website_news:2017200710

ឧត្តមសេនីយ៍យោធាថៃម្នាក់ស្ថិតក្នុងចំណោមជនដែលត្រូវបានផ្តន្ទាទោសពីបទជួញដូរមនុស្ស

http://www.rasmei-kampuchea-news.html July 20, 2017

ឧត្តមសេនីយ៍យោធាថៃម្នាក់បានស្ថិតក្នុងចំណោមជនលេចធ្លោបំផុតមួយរូប ដែលត្រូវបានរកឃើញទោសកំហុសកាលពីថ្ងៃពុធទី ១៩ កក្កដា ក្នុងសវនាការកាត់ទោសអំពីករណីជួញដូរមនុស្សដ៏ធំមួយ ដែលរួមមានជនជាប់ចោទជាង ១០៣ នាក់ ដែលត្រូវបានចោទប្រកាន់ថាពាក់ព័ន្ធក្នុងជំនួញទាសករសម័យទំនើប។ ជនជាប់ចោទទាំងអស់ត្រូវបានចោទប្រកាន់ពីបទជួញដូរមនុស្ស ហើយមិនបានសារភាពទោសកំហុសទេ។ លោកឧត្តមសេនីយ៍ឯក ម៉ាណាស គង់ផែន បានទទួលទោសជាប់គុកសរុប ២៧ ឆ្នាំ សម្រាប់បទចោប្រកាន់អំពីការជួញដូរមនុស្សច្រើនករណី និងបទល្មើសជាច្រើនទៀត។

ចៅក្រមនៅតុលាការព្រហ្មទណ្ឌក្រុងបាងកកនិយាយថា ឧត្តមសេនីយ៍រូបនេះក៏ត្រូវបានរកឃើញទោសកំហុសក្នុងការចូលរួមក្នុងបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន និងបានធ្វើការជាមួយអ្នកផ្សេងទៀតដើម្បីសម្របសម្រួលការជួញដូរមនុស្ស” ។

លោក ម៉ាណាស ត្រូវគេចាប់អារម្មណ៍ជាងគេដោយសារតែឋានៈនិងតួនាទីរបស់គាត់ជាមន្ត្រីជាន់ខ្ពស់នៃបញ្ជាការប្រតិបត្តិការសន្តិសុខផ្ទៃក្នុង (Isoc) នៅភាគខាងត្បូង។ បទល្មើសរបស់គាត់គឺពាក់ព័ន្ធនឹងការជួញដូរមនុស្ស និងទទួលលុយសំណូកក្នុងករណីជាច្រើនពាក់ព័ន្ធនឹងជនចំណាកស្រុកមកពីមីយ៉ាន់ម៉ា និង បង់ក្លាដែស ដែលគេប្រដូចទៅនឹងជំនួញទាសករសម័យទំនើប។

តុលាការបានកត់សម្គាល់ថា ម៉ាណាស ដែលជាមន្ត្រីជាន់ខ្ពស់បំផុតនៅក្នុងសវនាការ កាន់តួនាទីសំខាន់ក្នុងផ្នែកសន្តិសុខ ដែលគ្របដណ្តប់លើថៃភាគខាងត្បូង ដែលជាមណ្ឌលជួញដូរមនុស្សក្នុងបណ្តាញមួយ លាតសន្ធឹងពីមីយ៉ាន់ម៉ាដល់ម៉ាឡេស៊ី។ គាត់កាន់តួនាទីមួយជាមួយទំនួលខុសត្រូវក្នុងការឃ្លាំមើល និង បណ្តេញជនចំណាកស្រុក ដែលចូលទឹកដីថៃខុសច្បាប់។ ដោយសារតែគាត់ជាមន្ត្រីរដ្ឋាភិបាល ដូច្នេះរាល់ការកាត់ទោសដែលគាត់ទទួលបាននឹងច្រើនជាងជនសាមញ្ញពីរដង ដែលបានរំលោភច្បាប់ស្តីពីការជួញដូរមនុស្ស៕ ដោយ៖ កញ្ញាដាលីស

website_news/2017200710.txt · Last modified: 2017/07/20 14:21 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki