website_news:2017181203

ពលករខ្មែរនៅបរទេសជាង១លាននាក់ ផ្ញើលុយឲ្យគ្រួសារប្រមាណ ៣.៨០០លានដុល្លារ ក្នុងមួយឆ្នាំៗ

http://mekong-post.com/ ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ ថ្ងៃទី 16 December, 2017

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ ឯកឧត្តម អ៊ិត សំហេង បានអះអាងថា ក្នុងមួយឆ្នាំៗពលករខ្មែរដែលកំពុងបម្រើការងារនៅក្រៅប្រទេសចំនួន១លាន២សែននាក់ ពួកគេ បាន ផ្ញើរប្រាក់ដែលធ្វើការបាន មកឲ្យក្រុមគ្រួសារនៅក្នុងប្រទេសកម្ពុជាវិញប្រមាណជា ៣.៨០០ លានដុល្លារ អាមេរិក។ ក្នុងឱកាសអញ្ជើញចូលរួមខួប១០ឆ្នាំ របស់សមាគមជ្រើសរើសពលករកម្ពុជា អាក្រា កាលពី ល្ងាចថ្ងៃទី១៥ខែធ្នូ ឆ្នាំ២០១៧ នៅភោជនីយដ្ឋាន តាវ៉ាន់ដេង ក្នុងរាជធានីភ្នំពេញ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានមានប្រសាសន៍ថា សរុបពលករខ្មែរដែលកំពុងធ្វើការនៅក្រៅប្រទេស រហូតមក ដល់ពេលនេះ មានចំនួន ១លាន២សែននាក់ ក្នុងចំនួនពលករទាំងអស់នេះ បានផ្ដល់នូវអំណោយ ផលច្រើនមកដល់សង្គមជាតិ ទោះបីទៅដោយស្របច្បាប់ ឬមិនស្របច្បាប់ តែអាចពួកគេរកការ ងារបានធ្វើនៅឯក្រៅប្រទេស និងបានផ្ញើរប្រាក់មកក្រុមគ្រួសារជារៀងរាល់ឆ្នាំ។

ឯកឧត្តមបណ្ឌិតបានលើកឡើងថា “ពេលខ្ញុំផ្ទាល់បានទៅជួបសំណេះសំណាល ជាមួយ បង ប្អូននៅតាមរោងចក្រមួយចំនួន ខ្ញុំបានសួរមើលទៅថាក្នុងចំណោមទាំងអស់គ្នា អ្នកណាខ្លះផ្ញើប្រាក់ មកផ្ទះវិញមួយខែ២០០ដុល្លារ ឲ្យលើកដៃមើលទៅសឹងតែមួយរយភាគរយ ដោយយ៉ាងតិចណាស់ ក៏១៥០ដុល្លារដែរ”។ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបន្ថែមថា បើសរុបពលករខ្មែរកំពុងធ្វើការនៅថៃ១លាននាក់ ដោយ ក្នុង ម្នាក់ផ្ញើមក១៥០ដុល្លារ ក្នុងមួយខែៗ បូកសរុបទាំងអស់ក្នុងមួយឆ្នាំៗ មានចំនួន១៨០០ លាន ដុល្លារ ហើយសម្រាប់ពលករដែលបម្រើការងារនៅកូរ៉េ ជប៉ុន ម៉ាឡេ យ៉ាងតិចណាស់ក៏២ពាន់លាន ដុល្លារទៀតដែរ ។ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានលើកឡើងទៀតថា សម្រាប់ពលករដែលបានទៅ ធ្វើការ នៅក្រៅប្រទេស ទីភ្នាក់ជ្រើសរើសពលករទាំងអស់ គឺមានភារកិច្ចមួយត្រូវប្រើ សម្តីឲ្យឯកភាពគ្នា បានន័យថា ត្រូវតែគោរពនូវពលករដែលធ្វើការនៅក្រៅប្រទេស ដោយពួកគាត់មិនមែនទៅ ធ្វើជា ខ្ញុំគេ ទៅធ្វើ ជាកញ្ជះគេដាច់ថ្លៃ ដូចពួកប្រឆាំងនិយាយនោះទេ ដោយគ្រប់សមាគមភ្នាក់ទាំងអស់ ត្រូវចេះលើកទឹកចិត្តដល់ពលករ ទៅបម្រើការងារដោយសមត្ថភាពនិងមានជំនាញច្បាស់លាស់។

សូមបញ្ជាក់ថា បច្ចុប្បន្នមានក្រុមហ៊ុនចំនួន៨៥ បាននាំពលករខ្មែរទៅធ្វើនៅប្រទេសរួមមាន៖ ប្រទេសថៃ ជប៉ុន ម៉ាឡេស៊ី ហុងកុង សិង្ហបុរីនិងប្រទេសតំបន់អារ៉ាប់មួយចំនួនទៀត។ ដោយឡែកពលករទៅបម្រើការងារនៅប្រទេសកូរ៉េខាងត្បូង មិនមែនទៅតាមរយៈក្រុមហ៊ុននោះទេ គឺកើតឡើងដោយមានកិច្ចព្រមព្រៀងរវាងក្រសួងការងារកម្ពុជានិងកូរ៉េ។

លោកស្រី អ៊ឹង សៀឫទ្ធី ប្រធានសមាគមជ្រើសរើសពលករកម្ពុជា អាក្រា បានលើកឡើងថា ក្នុងចំណោមក្រុមហ៊ុនទាំង៨៥ ដែលនាំពលករទៅក្រៅប្រទេសនេះ គឺមានចំនួន៤៧ក្រុមហ៊ុន ជា សមាជិករបស់សមាគមអាក្រា៕

website_news/2017181203.txt · Last modified: 2017/12/18 12:35 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki