website_news:20172006001

រយៈពេល៥ឆ្នាំកម្ពុជាបានដកហូត និងទប់ស្កាត់ពលកម្មកុមារប្រមាណជិត៣ម៉ឺននាក់

http://www.bayon-tv-news.html 20/06/2017

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានប្រសាសន៍ថា ចាប់ពីឆ្នាំ២០១២ មកដល់បច្ចុប្បន្ន ក្រសួងបានដកហូត និងទប់ស្កាត់ពលកម្មកុមារប្រមាណ ២ម៉ឺន ៨ពាន់ ៥០០នាក់ ដើម្បីឲ្យកុមារ ទាំងនោះបានការអប់រំបណ្តុះបណ្តាលជំនាញ និងសមាហរណកម្មទៅក្នុងសង្គមជាតិវិញ។

នៅក្នុងពិធីអបអរសាទរទិវាកុមារកម្ពុជា និងទិវាកុមារអន្តរជាតិ១ មិថុនា ឆ្នាំ២០១៧ ក្រោមប្រធាន បទ លើកកម្ពស់ការចូលរួមរបស់កុមារ ដើម្បីអភិវឌ្ឍន៍សង្គម និងការពារកុមារពីពលកម្មកុមារនៅក្នុង ស្ថានភាពជម្លោះ និងគ្រោះមហន្តរាយ នៅព្រឹកថ្ងៃទី២០ ខែមិថុនានេះ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបញ្ជាក់បន្ថែមថា តួលេខខាងលើនេះ បង្ហាញថាចំនួនពលកម្មកុមារត្រូវបានកាត់បន្ថយពីចំនួន១៦.៥% នៃឆ្នាំ១៩៩៩ មកត្រឹម៨.៧% នៅឆ្នាំ ២០១៦ ដែលកៀកនឹងគោលដៅអភិវឌ្ឍសហវត្សរ៍។

ដោយឡែកចំនួនពលកម្មកុមារនៅក្នុងវិស័យសេដ្ឋកិច្ច មិនរៀបរយបានថយចុះគួរឲ្យកត់សម្គាល់ពីចំនួន៧៦ករណីនៅឆ្នាំ២០១៣មកនៅត្រឹមចំនួន៣៤ករណីនៅឆ្នាំ២០១៤ ថយចុះមកត្រឹមចំនួន១៣ករណី នៅឆ្នាំ២០១៥ និងចំនួន៤ករណី នៅឆ្នាំ២០១៦ និង១ករណីនៅឆមាសទី១ឆ្នាំ២០១៧ ស្របពេលដែលកម្លាំងពលកម្មនៅតាមគ្រឹះស្ថានសហគ្រាសបានកើនឡើងពី ៥០ម៉ឺននាក់ ដល់ ៧៣ម៉ឺននាក់។

លោកទុន សោភណ មន្រ្តីសម្របសម្រួលថ្នាក់ជាតិ នៃអង្គការពលកម្មអន្តរជាតិ (ILO)នៅភ្នំពេញ លើកឡើងថា ផ្អែកតាមភស្តុតាងដែលអង្គការធ្វើការអង្កេតពិសេសដែលធ្វើឡើងដោយវិទ្យាស្ថានជាតិស្ថិតិនៅឆ្នាំ២០១២ បានរកឃើញថា ពលកម្មកុមារពិតជាថយចុះដូចក្នុងរបាយការណ៍ក្រសួងកាងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបង្ហាញ ដែលពិតជាបានថយចុះពី១៦%នៅឆ្នាំ១៩៩០ និងបានថយចុះពាក់កណ្តាលបន្ថែមទៀតនៅចន្លោះឆ្នាំ២០១១-២០១២។ ទិវាកុមារកម្ពុជា និងទិវាកុមារអន្តរជាតិ១មិថុនា ឆ្នាំ២០១៧ ក្រោមប្រធានបទ លើកកម្ពស់ការចូលរួមរបស់កុមារ ដើម្បីអភិវឌ្ឍន៍សង្គម និងការពារកុមារពីពលកម្មកុមារនៅក្នុងស្ថានភាពជម្លោះ និងគ្រោះមហន្តរាយនេះ ដើម្បីរំលឹកដល់សិទ្ធិជាមូលដ្ឋានរបស់កុមារ និងបង្ហាញពីការយកចិត្តទុក ដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងឡាយរបស់កុមារ ជាពិសេសជំរុញ កុមារឲ្យបានចូលរួមគ្រប់សកម្មភាព ដែលមានប្រយោជន៍ដល់សង្គម និងការពារកុមារពីពលកម្មកុមារ គ្រប់ទម្រង់៕

website_news/20172006001.txt · Last modified: 2017/06/20 15:15 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki