website_news:2017201106

ពលករខ្មែរ ១៥ នាក់ត្រូវតុលាការថៃឃុំខ្លួនពាក់ព័ន្ធនឹងការឆ្លងដែនចូលកាប់ឈើ

http://www.phnompenh-post-news.html Mon, 20 November 2017 ឃុត សុភចរិយា

បន្ទាយមានជ័យៈ ប្រជាពលករខ្មែរចំនួន ១៥ នាក់ និងបុរសជនជាតិថៃម្នាក់ ត្រូវបានតុលាការខេត្តស្រះកែវ ប្រទេសថៃ សម្រេចឃុំខ្លួនពាក់ព័ន្ធនឹងករណីឆ្លងដែនចូលទៅកាប់ឈើគ្រញូងក្នុងតំបន់ព្រៃការពារ និងប្រើប្រាស់អាវុធខុសច្បាប់ បន្ទាប់ពីពួកគេត្រូវបានចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ដោយកម្លាំងសមត្ថកិច្ចចម្រុះថៃប្រចាំស្រុកវឌ្ឍនាណៈខន។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថៃដែលបានផ្សព្វផ្សាយកាលពីម្សិលមិញ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ Amarin TV Channel 34, TV3 និង TV8 របស់ប្រទេសថៃដែលបានផ្សាយកាលពីម្សិលមិញបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមសមត្ថកិច្ចចម្រុះថៃដែលរួមមាន កម្លាំងយោធាព្រំដែន មន្ត្រីឧទ្យានុរក្ស និងកម្លាំងសមត្ថកិច្ចស្រុកវឌ្ឍនាណៈខន ខេត្តស្រះកែវសរុបជាង ៣០ នាក់បានបើកប្រតិបត្តិការរួមគ្នាក្នុងកិច្ចការពារ និងទប់ស្កាត់បទល្មើសឆ្លងដែន និងព្រៃឈើកាលពីថ្ងៃព្រហស្បតិ៍ទី ១៦ ខែវិច្ឆិកាឆ្នាំ ២០១៧ ដែលឈានទៅដល់ការបង្ក្រាប និងធ្វើការចាប់ជនសង្ស័យចំនួន ១៦ នាក់ ដែលនៅក្នុងនោះ ១៥ នាក់ជាជនជាតិកម្ពុជា និង ម្នាក់ជាជនជាតិថៃរួមទាំងរឹបអូសបានវត្ថុតាងមួយចំនួនទៀតផង។ បណ្ដាញសារព័ត៌មានទាំងនោះក៏បានដកស្រង់សម្ដីរបស់លោកវរសេនីយ៍ទោ Siwatat O Chaiwat ដែលដឹកនាំនៅក្នុងប្រតិបត្តិការនោះមកបញ្ជាក់ថា៖ «ក្រោយការចាប់ខ្លួនក្រុមកម្លាំងសមត្ថកិច្ចចម្រុះបានឆែករកឃើញមានអាវុធកែច្នៃ ៦ ដើម កញ្ឆាក្រៀម ៥ គីឡូក្រាម និង ឈើគ្រញូង ៤៣ ផ្ទាំងដែលមានទម្ងន់សរុប ១៥០០ គីឡូក្រាម»។

ក្រោយពីការចាប់ឃាត់ខ្លួនជនសង្ស័យទាំង ១៦ នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់តុលាការខេត្តស្រះកែវដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ហើយកាលពីថ្ងៃសៅរ៍។ ពួកគេទាំងនោះត្រូវបានតុលាការចោទប្រកាន់ពីបទ «កាប់បំផ្លាញព្រៃឈើក្នុងតំបន់ការពារ និងប្រើប្រាស់អាវុធខុសច្បាប់» និងបង្គាប់ឲ្យនាំយកទៅឃុំខ្លួនជាបណ្ដោះអាសន្នដើម្បីរង់ចាំការជំនុំជម្រះជាក្រោយ ។

កាលពីពេលថ្មីៗកន្លងទៅនេះ អាជ្ញាធរខេត្តបន្ទាយមានជ័យប្រទេសកម្ពុជា និងអាជ្ញាធរខេត្តស្រះកែវ ប្រទេសថៃបានបើកកិច្ចប្រជុំមួយស្ដីពីការពង្រឹងកិច្ចសហប្រតិបត្តិការគ្នាទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទដើម្បីរក្សាសន្តិភាពនៅតាមបន្ទាត់ព្រំដែននៃប្រទេសទាំង ២។

ជុំវិញករណីនេះលោក ឃួន ជឿន មេបញ្ជាការយោធាវរការពារព្រំដែនលេខ ៥០៣ កាលពីម្សិលមិញបានថ្លែងថា រហូតមកទល់ពេលនេះលោកនៅមិនទាន់ទទួលបានរបាយការណ៍ណាមួយពីភាគីយោធាថៃនៅឡើយទេ។ លោកបានបន្តថា ទោះជាបែបណាព័ត៌មាននោះលោកបានដឹងរួចមកហើយតាមរយៈប្រព័ន្ធផ្សព្វផ្សាយថៃកាលពីថ្ងៃសៅរ៍។ ស្រដៀងគ្នានេះដែរលោក យ៉ាល់ ប៊ុនពៅ មន្ត្រីទំនាក់ទំនងកិច្ចការព្រំដែនកម្ពុជា-ថៃ ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតថ្លែងថាករណីនេះក្រុមការងាររបស់លោកក៏មិនទាន់ទទួលបានរបាយការណ៍ផ្លូវការណាមួយពីភាគីថៃនោះដែរ។

ដោយឡែក អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ ប្រទេសថៃលោក ហ៊ុន សារឿន និងលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជាមិនអាចទំនាក់ទំនងសុំអធិប្បាយបានទេជុំវិញករណីនេះកាលពីម្សិលមិញ៕

website_news/2017201106.txt · Last modified: 2017/11/20 14:22 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki