website_news:2017200702

ហាងម៉ាស្សា កោសជប់ បង្កប់សេវារួមភេទ ត្រូវសមត្ថកិច្ចចុះបង្ក្រាប

http://www.yob-minh-news.html អ៊ី បញ្ញា | July 19, 2017

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ នេះ កម្លាំងសមត្ថកិច្ចនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃក្រសួងមហាផ្ទៃ សហការជាមួយ អង្គការ មេត្រីភាព អន្តរជាតិក្រោមការសម្របសម្រួល ដោយលោក គង់ សំសារ៉េត ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំង ហាងម៉ាស្សា កោសជប់ យីហោ ៦៦៦៦ មួយកន្លែងដែលសង្ស័យថា បានបង្កប់សេវាបម្រើផ្លូវភេទខុសច្បាប់ មានទីតាំងនៅទល់មុខសណ្ឋាគារស្រែលាភ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

យោងតាមសមត្ថកិច្ចបានឱ្យដឹងថា ក្នុងប្រតិបត្តិការនេះ ឃាត់ខ្លួន ជនសង្ស័យជាម្ចាស់ហាង និងមេកាបានចំនួន ៣នាក់ (ស្រីម្នាក់) និងជួយសង្គ្រោះបានស្ត្រីជនរងគ្រោះ ចំនួន ៩នាក់ (អនីតិជនម្នាក់)។ សមត្ថកិច្ចក៏បានដកហូត ស្រោមអនាម័យប្រើរួច និងមិនទាន់ប្រើមួយចំនួនធំ និងម៉ូតូ ចំនួន ០៣គ្រឿង ផងដែរ ។

ក្រោយប្រតិបត្តការ ទីតាំងហាងម៉ាស្សាត្រូវបានព្រះរាជអាជ្ញារង សម្រេចបិទទ្វាសិន ចំណែក ជនសង្ស័យ និងជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃក្រសួងមហាផ្ទៃ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ៕

website_news/2017200702.txt · Last modified: 2017/07/20 13:38 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki