website_news:2017201103

សមត្ថកិច្ចថៃចាប់ខ្លួនថៃនិងខ្មែរ១៦នាក់ ពីបទលួចចូលកាប់ឈើគ្រញូង

http://cambodiapolice.com/blog/archives/ ម៉ោង 11:12 am 18 វិច្ឆិកា 2017 14

ប្រទេសថៃ ៖ ជនសង្ស័យចំនួន១៦នាក់ ដែលក្នុងនោះមានពលករខ្មែរចំនួន១៥នាក់ផងនោះ ត្រូវបានកំលាំងចម្រុះថៃធ្វើការចាប់ខ្លួន ព្រមទាំងបានបញ្ជូនទៅឲ្យកម្លាំងជំនាញ ស្រុក វឌ្ឍនាណៈខន ដើម្បីសាកសួរបន្តផងដែរ ខណៈដែលពួកគេទាំងអស់គ្នាបានលបលួចចូលទៅកាន់ និងស្ពាយឈើគ្រញូងជាច្រើនផ្ទាំង ចេញពីតំបន់ព្រៃហាមឃាត់ ។

យោងតាមរបាយការណ៍របស់ភាគីថៃ បានអោយដឹងថា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧វេលាម៉ោង៧ព្រឹក កំលាំងចម្រុះដែលមានក្រុមទាហានឈុតខ្មៅ តម្រួត មន្ត្រីអនុរក្ស តំបន់ ឧទ្យានជាតិ ប៉ាងស៊ីដា និងកំលាំងរដ្ឋបាលព្រៃឈើ សរុបប្រមាណ៣០នាក់បានធ្វើការឡោមព័ទ្ធ និងរុកចូលទៅក្នុងព្រៃ ក្នុងតំបន់ហាមឃាត់ខាងលើ បន្ទាប់ពីទទួលបានព័ត៌មានថា មានមនុស្សជាច្រើននាក់បានលបចូលទៅក្នុងព្រៃដើម្បីស្ពាយផ្ទាំងឈើគ្រញូងចេញមកក្រៅ ប្រគល់ទៅអោយមេឈ្មួញ ។

នៅក្នុងកិច្ចប្រតិបត្តិការចម្រុះនេះ កំលាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សសរុបចំនួន១៦នាក់ដែលក្នុងនោះមានជនជាតិថៃម្នាក់ និងជនជាតិខ្មែរចំនួន១៥នាក់ ព្រមទាំងបានដកហូតឈើគ្រញូងបានចំនួន ៤៣ផ្ទាំង កាំភ្លើងកែច្នៃ ចំនួន៦ដើម និងកញ្ឆាមួយចំនួន ដែលទីតាំងនៃការឃាត់ខ្លួននេះ ស្ថិតក្នុងតំបន់ម៉ៃសិរីចំប៉ា ក្នុងឃុំណងម៉ាកហ្វាយ ស្រុកវឌ្ឍនាណៈខន ខេត្តស្រះកែវ ប្រទេសថៃ ។

ក្រោយពីធ្វើការឃាត់ខ្លួន ព្រមទាំងបានដកហូតនូវវត្ថុតាងមួយចំនួនរួចមក សមត្ថកិច្ចបានបញ្ជូនខ្លួនជនសង្ស័យទាំងអស់ ទៅកាន់ផែ្នករដ្ឋបាលព្រៃឈើ ស្រុកវឌ្ឍនាណៈខនដើម្បីសាកសួរបន្ត រកមេក្លោងដែលនៅពីក្រោយខ្នង ក្នុងការអនុវត្ត តាមផ្លូវច្បាប់ ៕

website_news/2017201103.txt · Last modified: 2017/11/20 12:02 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki