website_news:20172006002

ក្រសួងកសិកម្មថាការធ្វើចំណាកស្រុករបស់ពលរដ្ឋខ្មែរដូចគ្នាទៅនឹងប្រទេសជាច្រើននៅអ៊ឺរ៉ុប

http://www.v-o-d-news.html ដោយ លោក ហ៊ុន សិរីវឌ្ឍន៍ ថ្ងៃអង្គារ ទី២០ ខែមិថុនា ឆ្នាំ២០១៧

ក្រសួងកសិកម្មថាការធ្វើចំណាកស្រុករបស់ពលរដ្ឋខ្មែរពីទីជនបទ ទៅទីក្រុង និងក្រៅប្រទេសគឺមិនមែនជារឿងចំឡែកនោះទេ ដោយថាមានប្រទេសជាច្រើននៅអឺរ៉ុប និងអាស៊ីក៏ធ្វើបែបនេះដូចគ្នាដែរ។

ក្នុងរបាយការណ៍ស្រាវជា្រវដែលបោះផ្សាយកាលពីថ្ងៃទី១៣ មិថុនា ក្រសួងកសិកម្មរកឃើញថា កំលាំងពលកម្មក្នុងវិស័យកសិកម្មរបស់កម្ពុជាបានធ្លាក់ពី៨០%នៅឆ្នាំ១៩៩៣ មកកាន់៤០%ក្នុងឆ្នាំ២០១៧។ ការធ្លាក់ចុះនេះបណ្តាលមកពីការធ្វើចំណាកស្រុកពីទីជនបទ ទៅកាន់ទីក្រុង ឬក្រៅប្រទេសដើម្បីរកប្រាក់ចំណូលបន្ថែមក្រៅពីវិស័យកសិកម្ម។

ក្រសួងបានបញ្ជាក់ថាដំណើរវិវត្តន៍នេះគឺដូចគ្នាទៅនឹងបណ្តាប្រទេសមួយចំនួននៅសហគមន៍អឺរ៉ុប និងប្រទេសអាស៊ីមួយចំនួន មានដូចជាអង់គ្លេស ហូឡង់ អ៊ីតាលី បារាំង ថៃ អាមេរិក ចិន ឥណ្ឌា ជប៉ុន កូរ៉េ វៀតណាម ភីលីពីន និងឥណូនេស៊ីជាដើម។ ក្រសួងបានបន្ថែមថាគោលនយោបាយមួយចំនួនរបស់កម្ពុជាដែលមានដូចជា ការអំពាវនាវឲ្យប្រទេសកំពុងអភិវឌ្ឍន៍ និងអភិវឌ្ឍន៍ទទួលយកពលករពីកម្ពុជា ការអភិវឌ្ឍវិស័យឧស្សាហកម្ម ការធ្វើសម្បទានដីសេដ្ឋកិច្ចជាដើមគឺត្រឹមត្រូវ ក្នុងការចែករំលែកការលំបាករបស់ប្រជាពលរដ្ឋកម្ពុជា។

នាយកមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស លោក ម៉ឿន តុលា យល់ថាការលើកឡើងរបស់រដ្ឋាភិបាលនេះគ្រាន់តែជាលេសរបស់ខ្លួនក្នុងការការពារលំហូរពលរដ្ឋពីក្នុងប្រទេសទៅក្រៅប្រទេសប៉ុណ្ណោះ លោកថាការធ្វើចំណាកស្រុករបស់ប្រជាជននៃប្រទេសនៅតំបន់អឺរ៉ុប ជាការធ្វើចំណាកស្រុកនៃការងារជំនាញមិនមែនជាពលករដូចការធ្វើចំណាកស្រុករបស់ពលរដ្ឋកម្ពុជានោះទេ។ លោកថា៖ «អញ្ចឹងអ្វីដែលគេ(អឺរ៉ុប) ធ្លាប់ប្រើកម្លាំងគ្នាពី២០ ៣០នាក់ទៅ១០០នាក់អញ្ចឹង គេបែមកប្រើតែម៉ាស៊ីនមួយហើយប្រើតែមនុស្សម្នាក់ឬពីរនាក់ហ្នឹងគឺបានហើយ អាហ្នឹងជាអ្វីដែលធ្វើឲ្យធ្លាក់ចំនួនអ្នកធ្វើកសិកម្មនៅក្នុងវិស័យកសិកម្មហ្នឹង ហើយកម្លាំងទាំងអស់ហ្នឹងគាត់ងាកមករកវិស័យឧស្សាហកម្មកែច្នៃវិញបច្ចេកវិទ្យាអី។ល។ តែក្នុងស្រុកយើងផ្សេងៗ នៅក្នុងស្រុកយើងគឺដោយសារតែនៅក្នុងកសិកម្មអស់ហ្នឹងគឺ ទីមួយគឺយើងអត់មានទីផ្សារ ធ្វើកសិកម្មបានហើយយើងអត់មានទីផ្សារសម្រាប់ស្រូបយកផលិតផលរបស់គាត់»។

បើតាមលោក ម៉ឿន តុលា ដោយសារតែប្រទេសកម្ពុជាជាប្រទេសកសិកម្មហើយនៅកំពុងអភិវឌ្ឍន៍នៅឡើយ លោកឲ្យជាយោបល់ថាទាំងនេះហើយគួរតែរដ្ឋយកចិត្តទុកដាក់ទៅលើវិស័យកសិកម្ម ដោយជួយកសិករឲ្យនៅតែជាម្ចាស់ដីរបស់ខ្លួន ហើយធ្វើការផលិតមានអ្នកទិញត្រឹមត្រូវ មិនគួរបណ្តែតបណ្តោយឲ្យពលរដ្ឋខ្លួនធ្វើចំណាកស្រុក ហើយការពារការធ្វើចំណាកស្រុកនោះថាជាអ្វីដែលត្រឹមត្រូវនោះទេ។

វិស័យកសិកម្មនៅកម្ពុជាត្រូវបានគេមើលឃើញថានៅមានភាពទន់ខ្សោយនៅឡើយបើធៀបទៅនឹងប្រទេសនានាទៅក្នុងតំបន់អាស៊ាន ហើយការធ្វើចំណាកស្រុករបស់ពលរដ្ឋនោះទៀតសោតក៏ទទួលបានការរិះគន់ជាច្រើនផងដែរពីកំម្សោយនៃការគ្រប់គ្រងរបស់រដ្ឋាភិបាលទៅលើការរកកាងារជូនប្រជាពលរដ្ឋ។ ក្នុងរបាយការណ៍ក្រសួងការងារបានឲ្យដឹងថា រហូតមកដល់ឆ្នាំ២០១៦នេះពលករខ្មែរចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេសមានជាង ១,១៥លាននាក់ ដែលក្នុងមួយឆ្នាំពលករចំណាកស្រុកទាំងនោះអាចនាំចំណូលបានជាង១,៧ពាន់លានដុល្លាអាមេរិកមកកម្ពុជា ព្រមទាំងទទួលបាននូវមុខជំនាញវិជ្ជាជីវៈក្នុងពេលកំពុងធ្វើការនោះផងដែរ៕

website_news/20172006002.txt · Last modified: 2017/06/20 15:21 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki