website_news:20171906007

ស្ថានទូតកម្ពុជានៅម៉ាឡេស៊ី បន្តជួយអន្តរាគមន៍ពលរដ្ឋខ្មែរ៤នាក់ទៀត ឲ្យវិលត្រឡប់មកស្រុកកំណើតវិញ

http://www.rasmei-kampuchea-news.html ដោយ ៖វិបុល ថ្ងៃទី 18 មិថុនា 2017 ម៉ោង 01:05:PM

(ភ្នំពេញ) ៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ដោះស្រាយបញ្ហាជូនពលរដ្ឋខ្មែរចំនួន៤នាក់ឲ្យវិញត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីពួកគេបានចាញ់បោកជនខិលខូចទៅធ្វើការនៅម៉ាឡេស៊ីដោយខុសច្បាប់។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា ពលរដ្ឋខ្មែរដែល ស្ថានទូតកម្ពុជា ប្រចាំនៅម៉ាឡេស៊ី ជួយអន្តរាគមន៍ និងដោះស្រាយរួមមាន៖

១.ករណីទី១ ស្ថានទូតកម្ពុជាប្រចាំនៅម៉ាឡេស៊ី បានជួយពលការិនី ឈ្មោះ ស.ធ.រ ធ្វើការនៅម៉ាឡេស៊ី ទាមទារប្រាក់ខែដែលនៅសល់ បានត្រលប់មកវិញតាមការទាមទារ។

២.ករណីទី២ ពលការិនី រ.ស.ណ អាយុ២០ឆ្នាំ មកពីស្រុកតំបែរ ខេត្តកំពង់ចាម ត្រូវបានមេខ្យល់នាំ ធ្វើដំណើរតាមរថយន្តឆ្លងកាត់ប្រទេសថៃទៅម៉ាឡេស៊ីដោយខុសច្បាប់ និងធ្វើការងារតាមផ្ទះ កាលពីថ្ងៃទី២១ ខែ មករា ឆ្នាំ ២០១៥។ ដោយចង់ត្រឡប់មកកម្ពុជាវិញ ពលការិនីបានស្នើសុំអន្តរាគមន៍ពីស្ថានទូតនៅ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧។

៣.ករណីទី៣ ពលការិនី ស.ក.ជ អាយុ១៩ឆ្នាំ មកពីខេត្តកោះកុង ត្រូវបានជនជាតិម៉ាឡេស៊ីម្នាក់ នាំធ្វើដំណើរតាមរថយន្តឆ្លងកាត់ប្រទេសថៃទៅម៉ាឡេស៊ីដោយខុសច្បាប់ និងធ្វើការងារតាមផ្ទះ កាលពី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៥។ ស្ថានទូតបានសម្របសម្រួលជាមួយការិយាល័យអន្តោប្រវេសន៍ម៉ាឡេស៊ី ហើយពលការិនីទាំង ២នាក់ខាងលើនឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី១៨ ខែ មិថុនា ឆ្នាំ ២០១៧ វេលាម៉ោង០៧:៣៥នាទីព្រឹក តាមជើងយន្តហោះ AK536។

៤.ករណីទី៤ ពលករ ស.ម.ស អាយុ២៥ឆ្នាំ មកពីស្រុកមេមត់ ខេត្តត្បូងឃ្មុំបានទៅម៉ាឡេស៊ីខុសច្បាប់ដោយខ្លួនឯង ដើម្បីរកការងារធ្វើ ហើយត្រូវបាននគរបាលម៉ាឡេស៊ី ចាប់ខ្លួនដាក់ពន្ធនាគាររយៈពេល៤ខែ។ ក្រោយពីបានដឹងថា ពលកររូបនេះ បានរួចទោសប៉ុន្តែខ្វះខាតថវិកា ស្ថានទូតបានចេញលិខិតធ្វើដំណើរ និងឧបត្ថម្ភសំបុត្រយន្តហោះជូន ដើម្បីឲ្យគាត់អាចត្រឡប់មកកម្ពុជាវិញ។ ពលករខាងលើបានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃ ទី១៥ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង១៥:៥៥នាទី តាមជើងយន្តហោះAK534 ៕

website_news/20171906007.txt · Last modified: 2017/06/19 14:37 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki