website_news:2017190504

សវនាការសំណុំរឿងស៊ីឈ្នួលពពោះជំនួសត្រូវបានលើកពេល

http://www./phnompenhpost.html Fri, 19 May 2017 ឆាយ ច័ន្ទនីដា

ភ្នំពេញៈ សំណុំរឿងជួលស្ត្រីខ្មែរពពោះជំនួសដែលមានជនជាប់ចោទបីនាក់ត្រូវបានសាលាដំបូងរាជធានីប្រកាសលើកពេលដោយមិនមានពេលកំណត់ បន្ទាប់ពីចាប់ផ្តើមកាត់ក្តីបានប្រមាណ ១៥ នាទី ក្រោមហេតុផលអវត្តមានសាក្សី និងជនរងគ្រោះព្រមទាំងមេធាវីម្នាក់ទៀត ខណៈរដ្ឋាភិបាលកំពុងធ្វើការពិភាក្សាគ្នាដើម្បីកុំឲ្យកម្ពុជាក្លាយជាគោលដៅនៃការធ្វើអាជីវកម្មពពោះជំនួសនេះ។

ស្ត្រី Tammy Davis-Charles ជនជាតិអូស្ត្រាលីជាស្ថាបនិកភ្នាក់ងារដែលបង្កើតរបរស៊ីឈ្នួលពពោះជំនួស មានឈ្មោះជាភាសាអង់គ្លេស Fertility Solutions PGD និងជនជាតិកម្ពុជាពីរនាក់មានស្ត្រីជាគិលានុបដ្ឋាយិកាឈ្មោះ សំរិទ្ធ ចាន់ចរិយា និងបុរសជាមន្ត្រីក្រសួងពាណិជ្ជកម្មឈ្មោះ ពេញ ឫទ្ធី ត្រូវបាននគរបាលប្រឆាំងការជួញដូរមនុស្សចាប់ខ្លួននៅខែវិច្ឆិកា ឆ្នាំ ២០១៦ និងបានចោទប្រកាន់ពីបទអន្តរការរវាងអ្នកសុំកូន និងស្ត្រីពពោះ និងបទសុំឲ្យផ្តល់ឯកសារដោយទុច្ចរិត។ ទោះយ៉ាងណាស្ត្រីជាប់ចោទឈ្មោះ ចរិយា អះអាងថាខ្លួនមិនពាក់ព័ន្ធនឹងរឿងនេះទេ។

កាលពីម្សិលមិញសាលាដំបូងរាជធានីមានលោកស្រីចៅក្រម សោ លីណា បានបើកសវនាការលើករណីនេះដែលមានវត្តមានមេធាវីចំនួន ៥ រូបការពារឲ្យជនជាប់ចោទបីរូបខាងលើ។ ប៉ុន្តែអវត្តមានសាក្សី និងជនរងគ្រោះព្រមទាំងសមត្ថកិច្ច។ ក្នុងសវនាការតំណាងព្រះរាជអាជ្ញាបានស្នើសុំដល់ចៅក្រមឲ្យពន្យារពេលដោយអះអាងថាមិនមានវត្តមានគ្រប់ភាគី។ ទោះយ៉ាងណាមេធាវីបីរូបដែលមានវត្តមានរបស់លោកស្រី Tammy យល់ថាគួរតែបន្តដោយសារមានឯកសារចម្លើយសាកសួររបស់សាក្សី និងជនរងគ្រោះរួចរាល់អស់ហើយ។ ក្រោយពីស្តាប់យោបល់ទាំងព្រះរាជអាជ្ញា និងមេធាវីលោកស្រីចៅក្រមបានសម្រេចពន្យារពេលសវនាការដោយមិនកំណត់ថ្ងៃ។

លោក ឈាង សោភ័ណ មេធាវីម្នាក់ក្នុងចំណោម ៤ នាក់ និងស្ត្រីជាប់ចោទ Tammy បានឲ្យដឹងក្រោយសវនាការថាកូនក្តីរបស់លោកបានជាប់ឃុំ ៦ ខែមកហើយ ហើយគាត់ជាប់ក្នុងបទមជ្ឈិមប៉ុណ្ណោះ ដូច្នេះតុលាការមិនគួរពន្យារពេលនោះទេ។ លោកមេធាវីថាតាមភ័ស្តុតាង និងចម្លើយរបស់ពួកគេអាចសមល្មមនឹងតុលាការបន្តសវនាការបានដើម្បីចៀសវាងការឃុំខ្លួនលើសកំណត់។ «វាគ្រាន់ជាបទល្មើសមជ្ឈិម អ៊ីចឹងការមិនបន្តសវនាការ ប៉ះពាល់សិទ្ធិកូនក្តីខ្ញុំដែរ»។

ដោយឡែកស្ត្រីជាតិអូស្ត្រាលី និងបុរសឈ្មោះ ពេញ រិទ្ធិ បានបដិសេធធ្វើអត្ថាធិប្បាយ។ ចំណែកស្ត្រីជាប់ចោទ ចាន់ចរិយា នៅមិនអស់ចិត្តនឹងការដែលខ្លួនមកជាប់គុកក្នុងករណីនេះនោះទេ។ ចរិយា ដែលមានកូនតូចកាត់សាសន៍អង់គ្លេសអាយុប្រមាណ ១០ ខែត្រូវបានក្រុមគ្រួសារនាំមកកាន់តុលាការ ដើម្បីជួបមុខម្តាយ ប៉ុន្តែកូនតូចដែលបានបែកម្តាយ ៦ ខែមកហើយបានស្រែកយំខ្លាំងៗនៅពេលដែលម្តាយលូកដៃបីត្រកងដោយក្តីនឹករឭកយ៉ាងខ្លាំងនោះ។ ចរិយា និយាយថានាងបែកកូនតាំងពីអាយុ ៤ ខែនៅពេលគេចាប់ខ្លួននៅខែវិច្ឆិកាកន្លងមក។ នាងនិយាយថានាងជាគិលានុបដ្ឋាយិកាធ្វើការនៅមន្ទីរពេទ្យ HOPE នៅភ្នំពេញ និងធ្វើការងាររកកម្រៃក្រៅម៉ោងជាមួយលោកស្រី Tammy ដូច្នេះនាងមិនបានដឹងអ្វីអំពីករណីស៊ីឈ្នួលពពោះនោះទេព្រោះនាងជាអ្នកថែទាំអ្នកជំងឺប៉ុណ្ណោះ។ ចរិយា ថានាងចូលធ្វើការឲ្យជនបរទសរូបនេះនៅខែតុលា ឆ្នាំ ២០១៥ រហូតដល់ខែកក្កដាទើបបានឈប់ពីការងារក្រៅម៉ោងនេះដោយសារខ្លួនកំពុងមានទម្ងន់ និងត្រៀមសម្រាល។ សមត្ថកិច្ចបានចាប់ខ្លួននាងទាំងនៅសរសៃខ្ចី។

ទាក់ទងនឹងករណីពពោះជំនួសរដ្ឋាភិបាលបានសម្ដែងការព្រួយបារម្ភ និងបានបើកកិច្ចប្រជុំដើម្បីស្វែងរកនីតិវិធីក្នុងការទប់ស្កាត់។ ក្នុងនោះគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស កាលពីខែមេសាបានធ្វើការពិភាក្សាជាមួយអន្តរក្រសួងដើម្បីពិភាក្សារៀបចំនីតិវិធីសម្រាប់ការអនុវត្តសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រីចេញថ្ងៃ ២៨ ខែមីនាកន្លងទៅដែលពាក់ព័ន្ធនឹងករណីជួលស្ត្រីខ្មែរពពោះជំនួសដើម្បីយកទារកចេញទៅចិញ្ចឹមនៅក្រៅប្រទេស។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រៃ្តយ៍គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឲ្យដឹងកាលពីម្សិលមិញថាក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះមានករណីម្តាយនាំយកកូនដែលបង្កើតរួចយកចេញតាមច្រកព្រំដែនមាន ១៨ ករណីដែលអាជ្ញាធរកំពុងតាមដានធ្វើការ។ ប្រការនេះធ្វើឲ្យមន្ត្រីពិបាកធ្វើការស្របពេលរដ្ឋាភិបាលកំពុងធ្វើឲ្យមានភាពស្របច្បាប់សម្រាប់ទារកដែលត្រូវគេពពោះជំនួស។ «ពួកគេ(ជនបរទេស) ត្រូវធ្វើតាមនីតិវិធីតុលាការ ដែលផ្តល់សិទ្ធិថាជាអាណាព្យាបាល បើមិនអ៊ីចឹងវាអាចជាការពង្រត់កូនហ្នឹង»៕

website_news/2017190504.txt · Last modified: 2017/05/19 12:05 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki