website_news:2017181205

កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តគោលការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០១៧

http://cambodiapolice.com/ 10:19 am 18 ធ្នូ 2017 បោះពុម្ភ អ៊ីម៉ែល

កណ្តាលៈ នៅថ្ងៃច័ន្ទ១កើត ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ នេះនៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តគោលការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០១៧ ក្រោមអធិបតីភាពលោកជំទាវ ឧត្តមសេនីយ៍ឯក យក់ សុខា អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ប៉ុល ពិធេយ្យ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស ,លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ត ។

កិច្ចប្រជុំនេះដែរ មានការចូលរួមពី លោកស្រីស្នងការរង ទទួលការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ,ក្រុមការងារមកពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ,ខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង , ក្រុមការងារមកពីនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ,នាយ-នាយរងការិយាល័យជំនាញពាក់ព័ន្ធ ចំណុះស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងអធិការ-អធិការរងនគរបាលស្រុកស្អាង ,អង្គស្នួល ,កណ្តាលស្ទឹង ,ខ្សាច់កណ្តាល ,កៀនស្វាយ ,កោះធំ និងក្រុងតាខ្មៅ ។

សុ្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានឡើងអានរបាយការណ៍ស្វាគមន៍ក្នុងកិច្ចប្រជុំនេះយ៉ាងដូច្នេះថា ដោយមានការចង្អុលដឹកនាំក្នុងអាណាព្យាបាលភាពរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ព្រមទាំងការផ្តល់នូវកិច្ចសហប្រតិបត្តិការ ពីបណ្តានាយកដ្ឋានជំនាញចំណុះក្រសួងមហាផ្ទៃ និងអាស្រ័យដោយមានការយកចិត្តទុកដាក់ ដឹកនាំសម្របសម្រួលនីតិវិធីរបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងនោះ បានធ្វើឲ្យឥរិយាបទភាពជាអ្នកបំរើសេវាសាធារណៈ ក៏ដូចជាការអនុវត្តគោលនយោបាយភូមិ/ឃុំមានសុវត្ថិភាព ទទួលបាននូវផលវិជ្ជមាន នៃវិជ្ជាជីវៈនគរបាលក្នុងឆ្នាំ២០១៧ ។ លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានបន្តថា ក្នុងឆ្នាំ២០១៧នេះបទល្មើសព្រហ្មទណ្ឌបានកើតឡើងចំនួន ៣៥៨លើ២៩៦ករណី (កើន៦២ករណី) ។ ក្នុងនោះបទឧក្រិដ្ឋមានចំនួន៤៧លើ៤៩ករណី រួមមាន៖ លួចមានស្ថានទម្ងន់១៣ករណី ,ឃាតកម្ម១០ករណី ,រំលោភសម្លាប់១ករណី ,រំលោភសេពសន្ថវៈ២៣ករណី ។ ដោយឡែកបទមជ្ឈឹមបានកើតមានឡើងចំនួន៣១១ករណី បណ្តាលឲ្យស្លាប់មនុស្សចំនួន១៧នាក់ និងរបួស១៥៣នាក់ ។

ដោយមានការយកចិត្តទុកដាក់ និងលើកទឹកចិត្តពីសំណាក់ថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិ ក៏ដូចជាឯកឧត្តមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត មន្ត្រីប្រតិបត្តិ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានយកអស់កម្លាំងកាយចិត្ត អនុវត្តតាមសមត្ថកិច្ចជំនាញ ជាលទ្ធផលបង្រ្កាបបានរួមមាន៣២៦ករណី ចាប់ខ្លួនជនសង្ស័យ៤០៥នាក់ ចាប់យកវត្ថុតាងរួមមាន៖ អាវុធខ្លី០១ដើម ,ម៉ូតូ២៦គ្រឿង ,ទូរស័ព្ទ០១គ្រឿង ,ដាវ០២ដើម និងកាំបិតប៉័ងតោចំនួន០១ដើមផងដែរ ។ ចំពោះបទល្មើសគ្រឿងញៀនវិញ សមត្ថកិច្ចនគរបាលខេត្តកណ្តាល បង្រ្កាបបានចំនួណ៤៩៤ករណី ឃាត់ខ្លួនជនសង្ស័យ៨៣៤នាក់ ចាប់យកវត្ថុតាងថ្នាំញៀនមេតំហ្វេតាមីន០៣ដុំធំ ,០១ដុំមធ្យម ,២.០១២កញ្ចប់តូច ,ថ្នាំញៀនប្រភេទWYចំនួន១៤គ្រាប់ ,MDMA០៩គ្រាប់ និងមធ្យោបាយពាក់ព័ន្ធក្នុងបទល្មើសជាច្រើនទៀត ។ ដោយឡែកបទល្មើសគ្រោះថ្នាក់ចរាចរណ៍ បានកើតមានឡើងចំនួន២៤៣លើក បណ្តាលឲ្យមានមនុស្សស្លាប់ចំនួន១៥៤នាក់ និងរបួសចំនួន៣៥៨នាក់ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ទាំងអស់នេះកើតមានឡើងដោយសារ ការបើកបរមិនយោគយល់គ្នា ,ផ្ទុកលើសចំណុះ/ទម្ងន់ ,យានយន្តមិនត្រឹមត្រូវតាមនិយាមបច្ចេកទេស និងការបើកបរក្នុងស្ថានភាពស្រវឹង….។ល។

ក្រោយពីស្តាប់របាយការណ៍ស្វាគមន៍របស់ លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន រួចមក លោកជំទាវ ឧត្តមសេនីយ៍ឯក យក់ សុខា អគ្គស្នងការរងនគរបាលជាតិ បានធ្វើការកោតសរសើរដល់ការដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន និងការខិតខំប្រឹងប្រែងរបស់មន្ត្រីអនុវត្តច្បាប់ ធ្វើឲ្យការអនុវត្តគោលនយោបាយភូមិ/ឃុំមានសុវត្ថិភាព ទទួលបាននូវផលវិជ្ជមាន នៃវិជ្ជាជីវៈនគរបាលក្នុងឆ្នាំ២០១៧នេះ ។ លោកជំទាវ ឧត្តមសេនីយ៍ឯក យក់ សុខា ក៏បានធ្វើការណែនាំ និងផ្តាំផ្ញើដល់មន្ត្រីជំនាញត្រូវខិតខំប្រឹងប្រែង អនុវត្តគោលការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឲ្យទទួលបានលទ្ធផលកាន់តែប្រសើឡើងថែមទៀត ៕ ជឺ គឹមហុង

website_news/2017181205.txt · Last modified: 2017/12/18 13:15 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki