website_news:2017200704

កំពូលជម្រះក្ដីរឿងជួញដូរឲ្យធ្វើពលករនេសាទ

http://www.phnompenh-post-news.html Thu, 20 July 2017 គឹម សារុំ

ភ្នំពេញៈ តុលាការកំពូលកាលពីម្សិលមិញបានបើកសវនាការលើបណ្តឹងរដ្ឋប្បវេណីដោយបានកោះហៅដើមបណ្ដឹងជាឪពុកម្តាយពលករ ១៨ នាក់ និងពលកររងគ្រោះ ៥ នាក់ដែលបានចោទក្រុមហ៊ុនចិនតៃវ៉ាន់មួយថាបានជួញដូរពួកគេឲ្យទៅធ្វើជាពលករនេសាទនៅប្រទេសអាហ្វ្រិកខាងត្បូង ខណៈស្ត្រីជាម្ចាស់ក្រុមហ៊ុននៅកម្ពុជាត្រូវតុលាការផ្តន្ទាទោសដាក់គុក ១០ ឆ្នាំ។

លោក ថេរ បូរ៉ា អាយុ ៣៤ ឆ្នាំជាជនរងគ្រោះម្នាក់ក្នុងចំណោម ៥ នាក់ដែលត្រូវបានជួយរំដោះពីស្ថានទូតនៅប្រទេសហ្វីជីតំបន់អាហ្វ្រិកខាងត្បូងបានប្រាប់ចៅក្រមថាក្នុងអំឡុងខែមិថុនា ឆ្នាំ ២០១០ គាត់បានដាក់ពាក្យទៅធ្វើការនៅជប៉ុនតាមរយៈក្រុមហ៊ុន GIANT OCEAN INTERNATIONAL FISHERY Co.Ltd ដែលមានថៅកែស្រីជាចិនតៃវ៉ាន់ឈ្មោះ LIN LI CHEN ហៅ LIN YU-HSIN អាយុ ៥២ ឆ្នាំ។ លោកថាក្រោយមកក្រុមហ៊ុនឲ្យពួកគាត់ចុះកិច្ចសន្យាបើកប្រាក់ក្នុង ១ ខែ ១៥០ ដុល្លារ លុះធ្វើការបាន ២ ឆ្នាំទទួលប្រាក់ខែបាន ៣៥០ ដុល្លារ។ បន្ទាប់មកក្រុមហ៊ុនបានបើកកុងធនាគារអេស៊ីលីដាឲ្យដោយប្រាប់ថាទុកឲ្យក្រុមគ្រួសារនៅកម្ពុជាជាអ្នកបើកលុយ។ ចំណែកពួកគាត់ត្រូវក្រុមហ៊ុនធ្វើលិខិតឆ្លងដែនឲ្យហើយបានបង្រៀនពីរបៀបនេសាទត្រី ១ខែទើបបញ្ជូនទៅប្រទេសកូរ៉េខាងត្បូង។ បូរ៉ា ថ្លែងថាពេលទៅដល់កូរ៉េពួកគាត់មិនត្រូវបានគេបញ្ជូនទៅជប៉ុនតាមកិច្ចសន្យាទេ តែបែរជាបញ្ជូនទៅប្រទេសហ្វីជីទៅវិញ ខណៈពលករខ្មែរខ្លះត្រូវបញ្ជូនទៅប្រទេសឥណ្ឌូនេស៊ី ឥណ្ឌាម៉ាឡេស៊ី ជប៉ុន កោះតៃវ៉ាន់ និងប្រទេសមួយចំនួនទៀត។ លោក បូរ៉ា បន្តថាពេលពួកគាត់រស់នៅក្នុងកប៉ាល់នេសាទបាន ១ ខែក៏សុំថៅកែបើកប្រាក់ខែ តែថៅកែថាគេមិនដឹងទេ ព្រោះគេឲ្យលុយទៅថៅកែស្រីអស់ហើយដោយគិតរយៈពេល ៣ ឆ្នាំឯណោះ។

ចំពោះកប៉ាល់នេសាទនោះ ១ ឆ្នាំកន្លះទៅ ២ ឆ្នាំទើបឡើងគោកម្តងហើយនៅពេលបានឡើងគោកមានជនជាតិឥណ្ឌូនេស៊ី និងហ្វីលីពីនដែលធ្វើការជាមួយគ្នាបានរាយការណ៍ប្រាប់ស្ថាតទូតនៅប្រទេសហ្វីជី ទើបមានការរំដោះពួកគាត់បាននិងទាមទារឲ្យថៅកែចិននៅលើកប៉ាល់ផ្តល់លិខិតឆ្លងដែនឲ្យវិញ ហើយខាងស្ថានទូតរត់ការបានកន្លះខែទើបបញ្ជូនពួកគាត់មកកម្ពុជានៅថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០១២។ បូរ៉ា ប្រាប់ចៅក្រមបន្តថា៖ «ពួកខ្ញុំពីរនាក់បងប្អូនត្រូវគេឲ្យនេសាទត្រី ២៤ ម៉ោងក្នុងមួយថ្ងៃ និងមានពេលដេកតែ ២ ទៅ ៣ ម៉ោងទេ។ ខ្ញុំឈឺ ថៅកែមិនឲ្យថ្នាំខ្ញុំលេបទេ គេថាខ្ញុំធ្វើពុត ប៉ុន្តែគេឲ្យយើងហូបឆ្អែត។ យ៉ាងណាពួកខ្ញុំសុំទារសំណងពីស្ត្រីជាប់ចោទ ២៣ ខែដែលពួកខ្ញុំមិនបានបើកប្រាក់ខែ»។

លោក ស៊ុន សុខា ជាពលកររងគ្រោះមួយរូបទៀតប្រាប់ចៅក្រមថា៖ «ពួកខ្ញុំត្រូវបានក្រុមហ៊ុនបោកមិនបានបើកប្រាក់ខែឲ្យ ២៣ ខែហើយ ដូច្នេះពួកខ្ញុំទាមទារឲ្យក្រសួងការងារយកលុយដែលក្រុមហ៊ុនតម្កល់ ១០ ម៉ឺនដុល្លារ មកសងពួកខ្ញុំព្រោះមានពលករគ្រប់ខេត្តមកចុះឈ្មោះធ្វើការនៅក្រុមហ៊ុននោះ»។ ក្រោយពីមកដល់កម្ពុជាក្រុមពលករបានប្តឹងសមត្ថកិច្ចឲ្យចាប់ស្ត្រីជាប់ចោទហើយត្រូវសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោសនៅថ្ងៃទី ២៩ ខែមេសាឆ្នាំ ២០១៤ឲ្យស្ត្រីឈ្មោះ LIN LI CHEN រួមនឹងគូកន ៥ នាក់ទៀតដាក់គុកម្នាក់ ១០ ឆ្នាំ និងបង្គាប់ឲ្យតាមចាប់ខ្លួនមនុស្ស ៥ នាក់នេះ។ សំណុំរឿងនេះស្ត្រីជាប់ចោទ ដែលជាប់ឃុំនៅពន្ធនាគារខេត្តសៀមរាបបានប្តឹងទាស់ទៅសាលាឧទ្ធរណ៍តែត្រូវឧទ្ធរណ៍តម្កល់ទោស ១០ ឆ្នាំដដែលកាលពីថ្ងៃទី ២២ មេសាឆ្នាំ ២០១៥។

លោក អ៊ុក គឹមសិទ្ធិ អគ្គព្រះរាជអាជ្ញារងតំណាងមហាអយ្យការសន្និដ្ឋានថាស្ត្រីជាប់ចោទជាអ្នកចាត់ចែងក្នុងក្រុមហ៊ុនទាំងអស់។ដូច្នេះគាត់ត្រូវទទួលខុសត្រូវរឿងនេះ។ខ្ញុំសូមតម្កល់សាលក្រមតុលាការថ្នាក់ក្រោមដដែល។

អ្នកស្រីមេធាវី យឹម ថាវី និងអ្នកស្រី គាសុផល ការពារសិទ្ធិឲ្យពលករដើមបណ្តឹងថ្លែងថារឿងនេះមានជនរងគ្រោះមកដាក់ពាក្យ ៣ ទៅ ៤ អង្គការ ហើយកាលពីនៅតុលាការថ្នាក់ក្រោមអ្នកស្រីដាក់ពាក្យមានដើមបណ្តឹង ២១៥ នាក់ តែដល់កំពូលឃើញតែ ៥០ នាក់ទេ។ អ្នកស្រីថា៖ «រឿងនេះកូនក្តីខ្ញុំចង់បានសំណង ប៉ុន្តែក្រុមហ៊ុនបានបាត់ពីទីតាំងនោះហើយ ដូច្នេះលុយដែលក្រុមហ៊ុនតម្កល់នៅក្រសួងការងារគួរតែបង្វិលមកសងឲ្យជនរងគ្រោះ និងសូមតម្កល់សាលដីការបស់តុលាការថ្នាក់ក្រោមនៅដដែល»។

លោក ឈី សម្បត្តិ មេធាវីឲ្យស្ត្រីជាប់ចោទសន្និដ្ឋានថាកូនក្តីលោកមិនមានឈ្មោះនៅក្នុងបញ្ជីក្រសួងការងារទេហើយគាត់ក៏មិនមែនជាម្ចាស់ភាគហ៊ុនដែរគាត់គ្រាន់តែស៊ីឈ្មួលបម្រើការក្នុងក្រុមហ៊ុនប៉ុណ្ណោះ ប៉ុន្តែបែរជាតុលាការដាក់ទោសកូនក្តីលោកទាំងអយុត្តិធម៌ទៅវិញ។ «ខ្ញុំសូមក្រុមប្រឹក្សាពិចារណា»។ ក្រោយជំនុំជម្រះអ្នកស្រីចៅក្រម គឹមសត្ថាវី ថ្លែងថាសាលដីកានេះនឹងប្រកាសនៅថ្ងៃទី ២៦ កក្កដា ខាងមុខ៕

website_news/2017200704.txt · Last modified: 2017/07/20 13:52 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki