់ម៉ោង (សម្រាប់ការប្រើក្រោម៥០គីឡូវ៉ាត់ម៉ោងក្នុង១ខែ)។ ចំពោះថ្លៃទឹកគឺថ្លៃតែ ៧០០៛ ប៉ុណ្ណោះក្នុងមួយម៉ែត្រគូប ។ សម្តេចតេជោ បានអំពាវនាវដល់ម្ចាស់ផ្ទះកុំតម្លើងថ្លៃឈ្នួលផ្ទះរយៈពេល១ឆ្នាំ (២០១៨) ដើម្បីជួយកម្មករយើងអោយមានលទ្ធភាពរកប្រាក់ចំណូលបន្ថែមក្នុងការសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃអោយកាន់តែប្រសើរឡើង។

៤)ផ្តល់របបគាំពារសន្តិសុខសង្គមដល់កម្មករចាប់ពីខែ មករា ឆ្នាំ២០១៨ នេះទៅ គឺនិយោជក (ម្ចាស់ក្រុមហ៊ុន) នឹងបង់ថ្លៃរបបសន្តិសុខសង្គម ១០០% ដល់កម្មករកម្មការនី។ ពេលនោះបងប្អូនអាច នៅសល់ប្រាក់ប្រមាណពី (៨,០០០៛-១២,០០០៛ក្នុង១ខែ)។ ជាមួយគ្នានេះដែរ កម្មការនីយើងទាំងអស់ (រួមទាំងកម្មករសំណង់ សណ្ឋាគារ ដឹកជញ្ជូនបើកបរ និងកសិកម្មជាដើម…) គឺទទួលបានការពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋដោយមិនគិតថ្លៃតាមរយៈមូលនិធិសមធម៌។ សម្តេចតេជោ បានណែនាំអោយម្ចាស់ក្រុមហ៊ុនរោងចក្ររៀបចំបង្កើត Clinic បន្ថែមនៅតាមរោងចក្ររបស់ខ្លួនដើម្បីជួយដល់កម្មករ។ គ្រប់ស្ត្រីកម្មករិនីមានផ្ទៃពោះទាំងអស់ត្រូវបានអនុញ្ញាតិអោយចេញមុនម៉ោង ១៥នាទី។ ចំពោះស្ត្រីមានផ្ទៃពោះសំរាលកូន គឺនឹងទទួលបានពេលវេលាឈប់សម្រាក ពីការងាររយៈពេល៣ខែហើយ ហើយនៅទទួលបានប្រាក់ខែ ១២០% (៥០% ដោយក្រុមហ៊ុន និង ៧០% ដោយបេឡាជាតិ)។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសជូនដំណឹងដល់បងប្អូនកម្មការនីអំពីអត្ថប្រយោជន៍មួយទៀតដែលនឹងទទួលបានពីបេឡាសង្គមគឺ:- ចំពោះស្ត្រីសម្រាលកូនទោះក្នុងប្រព័ន្ឋ ឬក្រៅប្រព័ន្ឋដែលសម្រាលបានកូន(១)គឺទទួលថវិកា៤០ម៉ឺនរៀល និងពិនិត្យផ្ទៃពោះដោយឥតគិតថ្លៃ។ បើ សម្រាលបានកូនភ្លោះ (២) គឺទទួលបានថវិកា៨០ម៉ឺនរៀល។ បើសម្រាលបានកូន(៣) គឺទទួលបាន ថវិកា១លាន២សែនរៀល ហើយបូកប្រាក់ឧបត្ថម្ភមួយចំនួនទៀតពី សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត។ ថវិកានេះនឹងផ្តល់ជូនដោយបេឡាសន្តិសុខសង្គមរបស់រាជរដ្ឋាភិបាលដែលនឹងត្រៀមថវិកាប្រមាណជាង១០លានដុល្លារ ក្នុង១ឆ្នាំៗ (ទោះបីកូននោះកើតរស់ឬ ស្លាប់គឺនៅទទួលបានថវិកាគាំពារដូចគ្នា)។

កម្មករកម្មការនីទូទាំង ប្រទេស នឹងទទួលបានសេវាជិះឡានក្រុងសាធារណៈ FREE រយៈពេល២ឆ្នាំ (ពីខែសីហា ២០១៧-សីហា ២០១៩)។ ចំពោះកីឡាករ កីឡាការិនីទាំងអស់ក៏ទទួលបានការជិះរថយន្តក្រុងសាធារណៈដោយមិនគិតថ្លៃផងដែរសម្រាប់រយៈពេល២ឆ្នាំ ហើយទទួលបានបានពិនិត្យថែទាំសុខភាពដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋ។ ចំពោះកីឡាការនីដែលសម្រាលកូនក៏ទទួលបានអត្ថប្រយោជន៍ដូចកម្មការិនីផងដែរ ចាប់ពីខែមករា ឆ្នាំ ២០១៨ នេះទៅ ។ នៅឆ្នាំ ២០១៩ ខាងមុខនេះ កម្មករទាំងអស់នឹងមានប្រាក់សោធននិវត្តន៍ (ប្រាក់រឺត្រែត) ដែលនឹងទទួលបានចំនួន ៨០% នៃប្រាក់ខែដែលខ្លួនធ្លាប់បានទទួលពេលនៅធ្វើការចុងក្រោយ។

ចំពោះស្ត្រីជាមន្ត្រីរាជការស៊ីវិល នគរបាល កងទ័ព គឺចាប់ពីខែ មករា ឆ្នាំ ២០១៨ នេះទៅ បើសម្រាលបានកូន ១ ត្រូវទទួលបាន ៨០០,០០០៛ បើបានកូនភ្លោះ២គឺទទួលបាន ១,៦០០,០០០៛ បើបានកូនភ្លោះ៣ គឺទទួលបាន ២,៤០០,០០០៛ ។ ចំពោះគ្រូបង្រៀន និងគ្រូពេទ្យជាស្ត្រី ក៏ទទួលបានប្រាក់ឧបត្ថម្ភដូចខាងលើនេះផងដែរ។

ទី៥) រាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់ផ្តល់កិច្ចគាំពារចំពោះកម្មករកម្មការិនីដែលកំពុងធ្វើការនៅក្រៅប្រទេស ដោយធ្វើការសម្របសម្រួលជាមួយប្រទេសដៃគូដើម្បីផ្តល់នូវល័ក្ខខ័ណ្ឌការងារល្អៗ ដែលមានប្រាក់ខែល្អសមរម្យដល់កម្មករ ព្រមទាំងជួយសម្រួលនូវបែបបទលិខិតបទដ្ឋានផ្លូច្បាប់នានាដែលពាក់ព័ន្ឋ នឹងការងាររបស់បងប្អូនកូនក្មួយកម្មករ។ ទន្ទឹមនឹងនេះដែរ រាជរដ្ឋាភិបាលនឹងបន្តជជែកជាមួយប្រទេស ផ្សេងៗដូចជាកូរ៉េខាងត្បូង ម៉ាឡេស៊ី និងប្រទេសថៃដើម្បីផ្តល់នូវល័ក្ខខ័ណ្ឌការងារ និងប្រាក់ខែល្អៗសម្រាប់បងប្អូនកូនក្មួយកម្មករខ្មែរ៕ដោយ៖FBសម្តេច/sn

website_news/2017181005.txt · Last modified: 2017/10/18 14:57 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki