website_news:2017190501

យុវវ័យភ្លើតភ្លើន លួចលាក់លក់ខ្លួនតាមហ្វេសប៊ុក គ្មានការទប់ស្កាត់

http://www./yobminh.html ចន្ទោភាស | May 18, 2017 | ព័ត៌មានជាតិ

ភ្នំពេញ៖ នៅក្នុងសម័យកាលដ៏ទំនើបនាពេលបច្ចុប្បន្ននេះ មនុស្សជាច្រើនពេញនិយមប្រើគណនីហ្វេសប៊ុក ដើម្បីជាមធ្យោបាយទំនាក់ទំនងទៅកាន់មិត្តភក្ដិ ដោយការបង្ហោះរូបភាពផ្សេងៗ បង្អួតគ្នាទៅវិញទៅមកជាការកម្សាន្ត ប៉ុន្តែគេសង្កេតឃើញយុវតីជាច្រើន បានបង្ហោះរូបភាពសិចស៊ី របស់ខ្លួនជាសាធារណៈហាក់មិនសំចៃពីអាថ៌កំបាំងរបស់ខ្លួនឡើយ។ តាមការអង្កេតក្នុងរយៈពេលចុងក្រោយនេះ មានលេចឡើងនូវរូបភាពសិចស៊ី ស្រើបស្រាលរបស់យុវនារីខ្មែរមួយចំនួន ដែលកំពុងធ្វើអោយ «ស៊ីអារម្មណ៍» បុរសៗផងដែរ ក្រុមនារីទាំងនោះទំនងជាស្ត្រីវ័យក្មេង «លក់ខ្លួនបែបលួចលាក់» តាមបណ្ដាញសង្គមខ្វះមិនបានមួយនេះ។

នៅពេលដែលមនុស្សម្នានាំគ្នាចាប់យកមធ្យោបាយទំនាក់ទំនងតាមហ្វេសប៊ុកកាន់តែច្រើនឡើង នារីលក់ខ្លួន ដែលកាន់តែមានភាពវៃឆ្លាត ក៏មិនបង្អង់ឲ្យបាត់ឱកាសនៃការរកស៊ីរបស់ពួកគេនោះដែរ ដើម្បីជំនួសឲ្យការបក់ដៃ ឬក៏មានម៉ែយ៉ែម ជួយរកម៉ូយនោះ ពួកគេឥឡូវអាចរកស៊ីដោយខ្លួនឯង តាមហ្វេសប៊ុក ដោយស្ងាត់ៗ ។ នារីវ័យក្មេងទាំងនោះ បានប្រើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនជាមធ្យោបាយ ក្នុងការទំនាក់ទំនង និងចរចាជាមួយអតិថិជន ព្រោះការរកស៊ីលួចលាក់តាមបច្ចេកវិទ្យាទំនើបនេះ អាចធ្វើឱ្យពួកគេគេចផុតពីការរិះគន់ ។

ចរន្តនេះបានកើតមានកាន់តែច្រើន ធ្វើឲ្យពួកនាងៗ (បុរសក៏មានដែរ) បានដាក់រូបថតស្អាតៗ បែបរូបសិចស៊ី ហើយការទំនាក់ទំនងជាមួយប្រុសៗ ឫស្ត្រីដែលចង់រកសេវាកម្មផ្លូវភេទនោះ ឃើញកើតមានឡើងជាហូរហែដែរ ។ ស្រីស្អាតខ្លះហ៊ាននិយាយត្រង់ៗ ខណៈស្រីស្អាតខ្លះធ្វើការណាត់ជួបសន្សឹមៗ ដូចជាការជួបគ្នាបរិភោគអាហារពេលថ្ងៃត្រង់ ឬពេលល្ងាចជាដើម ។ តម្លៃនៃការរួមភេទជាមួយពួកគេមានការប្រែប្រួលពីម្នាក់ទៅម្នាក់ទៀត ដោយជាមធ្យមចន្លោះចាប់ពី២០ដុល្លារ ទៅដល់១០០ដុល្លារ ពេលខ្លះអាចលើសនេះ រហូតទុកជាការចិញ្ចឹមទៀតផង ។

ជាក់ស្តែងមានហ្វេសប៊ុក ជាក្រុមៗ ជាច្រើនត្រូវបានគេបង្កើតឡើង ដើម្បីអោយសមាជិកចូលរួមលេងជាសម្ងាត់ ដែលគេហៅថា «គ្រុបអាថ៌កំបាំង» ក្នុងនោះដែរគេឃើញមាន សមាជិកជាច្រើន បានបង្ហោះនូវអក្សរ និងរូបភាពបែបស្រើបស្រាល ក្នុងន័យ និងគោលបំណងបម្រើសេវាកម្មផ្លូវភេទ ។ ភាពរីកចម្រើន នៃបច្ចេកវិទ្យាបានផ្តល់ឱកាសកាន់តែច្រើន ដល់អ្នកប្រកបរបរផ្លូវភេទ តាមហ្វេសប៊ុកនេះ អាចឃោសនាផលិតផល ឬក៏សេវាកម្ម នៃមុខរបររបស់ខ្លួនបានដោយងាយ ។

បច្ចុប្បន្ននេះ គេនៅមិនទាន់ឃើញមានសមត្ថកិច្ច ឫស្ថាប័នជំនាញមួយណា មានវិធានការទប់ស្កាត់ ទៅលើចំណុចដូចរៀបរាប់ខាងលើនេះ នៅឡើយទេ ខណៈដែលសកម្មភាពទាំងអស់នេះ បាននិងកំពុងរីកចម្រើនខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ព្រោះវាអាចធ្វើអោយយុវវ័យខ្មែរធ្លាក់ទៅក្នុងពេស្យាកម្ម អាជីវកម្មជួញដូរផ្លូវភេទ ដោយមិនដឹងខ្លួន និងអាចកើនឡើងការប្រព្រឹត្តអំពើអនាចារផ្សេងៗ រួមនិងអំពើហិង្សាការចាប់រំលោភជាដើម ។ល។ បើមិនទប់ស្កាត់នោះទេ វានឹងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ទំនៀមទម្លាប់ ប្រពៃណី សីលធម៌របស់ខ្មែរ និងសេចក្តីថ្លៃថ្នូររបស់ជាតិទាំងមូល ក៏អាចថាបាន

website_news/2017190501.txt · Last modified: 2017/05/19 10:34 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki