website_news:2017200302

រដ្ឋមន្រ្តីការងារអំពាវនាវឱ្យពលករដែលចង់ទៅ បម្រើការងារ នៅប្រទេសថៃ កុំទៅដោយខុសច្បាប់

http://dap-news.com/kh ថ្ងៃច័ន្ទ, ២០ មិនា ២០១៧ 12:50 ដោយ: ហង្សទេព ID:102

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃច័ន្ទទី២០ខែមីនានេះ បានអំពាវ នាវទៅដល់ បងប្អូនពលករ ដែលមានបំណងចង់ ទៅធ្វើការនៅប្រទេសថៃ សុំកុំទៅដោយខុសច្បាប់ ព្រោះវាប្រឈម នឹង ភាពរងគ្រោះនៅពេល ធ្វើដំណើរចេញទៅ ដោយខុសច្បាប់ នឹងត្រូវចាប់ខ្លួនបញ្ជូន ត្រឡប់មកវិញដដែល ជាដដែលនោះទេ នាំឱ្យខាតបង់ទាំងប្រាក់ ខាតបង់ទាំងពេលវេលា។

ការអំពាវនាវរបស់ លោករដ្ឋមន្រ្តី អ៊ិត សំហេង យ៉ាងដូច្នេះបានធ្វើឡើង ក្រោយពីមានសេចក្តីជូនដំណឹង ស្តីពីការតម្លើងប្រាក់ ឈ្នួលអប្បបរមា និងកំណត់ម៉ោងធ្វើការ សម្រាប់ពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃ ។ លោកបានលើកឡើងថា “ខណៈដែលក្នុងមួយខែៗ មានចំនួនពលករ ដល់ទៅរាប់រយរាប់ពាន់នាក់ ចេញទៅដោយ ខុសច្បាប់ ហើយក៏ត្រូវបាន ចាប់បញ្ជូនត្រឡប់មកវិញ។ យើងនឹងបន្តជម្រុញ ប្រព័ន្ធផ្តល់ភាពស្របច្បាប់ និង ការពារពលកររបស់យើង ពេលទៅដល់ថៃ ហើយនៅមិនទាន់ មានឯកសារគ្រប់គ្រាន់។ ភាគីទាំងពីរ កម្ពុជា-ថៃ បាននិងកំពុង បង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីធ្វើយ៉ាងម៉េចឲ្យ បងប្អូនពលករមិនទាន់ មានពាក្យស្របច្បាប់ ប៉ុន្តែអាចប្រើប្រាស់ប្រព័ន្ធថ្មី ដែលភាគី ថៃព្រមព្រៀងជាមួយកម្ពុជា ទាក់ទងនឹងការប្រើប្រាស់ ប័ណ្ណស៊ីជំពូ ឬហៅថាភីងកាតដើម្បីយក ទៅប្រើប្រាស់បានទាំងការ រស់នៅនិងធ្វើការងារ“ ។

ទាក់ទងនិងការតម្លើង ប្រាក់ឈ្នួលឲ្យកម្មករកម្ពុជា ដែលកំពុងធ្វើការនៅប្រទសថៃនោះ លោករដ្ឋមន្រ្តី អ៊ិត សំហេង បញ្ជាក់បន្ថែមថា” កាលណាមានតម្លើងប្រាក់ឈ្នួល ឲ្យកម្មករ ហើយយើងទទួល បានជូនដំណឹងនេះ គឺយើងធ្វើការផ្តល់ព័ត៌មាននេះ ឲ្យគាត់ដឹងពីអ្វីដែលបងប្អូននៅទីនោះទទួលបានអត្ថប្រយោជន៍បន្ថែមអំពីការតម្លើង ប្រាក់ឈ្នួលនេះ“។

រីឯការគ្រប់គ្រង ការបញ្ជូនពលករ ចេញទៅក្រៅ ពិសេសទៅថៃ ក្រសួងនៅតែបន្តពង្រឹង ប្រព័ន្ធគ្រប់គ្រង និងទប់ស្កាត់ការ ជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម តាមរយៈបណ្តាញទេសចរណ៍ ហើយនឹងពង្រឹងប្រព័ន្ធ សហប្រតិបត្តិការជាមួយ អាជ្ញាធរមានសមត្ថកិច្ច ខាងផ្នែកគណៈកម្មការ ប្រយុទ្ធប្រឆាំង ការជូញដូរមនុស្ស ដើម្បី បង្រ្កាបមេខ្យល់ ដែលនាំចេញទៅ ដោយខុសច្បាប់ តាមរបៀបផ្សេងៗ។

គួររំលឹកថា កាលពីពេលថ្មីៗនេះ ក្រសួងការងារថៃ បានប្រកាស តម្លើងប្រាក់ឈ្នួលអប្បបរមា និងកំណត់ ម៉ោងធ្វើការ សម្រាប់ពលករដែលកំពុងធ្វើការ នៅប្រទេសថៃ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ មានដូចជា១) ប្រាក់ឈ្នួល អប្បបរមា៣១០បាតក្នុងមួយថ្ងៃ សម្រាប់ពលករធ្វើការ នៅទីក្រុងបាងកក និងខេត្តចំនួន៦ ដែលជាប់ទីក្រុងបាងកក, ប្រាក់ឈ្នួល អប្បបរមា៣០៨បាតក្នុងមួយថ្ងៃ សម្រាប់ពលករធ្វើការ នៅខេត្តចំនួន១៣, ប្រាក់ឈ្នួលអប្បបរមា ៣០៥បាតក្នុងមួយថ្ងៃ សម្រាប់ពលករ ធ្វើការនៅខេត្តចំនួន៤៩ និង ប្រាក់ឈ្នួល អប្បបរមា ៣០០បាតក្នុងមួយថ្ងៃ សម្រាប់ពលករធ្វើការ នៅខេត្តចំនួន៨ ៕

website_news/2017200302.txt · Last modified: 2017/03/20 15:55 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki