website_news:2017190506

ខ្លឹមសារ សេចក្ដីប្រកាសព័ត៌មានរួម រវាងព្រះរាជាណាចក្រ កម្ពុជា និងសាធារណរដ្ឋ ប្រជាមានិតចិន

http://www./dap-news.html សុក្រ, ១៩ ឧសភា ២០១៧ 10:43 ដោយ: ID:11

ភ្នំពេញ៖ តបតាមការអញ្ជើញ របស់លោក លី ខឺឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិនពីថ្ងៃទី១៣ ដល់ ១៧ ឧសភា ២០១៧។ ក្នុងឱកាសទស្សនកិច្ចនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានជួបជាមួយលោក ស៊ី ជីនពីង ប្រធានាធិបតី និងបានជួបពិភាក្សាជាមួយលោក លី ខឺឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋ ប្រជាមានិតចិន។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានជួបលោក ចាង តឺជាំង ប្រធានសភាតំណាង ប្រជាជនចិន និងលោក យូ ជឹងស៊ឹង ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន។

ភាគីកម្ពុជា សូមជូនពរដោយស្មោះស្ម័គ្រ ចំពោះភាគីចិន សូមសម្រេចបានសមិទ្ធផលធំធេង ក្នុងការខិត ខំប្រឹងប្រែងអភិវឌ្ឍជាតិ ព្រមទាំងការបើក និងបិទបញ្ចប់ដោយជោគជ័យ នូវសមាជជាតិលើកទី១៩ របស់បក្សកុម្មុយនីស្តចិន។ ភាគីចិនបានបញ្ជាក់ជាថ្ មីពីការគាំទ្ររបស់ខ្លួន ចំពោះការជ្រើសរើស មាគ៌ាអភិវឌ្ឍរបស់កម្ពុជា ដែលសមស្របទៅនឹងល័ក្ខខ័ណ្ឌរបស់ជាតិខ្លួន ហើយសូមជូនពរ ចំពោះប្រជាជន កម្ពុជាបន្ដសម្រេចបាននូវការរីកចម្រើនថ្មីៗ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

ភាគីទាំងពីរបានឯកភាពគ្នាថា មិត្តភាពជាប្រពៃណីកម្ពុជា-ចិន គឺជាសម្បត្តិដ៏មានតម្លៃនៃប្រជាជនយើង ទាំងពីរ ហើយចាំបាច់ត្រូវពង្រឹង និងលើកកម្ពស់បន្ថែមទៀត។ នៅក្នុងសករាជថ្មី មីនៃប្រវត្តិសាស្ត្រ ភាគី ទាំងពីរត្រូវបន្តលើកកម្ពស់ កិច្ចសហប្រតិបត្តិការ ភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ទៅកម្រិតថ្មីមួយទៀត និងកាន់តែស៊ីជម្រៅ ដើម្បីនាំមកនូវផលប្រយោជន៍ កាន់តែច្រើនសម្រាប់ប្រជាជន នៃប្រទេសទាំងពីរ និងចូលរួមចំណែកកាន់តែខ្លាំងឡើង ដល់ការអភិវឌ្ឍ និងវិបុលភាពក្នុងតំបន់។

ភាគីទាំងពីរបានឯកភាពគ្នា រក្សាការប្រាស្រ័យទាក់ទង កម្រិតខ្ពស់តាមរយៈមធ្យោបាយនានា និងរក្សា ការទាក់ទងជាយុទ្ធសាស្ត្រឲ្យបានទាន់ពេលវេលា ចំពោះទំនាក់ទំនងទ្វេភាគី និងបញ្ហាដែលសំខាន់ៗ។ ភាគីទាំងពីរបានឯកភាពគ្នា បង្កើនការផ្លាស់ប្ដូរទស្សនកិច្ចរវាងរដ្ឋាភិបាល សភា និងអាជ្ញាធរមូលដ្ឋាន ធ្វើការប្រាស្រ័យទាក់ទងពាក់ព័ន្ធ នឹងបទពិសោធន៍អភិបាលកិច្ចឲ្យកាន់តែស៊ីជម្រៅ ព្រមទាំងលើក កម្ពស់កិច្ច-សហប្រតិបត្តិការទ្វេភាគីលើការអភិវឌ្ឍលើគ្រប់វិស័យទាំងអស់។ ភាគីទាំងពីរបានឯកភាព គ្នាប្រើប្រាស់ឲ្យបានល្អនូវ គណៈកម្មាធិការសម្របសម្រួល អន្តររដ្ឋាភិបាលរវាងកម្ពុជា-ចិន ព្រមទាំង សម្របសម្រួល និងជំរុញកិច្ចសហប្រតិបត្តិការជាក់ស្ដែងលើវិស័យទាំងអស់។

ភាគីទាំងពីរបានឯកភាពគ្នាបន្តបង្កើនការផ្លាស់ប្ដូរ និងកិច្ចសហប្រតិបត្តិការលើកិច្ចការការបរទេស ការពារជាតិ ព្រមទាំងការអនុវត្តច្បាប់ និងសន្តិសុខ។ ភាគីទាំងពីរបានឯកភាពគ្នាអនុវត្តកិច្ចព្រមព្រៀងស្ដីពីការពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងដំណាក់កាលថ្មី រវាងក្រសួងការបរទេសទាំងពីរ និងពង្រឹងការប្រាស្រ័យទាក់ទង និងការសម្របសម្រួលគ្រប់កម្រិត។ ភាគីទាំងពីរនឹងរក្សាការផ្លាស់ប្ដូរគ្រប់កម្រិតរវាងកងទ័ពនៃប្រទេសទាំងពីរ និងការសម្របសម្រួលគ្នាលើវិស័យសន្តិសុខពហុភាគី។ ភាគីទាំងពីរនឹង អនុវត្តឲ្យបាន ពេញលេញនូវយន្តការកិច្ចប្រជុំក្រុមការងារអនុវត្តច្បាប់ ដោយផ្ដោតទៅលើការពង្រឹង កិច្ចសហប្រតិបត្តិ-ការក្នុងវិស័យនានាដូចជា ការថែរក្សាសន្តិសុខក្នុងប្រទេស ការប្រឆាំងភេរវកម្មការ ប្រយុទ្ធប្រឆាំងការរត់ពន្ធ ការជួញដូរមនុស្ស បទល្មើសទារប្រាក់តាមប្រព័ន្ធទូរគមនាគមន៍ និងឧក្រិដ្ឋ កម្មតាមអ៊ីនធើណេត រួមទាំងការតាមចាប់ឧក្រិដ្ឋជននៅឯក្រៅប្រទេសទៀតផង

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ឯកភាពពន្លឿនការរួមបញ្ចូលយុទ្ធសាស្ត្រអភិវឌ្ឍន៍ អនុវត្តឲ្យបានពេញលេញនូវចំណុចគោលនៃផែនការ កិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីរួមគ្នាបង្កើត កិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់សេដ្ឋកិច្ចផ្លូវសូត្រ និងកិច្ច សហប្រតិបត្តិការផ្លូវសូត្រសមុទ្រសតវត្សទី២១ ដែលបានចុះហត្ថលេខាក្នុងឱកាសទស្សនកិច្ចនេះ និងអនុវត្តគម្រោងអាទិភាពនៃកិច្ចសហប្រតិបត្តិការសមត្ថភាពផលិត និងវិនិយោគ។ ភាគីទាំងពីរនឹងបង្កើនវិសាលភាព និងកម្រិតនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដើម្បីឈានទៅសម្រេចទំហំពាណិជ្ជកម្មទ្វេភាគីឲ្យបាន ៦ប៊ីលានដុល្លារអាមេរិក នៅឆ្នាំ២០២០។ ភាគីចិនត្រៀមខ្លួនរួចជាស្រេចក្នុង ការបន្តផ្ដល់ជំនួយតាមសមត្ថភាពរបស់ខ្លួនដល់កម្ពុជា ដើម្បីអភិវឌ្ឍ សេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាជនកម្ពុជា និងគាំទ្រដល់សហគ្រាសចិន ដើម្បីជំរុញគម្រោង មួយចំនួនដូចជា គម្រោងផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុ និងព្រលានយន្ដហោះថ្មីក្នុង ខេត្តសៀមរាប ព្រមទាំងរួមគ្នាកសាងតំបន់ សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។

ភាគីទាំងពីរបានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបតិ្តការលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន កសិកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នាវាចរណ៍ និងទេសចរណ៍ ឲ្យកាន់តែស៊ីជម្រៅ។ ភាគីទាំងពីរនឹង អនុវត្តឲ្យបានពេញលេញនូវអនុស្សារណៈយោគយល់គ្នា ស្តីពីការពង្រឹងកិច្ចសហប្រតិបតិ្តការលើវិស័យ ហេដ្ឋា រចនាសម្ព័ន្ធ និងអនុស្សារណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបតិ្តការលើការកសាងសមត្ថភាព ពាក់ព័ន្ធវិស័យដឹកជញ្ជូន ដែលបានចុះហត្ថលេខាក្នុងឱកាសទស្សនកិច្ចនេះ។ ភាគីចិននឹងផ្តល់ជំនួយដល់កម្ពុជា ក្នុងការប្រមូលផ្ដុំផែនការអភិវឌ្ឍន៍កសិកម្មទំនើប និងជំរុញកិច្ចសហប្រតិបតិ្តការក្នុងការកែច្នៃផលិតផលកសិកម្ម។ ភាគីទាំងពីរនឹងអនុវត្តឲ្យ បានពេញលេញនូវឯកសារស្តីពីការ បង្កើតស្ថានីយ៍ សង្កេតកិច្ចការបរិស្ថានសមុទ្ររួម និងការអនុវត្តផែនការសម្រាប់អនុស្សារណៈយោគយល់គ្នា ស្ដីពីកិច្ច សហប្រតិ- បត្តិការលើវិស័យទេសចរណ៍។

៨. ភាគីចិនបានបញ្ជាក់សារជាថ្មីនូវការគាំទ្រយ៉ាងម៉ឺងម៉ាត់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារអធិបតេយ្យភាព ឯករាជ្យភាព និងរក្សាស្ថិរភាពនយោបាយរបស់ខ្លួន។ ភាគីកម្ពុជាបានបញ្ជាក់សារជាថ្មី នូវការបេ្តជ្ញាចិត្តរបស់ខ្លួនចំពោះគោលនយោបាយចិនតែមួយ ទទួល ស្គាល់រដ្ឋា-ភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ជារដ្ឋាភិបាលចិនស្របច្បាប់តែមួយគត់ ហើយតៃវ៉ាន់ ជាផ្នែកមួយដែលមិនអាចកាត់ផ្ដាច់ពីចិនបាន ប្រឆាំងចំពោះ«ការប្រកាសឯករាជ្យរបស់តៃវ៉ាន់» តាមគ្រប់ រូបភាព ព្រមទាំងបន្តការគាំទ្រការអភិវឌ្ឍដោយសន្តិភាពនូវទំនាក់ទំនងចិន និងតៃវ៉ាន់ និងបុព្វហេតុដ៏ ឧតុង្គឧត្តម ក្នុងការបង្រួបបង្រួមចិនដោយសន្តិភាព។ ភាគីចិនសូមវាយតម្លៃខ្ពស់ចំពោះការយោគយល់ និងគាំទ្ររបស់ភាគីកម្ពុជា។

ភាគីទាំងពីរបានចាត់ទុកបញ្ហា សមុទ្រចិនខាងត្បូងមិនមែនជាបញ្ហារវាងចិន និងអាស៊ានទេ។ បញ្ហានេះគួរតែត្រូវបានដោះស្រាយតាមរយៈការពិគ្រោះយោបល់ និងការចរចាដោយរដ្ឋអធិបតេយ្យពាក់-ព័ន្ធផ្ទាល់។ ចិន និងអាស៊ាន គឺជាប្រទេសដែលមានសមត្ថភាពការពារសន្តិភាព និងស្ថិរភាពនៅសមុទ្រចិនខាងត្បូង តាមរយៈកិច្ចសហប្រតិបតិ្តការ ហើយពាក់ព័ន្ធនឹងបញ្ហានេះដែរ ប្រទេសនៅក្រៅតំបន់គួរដើរតួនាទីស្ថាបនា។ ចិនបានត្រៀមខ្លួនរួចជាស្រេចធ្វើការជាមួយកម្ពុជា និងបណ្តាប្រទេសអាស៊ានដទៃទៀត ដើម្បីអនុវត្តនូវសេចក្តីថ្លែងការណ៍ ស្តីពីការប្រតិបត្តិរបស់ភាគីនៅសមុទ្រចិនខាងត្បូង (DOC) ឲ្យបានពេញលេញ និងមានប្រសិទ្ធភាព និងលើកកម្ពស់ការពិគ្រោះយោបល់ស្ដីពី «ក្រមប្រតិបតិ្តនៅសមុទ្រចិនខាងត្បូង» ដោយផ្អែកលើគោលការណ៍កុងសង់ស៊ីស ក្នុងគោលបំណងសម្រេចក្រមប្រតិបតិ្ត នេះឲ្យបានឆាប់ ។

ភាគីទាំងពីរបានឯកភាពគ្នាផ្លាស់ប្តូរមតិយោបល់ លើបញ្ហាអន្តរជាតិ និងតំបន់ដែលជាការយកចិត្តទុក ដាក់រួម និងបន្តលើកកម្ពស់ការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងវេទិកាពហុ-ភាគី ដូចជាអង្គការសហប្រជាជាតិ កិច្ចសហប្រតិបតិ្តការចិន-អាស៊ាន និងកិច្ចសហប្រតិបតិ្តការឡានឆាង-មេគង្គ។ កម្ពុជាអបអរសាទរចំពោះចិន ដែលបានរៀបចំវេទិកាខ្សែក្រវ៉ាត់ និងផ្លូវសម្រាប់កិច្ចសហ ប្រតិបតិ្តការ អន្តរជាតិបានជោគជ័យ។ ចិននឹងគាំទ្រកម្ពុជាយ៉ាងពេញទំហឹង ដើម្បីធ្វើជាប្រធានកិច្ចប្រជុំ កិច្ចសហ-ប្រតិបតិ្តការឡានឆាង-មេគង្គ។

ក្នុងឱកាសទស្សនកិច្ចនេះ ភាគីទាំងពីរបានចុះហត្ថលេខា លើឯកសារកិច្ចសហប្រតិបតិ្តការចំនួន ១៣ ក្នុងនោះរួមមាន៖ “ចំណុចគោលនៃផែនការកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីរួមគ្នាបង្កើតកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់សេដ្ឋកិច្ចផ្លូវសូត្រ និងកិច្ចសហប្រតិបត្តិការ ផ្លូវសូត្រសមុទ្រសតវត្សទី២១”“អនុ ស្សារណៈយោគយល់គ្នាស្ដីពីការពង្រឹងកិច្ច សហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធ”“អនុស្សា រណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការលើការ កសាងសមត្ថភាពពាក់ព័ន្ធវិស័យដឹកជញ្ជូន” “ការអនុវត្តផែនការសម្រាប់អនុស្សារណៈយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យ ទេសចរណ៍ (២០១៧-២០២០)” និង “ពិធីសារស្ដីពីការបង្កើតស្ថានីយ៍សង្កេតកិច្ចការ បរិស្ថាន សមុទ្ររួម” ។ល។

ភាគីទាំងពីរពេញចិត្តនឹងលទ្ធផល នៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី នៅប្រទេស ចិន និងមានទស្សនៈដូចគ្នាថា ដំណើរទស្សនកិច្ចនេះ មានសារៈសំខាន់ណាស់សម្រាប់ការលើកកម្ពស់កិច្ចសហប្រតិបតិ្តការភាពជាដៃគូយុទ្ធសាស្ដ្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ សម្តេចតេជោនាយករដ្ឋមន្ត្រី សម្តែងនូវអំណរគុណដល់ភាគីចិន ចំពោះបដិសណ្ឋារកិច្ចយ៉ាងរួសរាយរាក់ទាក់ និងកក់ក្តៅក្នុងឱកាសទស្សនកិច្ចនេះ៕

website_news/2017190506.txt · Last modified: 2017/05/19 14:34 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki