website_news:2017200707

លោក អ៊ិត សំហេង ទៅជួបភាគីថៃ ដើម្បីបន្តពិភាក្សាពីដំណោះស្រាយការពារពលករខ្មែរ

https://thmeythmey.com/ 20, Jul 2017 , 10:44 am

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បានទៅជួបភាគីថៃ ដើម្បីបន្តការដោះស្រាយបញ្ហាពលករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការងារនៅទីនោះ។

ក្នុងដំណើរទស្សនកិច្ចនេះ លោក អ៊ិត សំហេង ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍសង្គម និងសន្តិសុខមនុស្សជាតិនៃប្រទេសថៃ ដើម្បីពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីលុបបំបាត់ការជួញដូរមនុស្ស និងពង្រឹងការអនុវត្តលក្ខខណ្ឌការងារ។ ជាពិសេសការការពារពលករកម្ពុជាដែលស្នាក់នៅ និងធ្វើការនៅប្រទេសថៃ។ នេះបើតាមហ្វេសប៊ុកក្រសួងការងារ កាលពីថ្ងៃទី១៩ កក្កដា។ កន្លងមកក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា បានសហការជាមួយភាគីថៃ នឹងបើកយុទ្ធនាការ ១០០ថ្ងៃ សម្រាប់ធ្វើលិខិតឆ្លងដែនជូនពលករខ្មែរ ដើម្បីបញ្ចៀសការប្រឈមមុខនឹងច្បាប់ស្ដីពីច្បាប់គ្រប់គ្រងពលករបរទេសដ៏តឹងរ៉ឹងនៅប្រទេសថៃ ។

លោក អ៊ិត សំហេង ធ្លាប់បញ្ជាក់ថា អាជ្ញាធរថៃ បានផ្ដល់ការអនុគ្រោះរៀបចំឯកសារចុះបញ្ជីថ្មីសម្រាប់ពលករខ្មែរ ដោយប្រើរយៈពេល ១៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧។ បើតាមលោក អ៊ិត សំហេង ពលករខ្មែរកំពុងធ្វើការនៅទឹកដី មានចំនួនជាង១លាននាក់ ទាំងពលករស្របច្បាប់ និងខុសច្បាប់។

ថៃចេញក្រឹត្យស្ដីពីច្បាប់គ្រប់គ្រងពលករបរទេសដ៏តឹងរ៉ឹង ដែលចូលជាធរមានកាលពីថ្ងៃទី២៣ មិថុនា មានគោលដៅត្រួតពិនិត្យចំនួនពលករចំណាកស្រុកនៅប្រទេសថៃ ក៏ដូចជាពលករបរទេសដែលកំពុងធ្វើការខុសច្បាប់នៅថៃដែរ។ បញ្ញត្តិថ្មីនេះចែងថាជនជាតិថៃដែលជួលពលករបរទេសខុសច្បាប់ ត្រូវរងពិន័យជាប្រាក់ដល់ទៅជាង ២ម៉ឺន ៣ពាន់ដុល្លារសម្រាប់ពលករបរទេសម្នាក់។

ចំណែកជនបរទេសធ្វើការដោយគ្មានច្បាប់អនុញ្ញាតអាចរងពិន័យដល់ទៅជិត៣ពាន់ដុល្លារ និងត្រូវជាប់ពន្ធនាគារដល់ទៅ៥ឆ្នាំ ។ ការចេញបញ្ញត្តិថ្មីរបស់រដ្ឋាភិបាលថៃនេះ គឺជាការពង្រឹងតាមច្បាប់អន្តោប្រវេសន៍ ដើម្បីពង្រឹងច្បាប់ការងារនៅក្នុងប្រទេសថៃ។ ភាគីថៃទុករយៈពេល៤ខែ (១២០ថ្ងៃ) សម្រាប់ពលករខុសច្បាប់ ត្រឡប់ទៅប្រទេសពួកគេវិញសិន ដើម្បីរៀបចំឯកសារឲ្យបានត្រឹមត្រូវតាមច្បាប់ សឹមនឹងត្រឡប់ទៅធ្វើការនៅប្រទេសថៃវិញ៕

website_news/2017200707.txt · Last modified: 2017/07/20 14:07 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki