website_news:2017200401

ពលករជាច្រើន ព្យាយាមឆ្លងដែន ខុសច្បាប់ ត្រូវបានកម្លាំង កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែតឃាត់យកមកសួរនាំ

http://dap-news.com/kh ថ្ងៃពុធ, ១៩ មេសា ២០១៧ 21:52 ដោយ: ប៊ុន វាសនា ID:038

បន្ទាយមានជ័យ៖ ក្រោយពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរបានបញ្ចប់ មានពលករជាច្រើនបានធ្វើដំណើរពី តាមបណ្តាខេត្តផ្សេងៗ មកកាន់ជាយដែន ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីធ្វើចំណាកស្រុកទាំស្របច្បាប់ និងខុសច្បាប់ទៅកាន់ប្រទេសថៃ ដើម្បីទៅរកការងារធ្វើនៅប្រទេសថៃ។ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង៤និង៣០នាទីល្ងាចនេះ ចំនុចផ្លូវ៥៨ ក្នុងភូមិស្ទឹងបត សង្កាតើផ្សារកណ្តាល ក្រុងប៉ោយប៉ែត កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចេញប្រតិបត្តិការចុះឆ្មក់ស្ទាក់ចាប់បានពលករមួយរថយន្តខណៈ កំពុងនាំគ្នាជិះរថយន្តទៅជួបមេខ្យល់នៅអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីឆ្លងដែនទៅធ្វើការក្នុងទឹកដីថៃ បានយកពលករទាំងនោះយកមកសួរនាំ។

លោក នួន នីណារ៉ូ មេបញ្ជាការរងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ទទួលផែនអន្តរាគមន៍ បង្កា បង្ក្រាប បានអោយដឹងថា ការស្ទាក់ចាប់ពលករទាំងនោះយកមកសួរនាំគឺសមត្ថកិច្ចធ្វើឡើង ជាប្រចាំគឺអនុវត្តតាមបទបញ្ជារបស់លោក ជា ដា មេបញ្ជាការក្រុង និងលោកឧត្តមសេនីត្រី ឱ បូរិន មេបញ្ជាការ អ ហ ខេត្តបន្ទាយមានជ័យ ជាលទ្ធផលកម្លាំងយើងបានឃាតពលករ០៩នាក់ភាគច្រើនជាអ្នកស្រុកប្រសាទសំបូរ ខេត្តកំពង់ធំ និងមេខ្យល់ម្នាក់ ដកហូតបានរថយន្ត១គ្រឿងផងដែរ។

បច្ចុប្បន្នពលករទាំងនោះកំពុងស្ថិតក្នុងការសួរនាំរបស់សមត្ថកិច្ចនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត រួមជាមួយជនសង្ស័យម្នាក់ឈ្មោះ ម៉ក់ ពុំ ភេទប្រុស អាយុ៣៥ឆ្នាំ ជាមេខ្យល់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅទីបញ្ជាការ អ ហ ខេត្តបន្ទាយមានជ័យ ចាត់ការបន្តតាមច្បាប់៕

website_news/2017200401.txt · Last modified: 2017/08/24 15:13 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki