website_news:2017191002

ប៉ូលីសថៃស្ទាក់ចាប់រថយន្តដឹកពលករអន្តោប្រវេសន៍ខ្មែរឆ្លងដែនខុសច្បាប់ ដើម្បីយកទៅលក់កម្លាំងពលកម្មនៅបាងកក និងខេត្តសមុទ្រសង្គ្រាម បង់ប្រាក់ថ្លៃដឹកក្នុងម្នាក់ៗ ចំនួន២០០០-២៤០០បាត

http://www.khmeryouthnews.com/article 196 ១៨-តុលា-២០១៧

(ប្រទេសថៃ) យោងតាមប្រភពកាសែត Naewna ភាសាថៃបានផ្សាយឲ្យដឹងថា កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ លោកវរសេនីយ៍ត្រី ប៉េញចៈភុន រ៉តសាវ៉ាត មេបញ្ជាការប៉ូលីសអន្តោប្រវេសសន៍ថៃប្រចាំខេត្តស្រះកែវ បានដឹកនាំកម្លាំងស៊ើបអង្កេត និងបង្ក្រាប ព្រមតាំងកម្លាំងយោធាថៃប្រចាំស្រុកគោគស៊ូង ខេត្តស្រះកែវ ដើម្បីយាមល្បាតនៅក្នុងស្រុកគោកស៊ូង ព្រោះបានទទួលព័ត៌មានថា មានក្រុមលក់កម្លាំងពលករខុសច្បាប់ខ្មែរលួចចូលមកក្នុងដីថៃ ដោយមានរថយន្តតូរីសមកទទួលពួកគាត់ នៅបរិវេណព្រំដែនស្រុកគោកស៊ូង ដើម្បីដឹកយកទៅលក់កម្លាំងពលកម្មនៅម្តុំទីក្រុងបាងកក និងបរិវេនខ័ណ្ឌពុទ្ធមណ្ឌល ហើយភាគច្រើនពួកមេខ្យល់ទាំងនោះ តែងតែលួចដឹកពលករខ្មែរចេញពីតំបន់ព្រំដែនចាប់ពីវេលាម៉ោង៣-៥ទៀបភ្លឺ ដើម្បីធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងបាងកក ។

រថយន្តដែលសមត្ថកិច្ចថៃស្ទាក់ចាប់បាននោះ ម៉ាកតូយ៉ូតា ពណ៌ទឹកប្រាក់ ស្លាកលេខฮพ6884 (បាងកក) បានបើកចេញពីចុងភូមិណូនសំប៊ួន ឃុំគោកស៊ូង ស្រុកគោកស៊ូង ខេត្តស្រះកែវ ជាភូមិដែលស្ថិតនៅជាប់ព្រំដែនកម្ពុជា-ថៃ បានបើកសំដៅទៅរកផ្លូវបំបែកភូមិគោកម៉ៃង៉ាម មកកាន់ស្រុកវ៉ាត់ថាណា ជាកន្លែងដែលសមត្ថកិច្ចថៃបាននឹងកំពុងតែរង់ចាំស្ទាក់ចាប់រថយន្តនោះ ហើយរថយន្តនោះបានបើកដោយល្បឿនលឿន ពេលដែលឃើញសមត្ថកិច្ច ប៉ុន្តែមិនអាចគេចខ្លួចរួចបានឡើយ ។

អ្នកបើកបររថយន្តឈ្មោះផាវិច ផានិចភិរម្យ អាយុ៤៥ឆ្នាំ មានដើមកំណើតនៅឃុំសួនល្ហួង ស្រុកអាំផាវ៉ា ខេត្តសមុទ្រសង្គ្រាម ដោយមានពលករខុសច្បាប់កម្ពុជាមកជាមួយចំនួន១៧នាក់ ។ សមត្ថកិច្ចថៃបានធ្វើការត្រួតពិនិត្យ ពុំមានឃើញឯកសារអ្វីឡើយ ហើយបានចឃាត់ខ្លួនពលករខ្មែរទាំងនោះជាបុរសចំនួន១១នាក់ និងស្ត្រីចំនួន៦នាក់ ព្រមទាំងបាននាំអ្នកបើកបរ និងរថយន្តមកសាកសួរ ព្រមទាំងរក្សាទុករថយន្តនោះ នៅស្នងការប៉ូលីស្រុកគោគស៊ូង ខេត្តស្រះកែវ ។

បឋមពលករអន្តោប្រវេសន៍កម្ពុជាទាំង១៧នាក់នោះ បានទទួលសារភាពថា ពួកគាត់នឹងចេញដំណើរ ទៅរកកន្លែងធ្វើការងារសំណង់នៅម្តុំទីក្រុងបាងកក និងខេត្តសមុទ្រសង្គ្រាម មុននឹងមកពួកគាត់បានទំនាក់ទំនងទៅកាន់ក្រុមដឹកជញ្ចូនពលករជាជនជាតិថៃ ហើយក៏បានណាត់គ្នារួចដើម្បីយករថយន្តតូរីស មកទទួលនៅចុងភូមិណូនសំប៊ួនជាប់ព្រំដែនកម្ពុជា-ថៃ ដោយពួកគាត់លួចចូលមកប្រទេសថៃតាមច្រកធម្មជាតិ ហើយត្រូវបង់ប្រាក់ថ្លៃឈ្នួលដឹកក្នុងម្នាក់ៗ ពី២០០០-២៤០០បាត ។

អ្នកបើកបរឈ្មោះផាវិច ផានិចភិរម្យ បានសារភាពថា ខ្លួនគ្រាន់តែជាអ្នកទទួលស៊ីស្នួលបើករថយន្តតែប៉ុណ្ណោះ ហើយក៏មិនព្រមប្រាក់ថា ថៅកែ ឬ មេខ្យល់ជាអ្នកណាឡើយ ទោះបីជាយ៉ាងណាក៏ដោយ សមត្ថកិច្ចថៃនៅមិនជឿលើពាក្យសារភាពរបស់អ្នកបើកបររថយន្តឡើយ ហើយបានឃុំខ្លួនអ្នកបើករថយន្តដើម្បីដំណើរការតាមនីតិវិធីដោយបានចោទប្រកាន់បទ “ផ្តល់ការជួយ ឬ ជាជំនួយឲ្យជនអន្តោប្រវេសន៍បរទេសរួចផុតពីការចាប់ខ្លួនរបស់សមត្ថកិច្ចថៃ” ។

ចំណែកពលអន្តោប្រវេសន៍ខ្មែរទាំង១៧នាក់ សមត្ថកិច្ចថៃបានកសាងសំណុំរឿងបណ្តឹងពីបទ “ជនអន្តោប្រវេសន៍ ចូលមក និងស្នាក់នៅព្រះរាជាណាចក្រថៃ ដោយបានទទួលការអនុញ្ញាត” មិនតែប៉ុណ្ណោះ សមត្ថិថៃនឹងសាកសួរពលករទាំងនោះបន្ត ដើម្បីស្វែងរកថៅកែ និងមេខ្យល់នាំដែលបាននាំពលករខុសច្បាប់ចូលមកប្រទេសថៃ យកមកផ្តន្ទារទោសតាមផ្លូវច្បាប់ មានន័យថា ទាំងអ្នកធ្វើ អ្នកចូលរួម ព្រមទាំងអ្នកនាំក៏ត្រូវមានទោសដូចគ្នា ។ ចំពោះនីតិវិធីជួយសម្រួលដល់ពលករខ្មែរ ដើម្បីឲ្យពួកគាត់មានភាពធូរស្រាល ឬដើម្បីឲ្យសមត្ថកិច្ចថៃឆាប់ដោះលែងពួកគាត់ទាំង១៧នាក់នោះ ខាងមជ្ឈមណ្ឌលព័ត៌មាន “យុវជនខ្មែរព័ត៌មាន” និងទំនាក់ទំនងទៅកាន់ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ ដើម្បីចង់ដឹងអំពីការជួយសម្រួលដល់ពលករខ្មែរទាំង១៧នាក់នោះ ដើម្បីពួកគាត់ឆាប់បានត្រឡប់ទៅស្រុកវិញ ហើយយើងខ្ញុំនឹងរាយការណ៍បងប្អូនបានជ្រាបជាបន្តទៀត ។ (ដោយ ស សែនជ័យ)

website_news/2017191002.txt · Last modified: 2017/10/19 13:44 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki