website_news:2017200708

ក្រោយបញ្ចប់ក្តី នៅតុលាការរឿងជួញដូរ កម្លាំងពលកម្ម ពលករខ្មែរនេសាទសមុទ្រ ទទួលសំណងប្រាក់ឈ្នួល

http://www.c-e-n-news.html (ថ្ងៃទី 20 កក្កដា 2017, ម៉ោង 10:07:AM) | ដោយ: បន្ទាយ

បន្ទាយមានជ័យ: ក្រោយបញ្ចប់ក្តីក្តាំ នៅតុលាការខេត្តរ៉ាក់ណង ភាគខាងត្បូងប្រទេសថៃ រឿងជួញដូរកេងប្រវ័ញ្ច កម្លាំងពលកម្ម។ ករណីនេះ មន្ត្រីជំនាញ អាជ្ញាធរ និងអង្គការក្រៅរដ្ឋាភិបាលថៃ និងកម្ពុជា បានជ្រោមជ្រែងនោះ ពលករខ្មែរនេសាទសមុទ្រ ទទួលបានសំណង ប្រាក់ឈ្នួលហើយ។

អ្នកស្រី ឈា ម៉ានិត ប្រធានមណ្ឌលសំចត ក្រុងប៉ោយប៉ែត បានអោយដឹង នៅថ្ងៃទី១៩ កក្កដាថា: មន្ត្រីមន្ទីរ ក្រសួងសុខុមាលសង្គម ក្រសួងការងារ អង្គការទេសន្តប្រវេសន៍ អន្តរជាតិ (IOM) និងអ្នកពាក់ព័ន្ធភាគីថៃ បាននាំយកថវិកា ជាសំណងប្រាក់ឈ្នួល មកជូនពលករកម្ពុជា ចំនួន១២នាក់ ក្នុងចំណោម ១៥នាក់ នៅស្នាក់ការមណ្ឌលសំចត ក្រុងប៉ោយប៉ែត នៃមន្ទីរសង្គមកិច្ច ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៨ កក្កដា ។

ប្រាក់សំណងនោះ គឺជាលទ្ធផល នៃការឈ្នះក្តីរបស់ពលករខ្មែរ ១៥នាក់ ដែលត្រូវមេខ្យល់ និងថៅកែទូកនេសាទសមុទ្រ របស់ថៃ ឆបោក ជួញដូរ និងកេងប្រវ័ញ្ច កម្លាំងពលកម្ម ចំនួន១០ ខែកាលពីឆ្នាំ២០១៥ កន្លងមក គឺពេលដែលពលករ ត្រូវគេនាំចុះទូក ប៉ុន្តែក្រោយមក ពលករបានទទួលជំនួយ ជ្រោមជ្រែងពីមន្ត្រីជំនាញ និងអាជ្ញាធររដ្ឋាភិបាលថៃ អង្គការទេសន្តប្រវេសន៍អន្តរជាតិ និងអ្នកពាក់ព័ន្ធរំដោះ និងតស៊ូក្តីក្តាំ នៅតុលាការថៃ ខេត្តរ៉ាក់ណង។ សំណងប្រាក់ឈ្នួលនោះ ពលករខ្មែរម្នាក់ៗ ទទួលបាន ៦២.០០០ បាតប្រាក់ថៃ។ អ្នកស្រី ឈា ម៉ានិត បាននិយាយបន្តថា: នេះជាលទ្ធផល នៃកិច្ចសហប្រតិបត្តិការ តស៊ូមតិរបស់មន្ត្រីសមត្ថកិច្ច អាជ្ញាធរ អង្គការដៃគូជាតិ អន្តរជាតិថៃ និងកម្ពុជា ដើម្បីការពារសិទ្ធិពលករខ្មែរ ដែលរងគ្រោះ ដោយការនាំរត់ឆ្លងដែនខុសច្បាប់ និងជួញដូរ កេងប្រវ័ញ្ចពលកម្មនៅប្រទេសថៃ។

លោក ឃួន សុឃិន អាយុ៤៤ឆ្នាំ ,យុវជន នឿម សុខា អាយុ១៩ឆ្នាំ ជាពលករ ក៏ដូចឪពុកម្តាយពួកគេ មូល រឿន, ទូច វ៉ាន់ ជាដើម បានថ្លែងអំណរគុណមន្ត្រី អ្នកពាក់ព័ន្ធទាំងភាគីថៃ និងភាគីកម្ពុជា ដែលបានជួយរំដោះពួកខ្លួន ពីការបង្ខាំងទុក បង្ខំអោយធ្វើការនេសាទសមុទ្រ ក៏ដូចជា តស៊ូមតរឿងក្តីនេះ រហូតបានសម្រេវជោគជ័យ ហើយអោយថៅកែទូក ព្រមសងសំណងប្រាក់ឈ្នួល ដែលពួកខ្លួន បានធ្វើកន្លងមក នៅទឹកដីថៃ។ ពួកខ្លួនក៏អះអាងថា នឹងមិនប្រថុយប្រថាន ទៅរកការងារធ្វើដោយ ឆ្លងដែនខុសច្បាប់ តាមរយ:មេខ្យល់ បែបនេះទៀតហើយ។

website_news/2017200708.txt · Last modified: 2017/08/24 14:57 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki