website_news:2017190502

ថៃសម្រេចដោះលែងពលរដ្ឋខ្មែរ ១០នាក់ ដែលឃាត់ខ្លួននៅខេត្តសាកែវ

https://www.dap-news.com/kh/ ព្រហស្បតិ៍, ១៨ ឧសភា ២០១៧ 15:43 ដោយ: ស៊ាន កុសល ID:013

ភ្នំពេញ៖ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ ប្រទេសថៃ បានរាយការណ៍ព័ត៌មានចុងក្រោយជូនក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មកថា ពលរដ្ឋខ្មែរទាំង១០ នាក់ ដែលត្រូវបានចាប់ខ្លួន នៅឧទ្យានជាតិប៉ាងស៊ីដា ខេត្តសាកែវ ត្រូវបានកាត់ទោស និងផាកពិន័យ ក្នុងម្នាក់ ចំនួន២៥០០បាត ពីបទឆ្លងដែនខុសច្បាប់ចូលឧទ្យានជាតិ ត្រូវបានអាជ្ញាធរថៃសម្រេចដោះលែងវិញហើយ។

បើតាមលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលទទួលបាន នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា ពលរដ្ឋទាំង១០នាក់នេះ ត្រូវបានដោះលែងពីពន្ធនាគារខេត្តសាកែវ នៅម៉ោង១៥៖០០ ថ្ងៃនេះ ហើយត្រូវប្រគល់ជូនប៉ូលីសប៉ាងស៊ីដា ដើម្បីបិទសំណុំរឿង ស្ថានអគ្គកុងស៊ុលកំពុងសម្របសម្រួលជាមួយអាជ្ញាធរថៃ ត្រៀមបញ្ជូន មកកម្ពុជាវិញនៅល្ងាចនេះ(ថ្ងៃទី១៨ ខែឧសភា)។

សូមរំលឹកថា នៅថ្ងៃទី១៤ ឧសភា ២០១៧ ម៉ោងប្រមាណ ១២៖០០ នាទី អាជ្ញាធរមូលដ្ឋានថៃសហការ ជាមួយកងកម្លាំងអភិរក្សព្រៃឈើនៃឧទ្យានជាតិប៉ាងស៊ីដា បានចុះល្បាតក្នុងតំបន់ឧទ្យានជាតិ ប៉ាងស៊ីដា ស្ថិតក្នុងភូមិណយ ឃុំថាយែក ស្រុកមឿងសាកែវ ខេត្តសាកែវ និងបានប្រទះឃើញពលរដ្ឋខ្មែរប្រមាណ១៥នាក់កំពុងដើររកកាប់ឈើគ្រញូងនៅក្នុងតំបន់ឧទ្យានជាតិប៉ាងស៊ីដា ហើយឃាត់ខ្លួនបានចំនួន១០នាក់ រួចត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅពន្ឋនាគារខេត្តសាកែវ។ ស្ថានអគ្គកុងស៊ុល បានបញ្ជូនមន្ត្រីកុងស៊ុលទៅជួបសាកសួរសុខទុក្ខពលរដ្ឋខ្មែរទាំង១០នាក់នោះ និងបានសម្របសម្រួលជួយជំរុញដំណើរការកាត់ក្តីឲ្យបានឆាប់។ ពលរដ្ឋទាំង១០នាក់នោះ

ទី១.ឈ្មោះ ពេជ្រ ម៉ី ភេទប្រុស អាយុ ២៦ ឆ្នាំ, ទី២. ឈ្មោះ សល់ ភា ភេទប្រុស អាយុ ៣៦ឆ្នាំ , ទី៣.ឈ្មោះ ឈាវ ធី ភេទប្រុស អាយុ ២៣ឆ្នាំ, ទី៤.ទី អៀប ភេទប្រុស អាយុ ២៣ ឆ្នាំ, ទី៥.ឈ្មោះ ថន ធឿន ភេទប្រុស អាយុ ៣០0ឆ្នាំ, ទី៦.ឈ្មោះ វីន សល់ ភេទប្រុស អាយុ ២៧ឆ្នាំ, ទី៧.ឈ្មោះ នេត្រ ផល្លា ភេទប្រុស អាយុ ៣០ឆ្នាំ, ទី៨.ឈ្មោះ គឹម មឿន ភេទប្រុស អាយុ ២៥ឆ្នាំ, ទី៩.ឈ្មោះ ថុល ជាតិ ភេទប្រុស អាយុ ២៥ឆ្នាំ និងទី១០.ឈ្មោះ វ៉េត អ៊ុន ភេទប្រុស អាយុ ៣០ឆ្នាំ អ្នកទាំងអស់ មានទីលំនៅ រស់នៅក្នុងខេត្តបន្ទាយមានជ័យ៕

website_news/2017190502.txt · Last modified: 2017/05/19 10:33 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki