website_news:2017190401

ចាប់ខ្លួនជនបរទេសម្នាក់បន្ទាប់ពីល្បួងក្មេងប្រុសជាច្រើននាក់ឱ្យឈរថតស្រាត

https://kohsantepheapdaily.com.kh ៖ ច័ន្ទ រស្មី ថ្ងៃអង្គារ ទី១៨ ខែមេសា ឆ្នាំ២០១៧ ម៉ោង ២០:១០

ខេត្តសៀមរាប ៖ កម្លាំងការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្ត សហការជាមួយកម្លាំងនគរបាលមូលដ្ឋាន បានតាមប្រមាញ់ចាប់ខ្លួនបុរសបរទេសម្នាក់ បន្ទាប់ពីទទួលបានព័ត៌មានថា ជនសង្ស័យបានល្បួងក្មេងប្រុសជាច្រើននាក់ឱ្យឈរថតស្រាត។ ហេតុការណ៍ តាមចាប់ខ្លួនជនសង្ស័យ(ជនបរទេស)ធ្វើឡើងចាប់ពីម៉ោងជាង៩ព្រឹក ក្នុងភូមិអារញ្ញសាគរ សង្កាត់សៀមរាប រហូតដល់ម៉ោងជាង១២ថ្ងៃត្រង់ថ្ងៃទី១៨ ខែមេសា ទើបចាប់ខ្លួនបាននៅក្នុងសណ្ឋាគារញូវរីវើសាយ ក្នុងភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប។

លោកស្រីវរសេនីយ៍ទោ ដួង ថាវរី នាយការិយាល័យនគរបាល ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្ត បានប្រាប់តាមទូរស័ព្ទនៅវេលាម៉ោង៥ និង៤២នាទី ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧នេះថា ជនសង្ស័យដែលចាប់ខ្លួនមានឈ្មោះ Saraot Evrard Nicoias ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិហូឡង់ ជាភ្ញៀវទេសចរណ៍។ ជននេះបានចូលមកកាន់ខេត្តសៀមរាប ហើយបានស្នាក់នៅ ជាមួយអ្នកភូមិ នៅឯស្រុកអង្គរក្រៅ ខេត្តសៀមរាប មកនៅក្នុងខេត្តសៀមរាប រួចចូលមកស្នាក់នៅក្នុងសណ្ឋាគារ ញូវរីវើសាយ ក្នុងបន្ទប់លេខ២០២ ស្ថិតនៅភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប។ លោកស្រីបន្ថែមថា មុនថ្ងៃកើតហេតុប៉ុន្មានថ្ងៃ ជនខាងលើបានទៅ ភូមិអារញ្ញសាគរ កន្លែងកើតហេតុ ហើយបានល្បួងក្មេងប្រុស ជាច្រើននាក់ ដែលមានអាយុចាប់ពី១៥ឆ្នាំ ចុះក្រោម ឲ្យឈរស្រាតហើយថតរូប ដែលពេលខ្លះថតរួមគ្នា និងពេលខ្លះថតរូបម្នាក់ម្តង។ ខណៈដែលជនសង្ស័យខាងលើ ធ្វើសកម្មភាពបែបនេះ អ្នកភូមិទីនោះបានឃើញ ក៏បានរាយការណ៍ មកកាន់សមត្ថកិច្ច ភ្លាមៗនោះតំណាងអយ្យការ អមសាលាដំបូងខេត្ត ក៏បានបញ្ជាខាងកម្លាំងរបស់លោកស្រីឲ្យតាមស្រាវជ្រាវ ដើម្បីចាប់ខ្លួនជនសង្ស័យខាងលើយកមកសាកសួរអំពីហេតុផលដែលជនខាងលើបានធ្វើសកម្មភាពទៅលើក្មេងប្រុសទាំងនោះ។ លោកស្រីបន្ថែមថា កាលពីកន្លងទៅ ធ្លាប់មានជនបរទេស ធ្វើសកម្មភាពបែបនេះទៅលើក្រុមក្មេងប្រុសអ៊ីចឹងទេ ម្តងនេះយើងមិនទាន់ដឹងថា ជនខាងលើធ្វើសកម្មភាព បែបនេះក្នុងគោលបំណងអ្វីនោះឡើយ ប៉ុន្តែយើងអាចដឹងហេតុផល បន្ទាប់ពីនាំខ្លួនជននេះយកមកសាកសួរ។ លោកស្រីនាយការិយាល័យបន្តថា មុនពេលសមត្ថកិច្ច ចុះដល់កន្លែងកើតហេតុ ជនសង្ស័យបានជិះកង់ធុនធំគេចខ្លួនមកស្នាក់នៅក្នុងសណ្ឋាគារ ញូវរីវើសាយ ក្នុងបន្ទប់លេខ២០២។

តែដោយមានការសហការល្អពីម្ចាស់សណ្ឋាគារ សមត្ថកិច្ចបានចូលទៅនាំខ្លួនជនខាងលើ ចេញមកខាងក្រៅសណ្ឋាគារ។ ក្នុងពេលចាប់ខ្លួនជនសង្ស័យ បានប្រាប់ថា លិខិតឆ្លងដែន របស់គេបានផ្ញើទុកជាមួយអ្នកភូមិឯស្រុកអង្គរក្រៅ។ ជាមួយនឹងការឆ្លើយបែបនេះ សមត្ថកិច្ចបានឆែករកឃើញមានម៉ាស៊ីនថតរូប និងឧបករណ៍ផ្សេងៗមួយចំនួន។ បច្ចុប្បន្ន ជនសង្ស័យ(បរទេស) ម្នាក់ត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្ត កំពុងសាងសួរ នៅកន្លែងការិយាល័យជំនាញ ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការខេត្ត ចាត់ការបន្តទៅតាមផ្លូវច្បាប់៕

website_news/2017190401.txt · Last modified: 2017/08/24 14:53 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki