website_news:2017191204

សាលាឧទ្ធរណ៍ថៃ ច្រានចោលបណ្ដឹងពលករនេសាទខ្មែរ ៨ នាក់

http://www.postkhmer.com ប្រភពភ្នំពេញប៉ុស្ដិ៍ Tue, 19 December 2017 Leonie Kijewski

ភ្នំពេញៈ សាលាឧទ្ធរណ៍ថៃបានច្រានចោលបណ្តឹងឧទ្ធរណ៍របស់អ្នកនេសាទជនជាតិកម្ពុជា ១១ នាក់ដែលត្រូវបានជួញដូរ និងបង្ខំឲ្យធ្វើការនៅលើទូកនេសាទក្នុងប្រទេសថៃអស់រយៈពេលជាច្រើនខែមុនពេលត្រូវបានជួយសង្គ្រោះកាលពីឆ្នាំមុន។

សេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍តំបន់ ៨ របស់ប្រទេសថៃដែលច្រានចោលបណ្តឹងឧទ្ធរណ៍របស់កម្មករនេសាទកម្ពុជាប្រឆាំងនឹងការច្រានចោលរបស់សាលាដំបូងក្នុងរឿងនេះត្រូវបានចេញកាលពីចុងខែតុលា ប៉ុន្តែត្រូវបានអានជាសាធារណៈកាលពីសប្តាហ៍មុន។ នេះបើតាមលោកស្រី Nishkhan Usayapant អ្នកគ្រប់គ្រងគម្រោងប្រឆាំងការជួញដូរនៃមូលនិធិសិទ្ធិមនុស្ស និងការអភិវឌ្ឍ។

ដើមបណ្តឹងជនជាតិកម្ពុជាបានដាក់បណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងការច្រានចោលចំពោះករណីពួកគេកាលពីចុងខែកក្កដា។ លោកស្រីបានថ្លែងថាតុលាការបានលើកទឡ្ហីករណ៍ថា៖ «ករណីដែលបង្ហាញនោះមិនមានលក្ខណៈគ្រប់គ្រាន់ដើម្បីបង្ហាញថាកម្មករពួកគេត្រូវបានគំរាម ឬបង្ខំឲ្យធ្វើការប្រឆាំងនឹងឆន្ទៈពួកគេទេ»។ «ជនរងគ្រោះបានអះអាងថា អ្នកគ្រប់គ្រងទូកបានជះទឹកលើពួកគេ ខណៈកំពុងនៅលើទូក។ អ្នកគ្រប់គ្រងទូកក៏បានយកញញួរបុកទូកជាទង្វើធ្វើឲ្យជនរងគ្រោះមានអារម្មណ៍រងការគំរាមកំហែង»។ លោកស្រីបានថ្លែងថាបញ្ហាទាំង ២ នេះគឺជាផ្នែកនៃបណ្តឹងឧទ្ធរណ៍ដោយសារមិនត្រូវបានអើពើដោយសាលាដំបូង។ ប៉ុន្តែសាលាឧទ្ធរណ៍ឥឡូវនេះសម្រេចថាវាជា «ការព្រមាន» ឬ «ការដាក់ទោសវិន័យ» និងមិនមែនជាភ័ស្តុតាងនៃការបំភិតបំភ័យ។

ទន្ទឹមនេះលោកស្រី Usayapant បានថ្លែងថា ករណីប្រឆាំងម្ចាស់ទូកឈ្មោះ Kamneungnuan Wongkajornkitti កំពុងស្ថិតក្នុងការរៀបចំភ័ស្តុតាង។ លោកស្រីថា៖ «ទីភ្នាក់ងាររដ្ឋាភិបាលពាក់ព័ន្ធកំពុងពិភាក្សាពីរបៀបប្រមូលសក្ខីកម្មពីជនរងគ្រោះដែលបានទៅកម្ពុជា»៕ PS

website_news/2017191204.txt · Last modified: 2017/12/19 14:33 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki