website_news:2017200405

ក្រុមហ៊ុនកូរ៉េមួយ គ្រោងវិនិយោគនៅកម្ពុជា ហើយនាំយកពលករខ្មែរពីកូរ៉េមកធ្វើការនៅកម្ពុជាវិញ

https://thmeythmey.com 20, Apr 2017 , 8:59 am

ភ្នំពេញ៖ ក្រុមហ៊ុនផលិតសម្ភារបន្ទប់ទឹក ( Saturn Bath Co.LTD ) នៃប្រទេសកូរ៉េ គ្រោងដាក់ទុនវិនិយោគនៅប្រទេសកម្ពុជា ដោយនឹងនាំយកពលករខ្មែរ ដែលបម្រើការងារនៅក្នុងរោងចក្រប្រទេសកូរ៉េ ត្រឡប់មកបំពេញការងារនៅកម្ពុជាវិញដែរ។

ក្នុងជំនួបជាមួយគណៈប្រតិភូកម្ពុជា ដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េនោះ តំណាងរោងចក្រផលិតសម្ភារបន្ទប់ទឹករបស់កូរ៉េនេះ បាននិយាយថា ពួកគេមានបំណងមកវិនិយោគនៅកម្ពុជា ដោយទទួលយកពលករខ្មែរ ដែលកំពុងតែធ្វើការឲ្យរោងចក្រខ្លួនស្រាប់នេះ ត្រឡប់មកធ្វើការនៅកម្ពុជាវិញ នៅពេលដែលពួកគេត្រូវចប់អាណត្តិការងារនៅប្រទេសកូរ៉េនោះ។ តំណាងរោងចក្រខាងលើនេះ បានបញ្ជាក់ដូច្នេះថា៖«ពេលនេះរោងចក្រក៏មានគម្រោងបណ្តុះបណ្តាលជំនាញខ្ពស់ដល់ពលករកម្ពុជា ដើម្បីឲ្យពួកគេមានជំនាញច្បាស់លាស់ ហើយត្រឡប់ទៅវិញអាចធ្វើការជាមួយក្រុមហ៊ុនកូរ៉េ និងក្រុមហ៊ុនផ្សេងៗបាន»។

ជាការឆ្លើយតបរដ្ឋមន្ត្រីក្រសួងការងារលោក អ៊ិត សំហេង សាទរចំពោះរោងចក្រដែលមានបំណងមកវិនិយោគនៅកម្ពុជា ដែលកំពុងត្រូវការអភិវឌ្ឍផ្នែកសំណង់នេះ ។ «កោតសរសើរចំពោះរោងចក្រ ដែលបានយកចិត្តទុកដាក់ ចំពោះពលករកម្ពុជា និងបានបណ្តុះបណ្តាលជំនាញដល់ពួកគេ។ បច្ចុប្បន្នកម្ពុជាកំពុងមានការអភិវឌ្ឍផ្នែកសំណង់ ដែលត្រូវការនូវសម្ភារគ្រប់ប្រភេទសម្រាប់សាងសង់ និងត្រូវការអ្នកមានជំនាញផ្នែកនេះផងដែរ »។ នេះបើតាមហ្វេសប៊ុកក្រសួងការងារ។ រោងចក្រផលិតសម្ភារបន្ទប់ទឹកនេះ គឺជាប់លំដាប់លេខ ១ នៅប្រទេសកូរ៉េ សម្រាប់ផ្គត់ផ្គង់ទៅដល់ក្រុមហ៊ុនសំណង់ធំៗនៅកូរ៉េ និងកំពុងនាំចេញទៅប្រទេសអូស្ត្រាលី និងសហរដ្ឋអាមេរិក។ ហើយរោងចក្រនេះក៏បានចុះ MOU ជាមួយប្រទេសមីយ៉ាន់ម៉ា ដើម្បីដំឡើងរោងចក្រនៅទីនោះផងដែរ៕

website_news/2017200405.txt · Last modified: 2017/04/20 15:23 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki