website_news:2017190405

លោក អ៊ិត សំហេង ស្នើឲ្យភាគីកូរ៉េខាងត្បូង បង្កើនកូតាពលករកម្ពុជា នៅឆ្នាំ២០១៧

https://thmeythmey.com 18, Apr 2017 , 9:59 pm

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានស្នើឲ្យភាគីកូរ៉េខាងត្បូង បង្កើនចំនួនកូតាទទួលយកពលករខ្មែរ ទៅធ្វើការងារនៅទីនោះបន្ថែមទៀត ដើម្បីជួយសម្រួលឲ្យពួកគេអាចទទួលបានជំនាញ និងប្រាក់ខ្ពស់សម្រាប់ផ្គត់ផ្គង់គ្រួសារនៅកម្ពុជាវិញ។ ក្នុងជំនួបពិភាក្សាជាមួយប្រធានអង្គភាពអភិវឌ្ឍធនធានមនុស្សនៃសាធារណៈរដ្ឋកូរ៉េ នៅក្នុងប្រទេសកូរ៉េខាងត្បូងនោះ លោក អ៊ិត សំហេង បានលើកឡើងថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកូរ៉េកន្លងមក គឺបានផ្តល់ផលវិជ្ជមានជាច្រើនដល់ពលកម្មករកម្ពុជា ដែលបានមកធ្វើការនៅប្រទេសកូរ៉េនេះ។ លោកថា ក្រៅពីទទួលបានការងារល្អហើយ ពលករខ្មែរក៏ទទួលបានជំនាញបច្ចេកទេស និងប្រាក់បៀវត្សខ្ពស់ ដែលអាចទ្រទ្រង់ជីវភាពគ្រួសារពួកគេ និងជាការចូលរួមអភិវឌ្ឍប្រទេសកម្ពុជាផងដែរ។ បន្ថែមពីនេះរដ្ឋមន្ត្រីក្រសួងការងារកម្ពុជា ក៏បានស្នើដល់ភាគីកូរ៉េឲ្យបង្កើនចំនួនកូតា សម្រាប់ពលករកម្ពុជា ក្នុងឆ្នាំ២០១៧បន្ថែមទៀត ក្នុងវិស័យឧហ្សាហកម្មប្រទេសកូរ៉េ។ ជាពិសេសការជួយសម្រួលដល់ពួកគេក្នុងការធ្វើតេស្តប្រឡងទៅធ្វើការងារនៅកូរ៉េខាងត្បូងតែម្តង។

បើតាមហ្វេសប៊ុកក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានបង្ហោះរូបជំនួបរវាងគណៈប្រតិភូកម្ពុជា និងកូរ៉េ ដោយសរសេរពីខ្លឹមសារនៃសំណើទៅភាគីកូរ៉េ យ៉ាងដូច្នេះ៖« ពិចារណាទទួលយកកម្លាំងពលកម្មផ្នែកសេវាកម្ម ដែលកន្លងមកមិនទាន់បានបញ្ជូនទៅធ្វើការនៅកូរ៉េនៅឡើយ។ និងពិចារណាឡើងវិញនូវការប្រឡងតេស្តសមត្ថភាពភាសាកូរ៉េ និងជំនាញ តាមប្រព័ន្ធកុំព្យូទ័រ ដើម្បីជាការជម្រុញលើកទឹកចិត្តចំពោះការធ្វើមាតុភូមិនិវត្តរបស់ពលករកម្ពុជាវិញដោយស្របច្បាប់ និងស្ម័គ្រចិត្ត ។ បន្តកំណើនមជ្ឈមណ្ឌលគាំពារបរទេសនៅតាមតំបន់ផ្សេងនានា ដែលមានចំនួនពលករកម្ពុជាលើសពី៥០០នាក់។ កូរ៉េក៏ត្រូវការកម្លាំងពលកម្ម ហើយកម្ពុជាក៏មានកម្លាំងពលកម្ម ដូច្នេះភាគីទាំងពីរគឺផ្តល់ឲ្យគ្នាទៅវិញទៅមក»។

ប្រធានអង្គភាពអភិវឌ្ឍធានធានមនុស្សនៃសាធារណៈរដ្ឋកូរ៉េ លោក Park Young Bum មិនទាន់អាចបញ្ជាក់ពីលទ្ធភាពក្នុងការបង្កើនកូតា ទទួលយកពលករខ្មែរបន្ថែមទៀត តាមសំណើរបស់លោករដ្ឋមន្ត្រីក្រសួងការងារកម្ពុជានៅឡើយទេ។ លោក Park Young Bum គ្រាន់តែអាចបានលើកឡើងថា រដ្ឋាភិបាលលោក នៅតែមានតម្រូវការពលករបរទេសជាចាំបាច់ ដែលជាកំលាំងចលករដ៏សំខាន់ក្នុងការជួយជំរុញឲ្យវិស័យកសិកម្ម ,នេសាទ ,ឧហ្សាហ៍កម្ម និងវិស័យសំខាន់ៗដទៃទៀតក្នុងប្រទេសកូរ៉េខាងត្បូង ឲ្យមានដំណើរការល្អនាពេលបច្ចុប្បន្ននេះ។

ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានស្រង់សម្ដីប្រធានអង្គភាពអភិវឌ្ឍធនធានមនុស្សនៃសាធារណៈរដ្ឋកូរ៉េរូបនេះ បានសរសេរដូច្នេះថា៖«ពលករបរទេសដែលបាននឹងកំពុងបម្រើការងារនៅក្នុងប្រទេសកូរ៉េបច្ចុប្បន្ន បានជួយលើកស្ទួយកំណើនសេដ្ឋកិច្ចកូរ៉េ ដែលក្នុងនោះមានពលករមកពីប្រទេសកម្ពុជាមួយភាគធំផងដែរ។ដូច្នេះហើយជនជាតិកូរ៉េត្រូវតែអគុណចំពោះពលករបរទស ដែលក្នុងនោះក៏មានពលករកម្ពុជាផងដែរ»។ បច្ចុប្បន្នរដ្ឋាភិបាលកូរ៉េ គ្រោងបង្កើនពន្ធឲ្យកាន់តែច្រើនបន្ថែមទៀតពីនិយោជក ដើម្បីរៀបចំគម្រោងបណ្តុះបណ្តាលជំនាញខ្ពស់ដល់ពលករប្រមាណ ៣០០០ នាក់ក្នុងមួយឆ្នាំ ។ ហើយជំនាញខ្ពស់សម្រាប់ពលករកម្ពុជា មានដូចជា ជំនាញផ្សារដែក ជួសជុលគ្រឿងរថយន្ត និងបញ្ជាគ្រឿងចក្រធំៗជាដើម។ ជាមួយគ្នានោះរដ្ឋាភិបាលកូរ៉េ ក៏បានគិតគូរខ្ពស់ទាំងប្រាក់ឈ្នួល និងជំនាញបច្ចេកទេសផ្សេងៗសម្រាប់ពលករកម្ពុជាទៀតផង។ នេះបើតាមលោក Park Young Bum។

ពលករកម្ពុជា ដែលកំពុងបម្រើការងារនៅប្រទេសកូរ៉េ មានចំនួនច្រើនជាងគេក្នុងចំណោមប្រទេសចំនួន១៦ ដែលមានពលករមកធ្វើការនៅប្រទេសកូរ៉េនេះ។ គិតត្រឹមដើមឆ្នាំ ២០១៧ នេះ ពលរដ្ឋខ្មែរជាង ៩ ម៉ឺន កំពុងស្ថិតនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលពួកគេភាគច្រើនជាពលករខ្មែរ , ស្ត្រីរៀបការទៅរស់នៅជាមួយបុរសជនជាតិកូរ៉េ និងនិស្សិតដែលកំពុងបន្តការសិក្សាថ្នាក់មហាវិទ្យាល័យជាដើម។ នេះបើតាមលោក ឡុង ឌីម៉ង ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសកូរ៉េខាងត្បូង៕

website_news/2017190405.txt · Last modified: 2017/04/19 10:39 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki