website_news:20171906003

សង្គមស៊ីវិលជំរុញឲ្យអនុម័តសច្ចាប័ន កម្មករការងារផ្ទះ

http://www.phnompenh-post-news.html Mon, 19 June 2017 សុទ្ធ គឹមសឿន

ភ្នំពេញ: កម្មករការងារផ្ទះ អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិប្រមាណជា ២០០ នាក់បានប្រមូលផ្ដុំគ្នានៅភោជនីយដ្ឋានទំនើបមួយក្នុងក្រុងភ្នំពេញពីម្សិលមិញដើម្បីប្រារព្ធទិវាកម្មករការងារផ្ទះអន្តរជាតិខួបលើកទី ៦ បំណងជំរុញពន្លឿនការអនុម័តសច្ចាប័នដែលជាច្បាប់គាំពារកម្មករធ្វើការងារតាមផ្ទះ (ស្ដ្រីមេផ្ទះ) ដើម្បីធានាឲ្យពួកគេទទួលបានការងារសមរម្យ សិទ្ធិសេរីភាពក្នុងការសម្រេចចិត្ត និងរស់នៅដែលមានសេរីភាពពីហិង្សាគ្រប់រូបភាព។ អ្នកស្រី មាស ស្រអែមផល្លា ប្រធានក្រុមនៃបណ្ដាញកម្មករធ្វើការតាមផ្ទះបាននិយាយថាបច្ចុប្បន្នសង្គមខ្មែរមិនទាន់ទទួលស្គាល់ និងមិនទាន់ឲ្យតម្លៃស្ត្រីដែលធ្វើការតាមផ្ទះនោះទេហើយកម្ពុជាក៏មិនទាន់មានច្បាប់គាំពារកម្មករធ្វើការងារនេះដែរ។ ដោយកន្លងមកមានការមើលងាយ ធ្វើបាប និងប្រើអំពើហិង្សាមកលើកម្មករជាដើម។ អ្នកស្រីបន្តថា សព្វថ្ងៃ មិនមែនតែអ្នកស្រីម្នាក់ប៉ុណ្ណោះទេដែលជួបបញ្ហាលំបាកក្នុងការងារផ្ទះនេះ ប៉ុន្ដែមានស្ដ្រីជាច្រើននាក់ត្រូវបានបង្ខំឲ្យធ្វើការងារលើសម៉ោងហើយថៅកែប្រើគ្មានម៉ោងបរិភោគអាហារ និងថ្ងៃឈប់សម្រាកមិនអនុញ្ញាតឲ្យឈប់ដោយគំរាមកាត់ប្រាក់ខែ។ អ្នកស្រីថ្លែងថា៖ «នៅពេលដែលគេបង្ខំខ្ញុំឲ្យធ្វើការបន្ថែមម៉ោងម្ដងៗ ខ្ញុំស្ទើរតែចង់យំ បើខ្ញុំប្រកែកថាមិនធ្វើ គេគំរាមខ្ញុំថាត្រូវតែកាត់ប្រាក់ខែ។ ម្យ៉ាងវិញទៀតបើខ្ញុំព្រមធ្វើការថែមម៉ោងហើយ គេថែមលុយឲ្យទៅ វាមិនអីទេ តែអត់បានលុយផង ពេលខ្លះខ្ញុំលួចយំក៏មានដែរ»។ ករណីនេះអ្នកស្រីបានស្នើឲ្យមានច្បាប់គាំពារដូចជា មានសិទ្ធិសេរីភាពក្នុងការថែមម៉ោងដោយធានាថាគ្រប់គ្នាទទួលបានការងារសមរម្យ សេរីភាពក្នុងការដើរហើរ និងរស់នៅដែលមានសេរីភាពពីហិង្សាគ្រប់ទម្រង់។

អ្នកស្រី វុន សម្ភស្ស ប្រធានបណ្ដាញកម្មករធ្វើការងារតាមផ្ទះកម្ពុជា (CDWN) បានឲ្យដឹងថាយើងកំពុងជំរុញរដ្ឋាភិបាលឲ្យអនុម័តអនុសញ្ញាលេខ ១៨៩ ស្ដីពីការងារសមរម្យសម្រាប់កម្មករការងារផ្ទះ។ អនុសញ្ញាលេខ ១៨៩ នេះបានចែងថាកម្មករការងារផ្ទះគឺជាកម្មករ។ ពួកគាត់គួរតែទទួលបានសិទ្ធិស្មើគ្នាដូចកម្មករដទៃទៀតដែរ។ បច្ចុប្បន្នមានប្រទេសចំនួន ២៤ ហើយដែលបានផ្ដល់សច្ចាប័នចំពោះអនុសញ្ញានេះ។ អ្នកស្រីថា៖ «ប្រទេសជាច្រើនដែលបានអនុម័តច្បាប់ជាតិ និងគោលនយោបាយយ៉ាងច្រើនដើម្បីធានាសិទ្ធិរបស់កម្មករការងារផ្ទះ។ ពួកយើងចូលរួមក្នុងការអំពាវនាវឲ្យសេចក្ដីប្រកាសត្រូវបានអនុម័ត និងអនុវត្តកាន់តែឆាប់តាមដែលអាចធ្វើទៅបាន»។

លោក Williom Conklin នាយកមជ្ឈមណ្ឌលអាមេរិកកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិ (ACILS) បានលើកឡើងថាកម្មករការងារផ្ទះគឺដូចជាកម្មករដទៃទៀតដោយត្រូវពឹងផ្អែកលើការងារប្រចាំថ្ងៃរបស់ខ្លួន ដើម្បីផ្គត់ផ្គង់ជីវភាព និងចិញ្ចឹមជីវិតហើយវាក៏រួមចំណែកយ៉ាងសំខាន់សម្រាប់សង្គមជាតិដែរ។ លោកបន្តថា៖ «កន្លងមកយើងបានស្នើសុំឲ្យមានអនុម័តអនុសញ្ញាស្ដីពីការងារសមរម្យសម្រាប់កម្មករការងារផ្ទះ ប៉ុន្ដែនៅមិនទាន់បានជាលទ្ធផលនៅឡើយទេ។ យើងនៅតែទទូចស្នើសុំក្របខ័ណ្ឌគោលនយោបាយគ្រប់ជ្រុងជ្រោយមួយដែលនឹងដោះស្រាយឫសគល់នៃភាពក្រីក្រ ការរើសអើង និងអសន្តិសុខ ដើម្បីធានាថាគ្រប់គ្នាទទួលបានការងារសមរម្យ សេរីភាពក្នុងការដើរហើរ និងរស់នៅដែលមានសេរីភាពពីហឹង្សាគ្រប់ទម្រង់។

បើតាមការស្រាវជ្រាវរបស់លោក ចាន់ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ (CPS) បានឲ្យដឹងថាលោកបានជួបកម្មករធ្វើការងារផ្ទះចំនួន ៦០០ នាក់ដោយបានវិភាគទិន្នន័យ ហើយរកឃើញថា ៩២% ជាស្ត្រីដែលធ្វើការងារជាស្ត្រីមេផ្ទះក្នុងនោះ ៣៩% មានអាយុលើសពី ៤០ ឆ្នាំ និងមានថៅកែជាជនជាតិបរទេសចំនួន ៦៥%។ ចំនួន ៤៥% រៀបការហើយ ៣២% នៅលីវ និង ២៣% លែងលះ ឬបែកបាក់គ្រួសារក្នុងនោះដែរ ១១% ធ្លាប់ធ្វើការចំណាកស្រុក និង ៦០% ចេះភាសាបរទេសហើយភាគច្រើនជាភាសាអង់គ្លេស។ ចំណែក ៦៧% ទទួលបានការងារធ្វើតាមរយៈសាច់ញាតិ ឬមិត្តភក្ដិ និង២៤% ទៀតតាមការណែនាំដោយនិយោជកមុនៗ។

ដោយឡែក អ្នកនាំពាក្យក្រសួងកិច្ចការនារី លោកស្រី យិន សារ៉ាក់ ឲ្យដាក់លិខិតជាមុនសិនទើបអាចឆ្លើយប្រាប់បាន។ អនុសញ្ញាលេខ ១៨៩ នេះមាន ២៧ មាត្រានឹងបានចែងពីគោលសំខាន់ៗ ក្នុងន័យលើកកម្ពស់សិទ្ធិជាមូលដ្ឋាននៃកម្មករធ្វើការតាមផ្ទះនៅនឹងកន្លែងការងាររបស់ពួកគេ។ ក្នុងនោះរួមមានកម្មករធ្វើការតាមផ្ទះត្រូវបានគេទទួលស្គាល់ថាជាកម្មករដែលមានប្រាក់ឈ្នួលគោលការងារមានពេលវេលាត្រឹមត្រូវ ពុំត្រូវគេបង្ខិតបង្ខំ៕

website_news/20171906003.txt · Last modified: 2017/06/19 14:19 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki