website_news:2017191201

ខេត្តកំពង់ចាមប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ២០១៧

http://www.akp.gov.kh/kh/ ប្រភព AKP ខេត្តកំពង់ចាម ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧

នៅព្រឹកថ្ងៃច័ន្ទ ១កើត ខែបុស្ស នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០១៧ អាជ្ញាធរខេត្តកំពង់ចាម បានប្រារព្ធទិវាជាតិលើកទី១១ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ឆ្នាំ២០១៧ ក្រោមអធិបតីភាពលោកជំទាវ ស្រី គឹមឆយ អភិបាលរងខេត្តកំពង់ចាម នៅក្នុងវិទ្យាល័យ ហ៊ុន សែន សង្កើប ស្ថិតនៅក្នុងឃុំសំបូរ ស្រុកបាធាយ។

លោកជំទាវ ស្រី គឹមឆយ មានប្រសាសន៍ថា ការរៀបចំទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ២០១៧នេះគឺជាបុព្វហេតុនៃយុទ្ធនាការដ៏ធំមួយ ដើម្បីផ្សព្វផ្សាយការយល់ដឹងឱ្យកាន់តែទូលំទូលាយ អំពីសុវត្ថិភាព និងសន្តិសុខ ជូនប្រជាពលរដ្ឋយល់ដឹងអំពីការរំលោភបំពាន គ្រប់រូបភាពនៃអំពើជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទ ដែលជាបរិបទ សកលលោក។ លោកជំទាវបានបញ្ជាក់ថា រូបភាពនៃការជួញដូរមនុស្ស មានច្រើនរូបភាព ដូចជាការកេងប្រវ័ញ្ចកម្លាំងពលកម្ម ការបំពានផ្លូវភេទ អំពើជួញដូរសរីរាង្គ និងបទល្មើសរត់ពន្ធ ជួញដូរទារកឆ្លងដែន បទអន្តរការី នៃអំពើពរពោះជំនួស សុទ្ធសឹងជាបទល្មើសនៃការជួញដូរមនុស្ស ។ ទាំងអស់នេះជាក្ដីកង្វល់ដែលត្រូវដាក់វិធានការស៊ើបអង្កេត ស្រាវជ្រាវ និងបង្រ្កាបឱ្យទាន់ពេលវេលា ។ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកអំពើជួញដូរចមនុស្ស ជាបទឧក្រិដ្ឋ និងប្ដេជ្ញាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេះឱ្យបានខ្លាំងក្លា ដោយមិនអនុញ្ញាតឱ្យជនល្មើសមានឱកាសពង្រីកសកម្មភាព បង្កភាពរងគ្រោះដល់ប្រជាពលរដ្ឋ ដោយមិនបានឆ្លើយតបនោះឡើយ ។

លោកជំទាវលើកឡើងថា គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋ ក្នុងការងារបង្កើនប្រាក់ចំណូល ទាំងនៅក្នុងស្រុក និងនៅក្រៅស្រុក ដយ បានទទួលកម្រៃល្អ និងអាចលើកកម្ពស់ជីវភាពតាមការរំពឹងទុក និងទទួលបាននូវជំនាញ បច្ចេក ទេសកាន់តែប្រសើរឡើង។ ប៉ុន្តែ អ្វីដែលជាការបារម្ភនោះគឺការធ្វើទេសន្តរប្រវេសន៍ ដោយប្រថុយប្រថាន មិនមានការធានាផ្នែកច្បាប់ និងការគ្រប់គ្រងច្បាស់លាស់ ។ លោកជំទាវ អភិបាលរងខេត្តបានឱ្យដឹងថា ដើម្បីទប់ស្កាត់ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានខិតខំពង្រឹងអនុវត្តន៍ច្បាប់ និងនីតិវិធីសម្របសម្រួល ដល់ការធ្វើទេសន្តរប្រវេសន៍ ។

ចំណែកពលករនៅក្នុងស្រុក រាជរដ្ឋាភិបាលកម្ពុជា ក៏បាននឹងកំពុងលើកកម្ពស់សិទ្ធិ និងអត្ថប្រយោជន៍ស្របច្បាប់ជាច្រើន តាមរយៈនៃការដាក់ចេញនូវគោលនយោបាយជាបន្តបន្ទាប់ ជាអាថការដំឡើងប្រាក់បៀវត្សរៀងរាល់ឆ្នាំ ការផ្ដល់របបសោធននិវត្តន៍ដល់កម្មករ ការលើកកម្ពស់លក្ខខណ្ឌការងារសមស្រប ការផ្ដល់ឱកាសដល់ស្ត្រីមានផ្ទៃពោះ និងស្ត្រីមានទារក ដើម្បីទទួលបាននូវអត្ថប្រយោជន៍ជាដើម ។ ដូច្នេះ យើងរួមគ្នាផ្សព្វផ្សាយ ទៅដល់អ្នកដែលរស់នៅក្នុងសហគមន៍ និងមូលដ្ឋានរបស់ខ្លួន បានយល់ដឹងអំពីអំពើជួញដូរមនុស្ស និងរួមគ្នាទប់ស្កាត់ឱ្យមានប្រសិទ្ធភាព៕ដោយ ឆាយ ម៉ុត

website_news/2017191201.txt · Last modified: 2017/12/19 14:26 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki