website_news:2017191006

ពលករខ្មែរ១៩នាក់ ទុក្ខជាន់លើទុក្ខពេកហើយ ! រថយន្តប៉ូលីសអន្តោប្រវេសន៍ថៃបើកបុកបង្គោលរភ្លើងបណ្តាលឲ្យទារកខ្មែរម្នាក់ដែលទើបតែកើតបាន៧ថ្ងៃស្លាប់ រងរបួសធ្ងន់ និងស្រាលជាច្រើននាក់

http://www.khmeryouthnews.com/article ១៦-តុលា-២០១៧

(ប្រទេសថៃ) រថយន្តប៉ូលីសអន្តោប្រវេសន៍ថៃចេញដំណើរពីទីរួមស្រុកសុង៉ៃ-គោលុក ដឹកបញ្ចូនពលករអន្តោប្រវេសន៍ខ្មែរមកកាន់ប៉ូលីសអន្តោប្រវេសន៍ខេត្តស្រះកែវ ដើម្បីបញ្ចូនបន្តមកកាន់ប្រទេសកម្ពុជាវិញ ដល់ពាក់កណ្តាលផ្លូវបានបើកធ្លាក់ផ្លូវបុកជាមួយបង្គោលភ្លើង និងរបងផ្ទះដ៏សែនរន្ធត់ជាទីបំផុត បានធ្វើឲ្យកុមារដែលទើបតែកើតបាន៧ថ្ងៃ ខ្ទាតចេញពីរថយន្តបានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ។

នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ នេះ លោកអនុសេនីយ៍ទោ ស៊ុមម៉ាយ បានយ៉េន សមត្ថកិច្ចថៃប្រចាំស្នងការកុយបុរី ខេត្តប្រាជួបគីរីខាន់ បានទទួលរបាយការណ៍ថា មានរថយន្ត០១គ្រឿងបានជួបឧបទ្ទវហេតុបើកធ្លាក់ផ្លូវបណ្តាលឲ្យមានអ្នករងរបួសធ្ងន់ និងស្រាលជាច្រើននាក់ នៅលើដងផ្លូវចូលផេកាសេមចន្លោះគីម៉ែត្រលេខ២៧៩-២៨០ ភូមិបានជួនប៊ុន ឃុំកុយបុរី ស្រុកកុយបុរី ខេត្តប្រាជួបគីរីខាន់ បន្ទាប់មកលោកបានដឹកនាំកម្លាំងទៅត្រួតពិនិត្យដោយមានក្រុមជួយសង្គ្រោះមូលនិធិលោកតាវត្តកុដិកុយបុរី ទៅជាមួយផងដែរ ។

នៅកន្លែងកើតហេតុឃើញមានរថយន្តឯកជនម៉ាក Toyota ចំនួន០១គ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ มข1420 ខេត្តនរ៉ាធិវ៉ាត ជារថយន្តជួលដោយប៉ូលីសអន្តោប្រវេសន៍ថៃ បានបើកធ្លាក់ផ្លូវដោយបុកជាមួយបង្គោលភ្លើង ហើយបន្តទៅបុកនិងរបងផ្ទះប្រជាជនដែលស្ថិតនៅទីនោះទទួលរងការខូចខាត ចំណែករថយន្តក៏រងការខូចខាតស្ទើទាំងស្រុងដែរ ។ ក្រោយពេលកើតឧបទ្ទវហេតុ អ្នកដំណើរព្យាយាមចេញពី រថយន្ត ក្នុងនោះមានអ្នកដំណើរ២នាក់ទៀត មិនអាចចេញរថយន្តបានឡើយ ដែលជាអ្នកបើកបរឈ្មោះ សរិះ សឺនិ (ជនជាតិថៃម៉ូស្លីម) អាយុ៤៧ ឆ្នាំ ចំណែកម្នាក់ទៀតជាស្ត្រីជនជាតិខ្មែរ ក្រុមអ្នកជួយសង្គ្រោះមន្ទីរពេទ្យកុយបុរី បានដឹកយកអ្នករងរបួសចេញពីរថយន្ត ហើយបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យកុយបុរីជាបន្ទាន់ ។ អ្នកដំណើរសរុបទំាងអស់ចំនួន២២នាក់ មនុស្សធំពេញវ័យ១៧នាក់ កុមារ៥នាក់ ក្នុងនោះមានទារកម្នាក់ដែលទើបតែកើតបាន៧ថ្ងៃ បានខ្ទាតចេញពីរថយន្តបណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ហើយស្ត្រីរងបួសធ្ងន់ជាងគេដែលចេញពីរថយន្តមិនរួច ត្រូវជាម្តាយរបស់សពទារកដែលស្លាប់នោះ ។ មិនតែប៉ុណ្ណោះ ថែមទាំងមានស្រ្តីម្នាក់ទៀតដេលកំពុងតែមានផ្ទាំពោះផងដែរ បានប៉ៈទង្គិចហើយចុកពោះជាខ្លាំង ពេទ្យបានព្យាយាមជួយសង្គ្រោះជាបន្ទាន់ដើម្បីជួយដល់អ្នកមានផ្ទៃពោះមុនគេ ចំណែកអ្នកដទៃទៀត បានរងរបួសស្រាល ។

មន្ត្រីប៉ូលីសថៃ បានសាកសួរទៅលោក យ៉ារ៉ូសាឡែម ស្មាអ៊ែ (ជនជាតិថៃម៉ូស្លីម) អាយុ៤៦ ឆ្នាំ ដែលធ្វើដំណើរមកជាមួយរថយន្តបានឲ្យដឹងថា គាត់ជាអ្នកបើករថយន្តទី២ (អ្នកចាំផ្លាស់វេនបើកបរ) ដោយមានឈ្មោះសរិះ សឺនិ (ជនជាតិថៃម៉ូស្លីម) ជាអ្នកបើកបរទី១ បានធ្វើដំណើរចេញមកពីប៉ូលីសអន្តោប្រវេសន៍ខេត្តនរ៉ាធិវ៉ាត ដឹកពលករអន្តោប្រវេសន៍ខ្មែរសរុបចំនួន១៩នាក់ រួមជាមួយកុមារ ដើម្បីដឹកបញ្ចូនទៅកាន់ប៉ូលីសអន្តោប្រវេសន៍ខេត្តស្រះកែវថៃ (ខេត្តជាប់ព្រំដែនកម្ពុជាខេត្តបន្ទាយមានជ័យ) ហើយមានលោកព្រឹទ្ធបាលប៉ូលីស សឡះ សារៈកាស៊ុម មន្ត្រីប៉ូលីសអន្តោប្រវេសន៍ជាអ្នកមើលការខុសត្រូវ ។ អ្នកបើកបរឈ្មោះ យ៉ារ៉ូសាឡែម ស្មាអ៊ែ បានប្តូរឲ្យឈ្មោះសរិះ សឺនិ បើកបរបន្តពីខ្លួនចាប់ពីខេត្តឈុំផន ក្រោយពីប្តូរវេនខ្លួនរួច គាត់ក៏បានអង្គុយលក់ក្នុងរថយន្ត ពេលដឹងខ្លួនមកម្តងទៀតបន្ទាប់ពីបានលឺសំឡេងផ្ទុះជាខ្លាំងដោយរថយន្តបានបើកបុកនិងបង្គោលភ្លើង ព្រមទាំងរបងផ្ទះលាន់ពេញរថយន្ត ហើយក៏ពុំបានដឹងអំពីមូលហេតុអ្វី ហេតុអ្វីបានជាកើតហេតុការណ៍យ៉ាងដូច្នេះឡើង? ។

ចំណែកមន្ត្រីប៉ូលីសអន្តោប្រវេសន៍ថៃ លោកសឡះ សារៈកាស៊ុម បានទទួលរងបួសបែកក្បាលបន្តិចបន្តួច ដោយអាចរាយការណ៍ជូនថ្នាក់លើបាន សមត្ថិកិច្ចថៃបន្តថា នឹងបន្តការសាកសួរអំពីមូលហេតុបន្តទៀត បន្ទាប់ពីធ្វើការព្យាបាលរបួសអ្នកទាំងអស់នោះរួចសិន ។

មជ្ឈមណ្ឌលសារព័ត៌មាន “យុវជនខ្មែរព័ត៌មាន” នឹងធ្វើការសាកសួរទៅកាន់មន្ត្រីស្ថានទូតកម្ពុជា ប្រចាំទីក្រុងបាងកកទទួលបន្ទុកផ្នែកពលករ ដើម្បីសាកសួរអំពីនិតីវិធីនៃការជួយសម្រួលដល់ពលករខ្មែរខុសច្បាប់ទាំងនោះ និងជាពិសេសការចុះស្រង់យកព័ត៌មានលម្អិតរបស់មន្ត្រី ដើម្បីមន្ត្រីស្ថានទូតបានរាយការណ៍ជូនសាច់ញាតិនៅស្រុកខ្មែរបានជ្រាបបន្តទៀត។ (រាយការណ៍ដោយ ស សែនជ័យ ។

website_news/2017191006.txt · Last modified: 2017/10/19 14:14 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki