website_news:2017200407

កម្ពុជា មិនមានបំណងជម្លៀសពលករពី កូរ៉េ មកវិញទេ

http://www.postkhmer.com Thu, 20 April 2017 ទូច សុខា

ភ្នំពេញៈ កម្ពុជាកំពុងតាមដានស្ថានការណ៍នៅឧបទ្វីបកូរ៉េដែលកំពុងតែឡើងកម្តៅយ៉ាងយកចិត្តទុកដាក់ ប៉ុន្តែមិនមានបំណងណាមួយដើម្បីជម្លៀសពលកររបស់ខ្លួនជាង ៤ ម៉ឺននាក់ដែលកំពុងធ្វើការស្របច្បាប់នៅប្រទេសកូរ៉េខាងត្បូងមកកម្ពុជាវិញទេ។ ក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការនៅកោះពេជ្រកាលពីម្សិលមិញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានដកស្រង់សម្តីដោយរដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ ដោយទំនងមានសេចក្តីថាកម្ពុជាមិនមានបំណងណាមួយជម្លៀសពលករកម្ពុជាពីកូរ៉េខាងត្បូងនោះទេ ខណៈឧបទ្វីបមួយនេះកំពុងប្រឈមនឹងសង្គ្រាមកើតឡើង។

លោក កាញារីទ្ធ បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកកាលពីម្សិលមិញថា៖ «បើគ្រាន់តែឮឆូងឆាំងបន្តិចយើងនាំយកពលករយើងពីកូរ៉េខាងត្បូងទាំងអស់ តើពេលក្រោយយើងអាចសុំឲ្យកូរ៉េខាងត្បូងទទួលយកពលករយើងវិញទេ?»។

ចំណែកអ្នកនាំពាក្យក្រសួងព័ត៌មានលោក អ៊ុក គឹមសេង ដែលបានចូលរួមក្នុងជំនួបនោះដែរមានប្រសាសន៍ប្រាប់ភ្នំពេញប៉ុស្តិ៍ថាលោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថារដ្ឋាភិបាលបានយកចិត្តទុកដាក់ក្នុងការតាមដានស្ថានការណ៍នៅឧបទ្វីបកូរ៉េនេះ។ លោកបន្តថា ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីនេះគឺជាការបង្ការទុកមុនមួយដែរដោយថាមានក្រុមប្រឆាំងខ្លះតែងតែរិះគន់រដ្ឋាភិបាលថាមិនបានយកចិត្តទុកដាក់លើពលករនៅកូរ៉េខាងត្បូង។លោកបន្តថា៖ «ខ្ញុំពិបាកក្នុងការដកស្រង់សម្តីរបស់សម្តេចឲ្យចំណាស់តែ (សម្តេចថា) ប្រទេសទាំងពីរបានសហការគ្នា ផ្តល់ប្រយោជន៍…យើងអត់មានត្រូវការច្របូកច្របល់ខុសលំអានទេ ប្រទេសគេរឹងមាំ ប្រជាពលរដ្ឋនៅធ្វើការជាប្រក្រតី…ស្រុកគេដូចជាមិនខ្វល់ពីរឿងហ្នឹងផងហ្នឹង…ពលករនៅធ្វើការធម្មតា»។

អ្នកនាំពាក្យក្រសួងការបរទេសលោក ជុំ សុន្ទរី ថ្លែងថាលោកមិនទាន់អាចធ្វើអត្ថាធិប្បាយណាមួយបានទេអំពីបញ្ហានេះ។

ចំណែកអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០១៧ ខណៈលោក និងមន្ត្រីជាន់ខ្ពស់ក្រសួងការងារទៅជួបពលករនៅកូរ៉េខាងត្បូងថាស្ថានភាពប្រជាពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូងមានសុវត្ថិភាព និងមិនមានអ្វីគួរឲ្យបារម្ភនោះទេ។ លោកថា ក្រសួងបានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានការណ៍នៅឧបទ្វីបកូរ៉េហើយក្រសួងមានវិធីសាស្រ្តចាំបាច់ក្នុងការគ្រប់គ្រងសុវត្ថិភាពជូនពលករនៅទីនោះទៅតាមការវិវត្តជាក់ស្តែង។ លោកសរសេរទៀតថា៖ «ហេតុដូច្នេះសូមសាធារណជនជាពិសេសឪពុក ម្តាយ និងក្រុមគ្រួសារពលករមេត្តារក្សាស្ថានភាពស្ងៀមស្ងាត់ និងកុំព្រួយបារម្ភចំពោះស្ថានភាពតានតឹងនៅទីនេះ»។

ពលករខ្មែរបម្រើការនៅកូរ៉េខាងត្បូងលោក គង់ សារី បានប្រាប់ភ្នំពេញប៉ុស្តិ៍ថាស្ថានទូតខ្មែរកាលពីអំឡុងពេលចូលឆ្នាំខ្មែរបានណែនាំពលករកុំឲ្យមានក្តីបារម្ភពីស្ថានភាពនៅឧបទ្វីបកូរ៉េនេះដោយថារដ្ឋាភិបាលបានយកចិត្តទុកដាក់ក្នុងការតាមដានស្ថានការណ៍នេះហើយ និងស្នើឲ្យពលករបន្តធ្វើការជាធម្មតា។ លោកថា ពលករនៅទីនោះមានមួយចំនួនបារម្ភពីសុវត្ថិភាពនៅពេលឃើញពីស្ថានការណ៍តានតឹងនៅឧបទ្វីបកូរ៉េនេះតែអ្នកខ្លះក៏មិនបារម្ភអ្វីដែរ ហើយពួកគេមិនជឿថានឹងមានសង្គ្រាមកើតឡើងនោះទេ។ លោកបន្ថែមថា៖ «បើតាមខ្ញុំគិតសង្គ្រាមមិនអាចកើតឡើងទេអ៊ីចឹងគិតថាវាមិនអីទេតែបារម្ភតិចតួចដែរ បើមានសង្គ្រាមដឹងតែងាប់ហើយព្រោះសុទ្ធតែជាតំបន់ដែលគេត្រូវកម្ទេចចោលព្រោះវាជាតំបន់សេដ្ឋកិច្ចរបស់កូរ៉េខាងត្បូង»។

បើតាមរបាយការណ៍របស់ក្រសួងការងារកាលពីខែមករាឆ្នាំ ២០១៧ ពលករខ្មែរស្របច្បាប់ដែលកំពុងធ្វើការនៅកូរ៉េខាងត្បូងមានប្រមាណជាជាង ៤ ម៉ឺន ៤ ពាន់នាក់។

គួរបញ្ជាក់ថាប្រមាណជាមួយសប្តាហ៍កន្លងមកនេះស្ថានភាពនៅឧបទ្វីបកូរ៉េមានភាពតានតឹង ខណៈដែលប្រទេសកូរ៉េខាងជើងបានបន្តផ្គើនទៅនឹងសម្ពាធអន្តរជាតិ និងសហរដ្ឋអាមេរិកដោយបន្តបាញ់សាកល្បងម៉ីស៊ីលរបស់ខ្លួនជាបន្តបន្ទាប់ និងបានប្តេជ្ញាបាញ់សាកល្បងជារៀងរាល់សប្តាហ៍ផងដែរបើទោះបីជាទទួលការបរាជ័យក្នុងការបាញ់សាកល្បងកាលពីថ្ងៃអាទិត្យក្តី៕

website_news/2017200407.txt · Last modified: 2017/04/20 16:22 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki