website_news:2017190403

មេបញ្ជាការឈុតខ្មៅថៃសំណូមខាងកម្ពុជាថា…

https://kohsantepheapdaily.com.kh ៖ ម៉ុត សារុន ថ្ងៃអង្គារ ទី១៨ ខែមេសា ឆ្នាំ២០១៧ ម៉ោង ១៤:៣៩

ខេត្តបន្ទាយមានជ័យ ៖ គិតមកត្រឹមម៉ោង9ព្រឹក ថ្ងែទី18 ខែមេសា ឆ្នាំ2017 ពលករលួចឆ្លងដែនខុសច្បាប់ចំនួន64នាក់ ត្រូវបានទាហានឈុតខ្មៅថៃចាប់ ខណៈពួកគេកំពុងដើរឆ្លងអូរព្រំដែនចេញពីក្រុងប៉ោយប៉ែតទៅកាន់ដីថៃ។ ប្រភពពីខាងប្រទេសថៃថា ពលករ56នាក់ ក្នុងនោះស្រី21នាក់ គ្មានឯកសារអ្វីទាំងអស់ ដើរកាត់អូរព្រំដែនតាមរយៈមេខ្យល់ ដោយគេយកម្នាក់ៗ2.000បាតទៅ3.000បាត ហើយធានាជូនដល់គោលដៅតាមបណ្តាខេត្ត-ក្រុងប្រទេសថៃ តែមិនទាន់ដល់គោលដៅផង ក៏ត្រូវសមត្ថកិច្ចថៃចាប់។

ប្រភពដដែលថា ពលករ6នាក់ទៀត ក្នុងនោះ4នាក់កាន់កាតអន្តោប្រវេសន៍ក្លែងក្លាយ និង2នាក់កាន់លិខិតឆ្លងដែនដែលកន្លងមកឆ្លងព្រំដែនមិនបានបំពេញឯកសារចេញ-ចូល (មិនបានវាយបិទ ឬបើក) ។ ពលករទាំង64នាក់មិនត្រូវបានសមត្ថកិច្ចថៃមិនយកទោសអ្វីឡើយ ដោយអះអាងថា ក្រោយសួរនាំ និងបញ្ជូនត្រឡប់វិញ ប៉ុន្តែមេបញ្ជាការយោធាឈុតខ្មៅបានសំណូមពរសូមឲ្យអាជ្ញាធរ និងសមត្ថកិច្ចកម្ពុជា នៅក្រុងប៉ោយប៉ែត មេត្តាជួយផ្សព្វផ្សាយយ៉ាងណាដល់ពលករសុំកុំឲ្យឆ្លងដែនខុសច្បាប់ និងជួយទប់ស្កាត់ផង ព្រោះបញ្ហាចំណាកស្រុកខុសច្បាប់ខាងលោកចាប់បានរាល់ថ្ងៃមិនចេះអស់។ ដោយឡែកពលករស្របច្បាប់ក៏ចាប់ផ្តើមវិលពីស្រុកកំណើតទៅប្រទេសថៃ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតយ៉ាងច្រើនកុះករផងដែរ៕

website_news/2017190403.txt · Last modified: 2017/08/24 15:16 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki