website_news:2017200402

សមត្ថកិច្ចកម្ពុជាមិនទាន់ទទួលដំណឹងករណីអាជ្ញាធរថៃចាប់ពលករខ្មែរ២៥នាក់

http://www.rfa.org/khmer/news ដោយ ជិន ជេដ្ឋា 2017-04-19

សមត្ថកិច្ចទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ និងនគរបាលអន្តោប្រវេសន៍កម្ពុជា មិនទាន់ដឹងពីករណីពលរដ្ឋខ្មែរចំនួន ២៥នាក់ ត្រូវបានចាប់ខ្លួនដោយអាជ្ញាធរខេត្តស្រះកែវ ប្រទេសថៃ នៅឡើយទេ។ សមត្ថកិច្ចប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត នឹងបន្តស្រាវជ្រាវករណីនេះ ហើយរង់ចាំទទួលពលករទាំង ២៥នាក់នៅច្រកទ្វារខ្មែរ-ថៃ ពេលដែលសមត្ថកិច្ចថៃ បញ្ជូនមកវិញ។

ប្រធានស្ដីទីក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ និងនាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត អះអាងនៅថ្ងៃទី១៩ ខែមេសា ថា ភាគីថៃ មិនបានឲ្យដំណឹងណាមួយលើករណីឃាត់ខ្លួនពលរដ្ឋខ្មែរទាំង ២៥នាក់នោះទេ។ ប៉ុន្តែកាលពីពីរថ្ងៃមុន មានករណីតម្រួតថៃ ឃាត់ខ្លួនពលករខ្មែរចំនួន ៦០នាក់ ដោយចោទថាពួកគេចូលដីថៃ ដោយខុសច្បាប់ ក្នុងបំណងរកការងារធ្វើ។

នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត លោក ស៊ឹម សំអាត ថាពលករទាំង ៦០នាក់ដែលជឿមេខ្យល់ឆ្លងដែនដោយមិនបានបំពេញឯកសារស្របច្បាប់ ត្រូវបានសមត្ថកិច្ចកម្ពុជា ទទួលយកពីសមត្ថកិច្ចថៃ ហើយបំពេញបែបបទជូនពួកគេបានត្រឡប់ទៅធ្វើការស្របច្បាប់នៅថៃ វិញអស់ហើយ។ ចំពោះពលករចំនួន ២៥នាក់ថ្មីនេះ លោកពុំទាន់មានតម្រុយអ្វីសោះ៖ «ដ្បិតថាអាជ្ញាធរខេត្តស្រះកែវ ចាប់ ប៉ុន្តែមិនដឹងថាចាប់នៅចំណុចណា? ព្រោះខេត្តធំ បើថាទៅខុសច្បាប់ មានតែទៅតាមច្រករបៀង បើច្រកត្រង់មិនអាចខុសច្បាប់ទេ។ ពាក់ព័ន្ធបញ្ហានេះ អាជ្ញាធរថៃ នៅក្រោយចូលឆ្នាំហើយ គាត់រឹតបន្តឹងការចូលទៅរកកិច្ចការធ្វើនៅប្រទេសថៃ ដោយសារគាត់ដឹងថាពលករខ្មែរយើងឆ្នាំនេះមកចូលឆ្នាំខ្មែរច្រើន ដល់អ៊ីចឹងចូលឆ្នាំហើយ គាត់ត្រូវទៅរកការងារធ្វើវិញ»។

សារព័ត៌មានប៉ាតាយ៉ា មែល (Pattaya Mail) របស់ថៃ ចុះផ្សាយនៅថ្ងៃទី១៨ ខែមេសា ថា ពលករខ្មែរ ២៥នាក់ ត្រូវបានអាជ្ញាធរខេត្តស្រះកែវ ចាប់ខ្លួន ខណៈពួកគេត្រឡប់ចូលទឹកដីថៃ ដោយខុសច្បាប់ បន្ទាប់ពីចេញទៅលេងស្រុកកំណើតក្នុងថ្ងៃចូលឆ្នាំថ្មី។ គេហទំព័រដដែលបានចុះផ្សាយដោយស្រង់សម្ដីពលករខ្មែរម្នាក់ក្នុងចំណោម ២៥នាក់ថា គាត់ព្យាយាមចូលប្រទេសថៃ តាមច្រកបានឡែម ខេត្តចាន់បូរី ប៉ុន្តែមន្ត្រីប្រចាំច្រកទ្វារមិនឲ្យចូល។ ក្រោយមក គាត់សម្រេចចិត្តចំណាយលុយ ៨០០បាត ដើម្បីពឹងមេខ្យល់ឲ្យនាំគាត់ចូលទឹកដីថៃ តាមច្រករបៀង ទើបមានការចាប់ខ្លួនបែបនេះ។ ចំណែកប្រធានស្ដីទីនៃក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ប្រចាំខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ របស់ថៃ លោក លឹម តិច ថ្លែងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញសំឡេងថា សមត្ថកិច្ចខ្មែរពិតជាមានការលំបាកក្នុងការជួយអន្តរាគមន៍ដល់ពលករខ្មែរទាំង ២៥នាក់ ដោយសារមិនដឹងចាប់ខ្លួននៅចំណុចណានៃខេត្តស្រះកែវ ប៉ុន្តែកម្ពុជា រង់ចាំធ្វើការជាមួយភាគីថៃ ជានិច្ច បើមានការចាប់ខ្លួនមែន។

មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ប្រចាំខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា ថាលោកបានដឹងករណីចាប់ខ្លួនពលករទាំង ២៥នាក់នេះដែរ ប៉ុន្តែមិនទាន់បានស្រាវជ្រាវលម្អិត។ លោកថា ការចាប់ខ្លួន ឬបញ្ជូនពលករមកស្រុកវិញ មិនមែនជារឿងថ្មីឡើយ ប៉ុន្តែលោកថ្លែងបែបងឿងឆ្ងល់ថា តើរដ្ឋាភិបាលកម្ពុជា ចេះខ្មាសអៀនប្រទេសជិតខាងដែរឬទេ ចំពោះបញ្ហាពលករខ្មែរនេះ៖ «ម្ដងនេះខាងតម្រួតថៃ ផ្ដាំទៅរដ្ឋាភិបាលកម្ពុជា ផង សូមឲ្យយកចិត្តទុកដាក់កុំឲ្យមានអ្នកចូលទឹកដីគេខុសច្បាប់បន្តទៀត។ អ៊ីចឹងវាជាសារមួយចំពោះប្រទេសមួយដែលមានអធិបតេយ្យភាពគ្រប់គ្រាន់។ យើងមិនគួរណាបណ្ដែតបណ្ដោយឲ្យប្រជាពលរដ្ឋ អ្នកដែលអាចឲ្យចូលទៅមានខាងព្រំដែន និងខាងច្រករបៀងអីហ្នឹង ចេះតែបណ្ដែតបណ្ដោយឲ្យចូលទាំងបំពានច្បាប់ក៏អនុញ្ញាតដែរ»។

សមត្ថកិច្ចច្រកទ្វារប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឲ្យដឹងថា ក្រោយបុណ្យចូលឆ្នាំខ្មែររួចភ្លាម ពលករខ្មែររាប់រយនាក់ក្នុង ១ថ្ងៃៗ សម្រុកទៅធ្វើការងារនៅប្រទេសថៃ វិញ។ ប៉ុន្តែសមត្ថកិច្ចថៃ ក៏ចាប់បញ្ជូនពលករខ្មែរខុសច្បាប់មកស្រុកវិញរាល់ថ្ងៃដែរ ដោយតម្រួតថៃ ដឹកមកដាក់ចោលនៅព្រំដែនក្នុងទឹកដីខ្មែរមានចន្លោះពី ១៦ឡានទៅ ១៩ឡាន ឬស្មើនឹងពលករចន្លោះពី ៧៧០ ទៅ ១.១០០នាក់ក្នុង ១ថ្ងៃ៕

website_news/2017200402.txt · Last modified: 2017/08/24 15:18 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki