website_news:2017201108

លីប៊ី ៖ នឹងស៊ើបអង្កេតរឿងការជួញដូរទាសករ

http://www.phnompenh-thmey-news. ចេញផ្សាយ ថ្ងៃទី 20/11/2017

លីប៊ី ៖ រដ្ឋាភិបាលបានប្រកាសកាលពីថ្ងៃអាទិត្យថា ប្រទេសលីប៊ីនឹងស៊ើបអង្កេតការជួញដូរទាសករនៅក្នុងប្រទេសនេះបន្ទាប់ពីមានការចេញផ្សាយវីដេអូដែលបង្ហាញថា ជនចំណាកស្រុកកំពុងត្រូវបានគេដាក់ដេញថ្លៃ។ប្រទេសលីប៊ីដែលមានភាពវឹកវរជាយូរមកហើយ គឺជាមជ្ឈមណ្ឌលឆ្លងកាត់ដ៏សំខាន់មួយសម្រាប់ជនអន្តោប្រវេសន៍ដែលព្យាយាមទៅដល់អឺរ៉ុប ហើយពួកគេជាច្រើននាក់ត្រូវបានរំលោភបំពានយ៉ាងសាហាវនៅក្នុងប្រទេសអាហ្វ្រិកខាងជើងមួយនេះក្នុងដៃអ្នកជួញដូរនិងអ្នកដទៃទៀត។

បណ្តាញទូរទស្សន៍ CNN របស់អាមេរិកបានចាក់ផ្សាយវីដេអូមួយកាលពីសប្តាហ៍មុននៃការលក់ដេញថ្លៃផ្ទាល់ក្នុងប្រទេសលីប៊ីដែលជាកន្លែងបុរសស្បែកខ្មៅត្រូវបានគេបង្ហាញទៅអ្នកទិញអាហ្វ្រិកខាងជើងហើយបានលក់ក្នុងតម្លៃត្រឹមតែ៤០០ដុល្លារប៉ុណ្ណោះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះកាលពីថ្ងៃអាទិត្យនៅលើទំព័រហ្វេសប៊ុករបស់ការិយាល័យសារព័ត៌មាន GNA បានឲ្យដឹងថា លោកឧបនាយករដ្ឋមន្ត្រី Ahmed Metig បាននិយាយថា រដ្ឋាភិបាលដែលគាំទ្រដោយអង្គការសហប្រជាជាតិរបស់គាត់នឹងស៊ើបអង្កេតការចោទប្រកាន់ទាំងនោះ។លោក Metig បាននិយាយថា លោកនឹងណែនាំការបង្កើតគណកម្មការមួយក្នុងការស៊ើបអង្កេតរបាយការណ៍ទាំងនេះដើម្បីចាប់ខ្លួននិងនាំអ្នកដែលទទួលខុសត្រូវមកកាត់ទោស។

របាយការណ៍ជាក់ស្តែងរបស់ CNN ដែលបង្ហាញជនចំណាកស្រុកកំពុងត្រូវបានលក់ដេញថ្លៃនៅក្នុងប្រទេសលីប៊ីគឺត្រូវបានចែករំលែកយ៉ាងទូលំទូលាយនៅលើបណ្តាញសង្គមហើយបង្កឲ្យមានកំហឹងនៅអាហ្វ្រិក អឺរ៉ុបនិងពិភពលោកទាំងមូល។វីដេអូថតដោយកាមេរ៉ាទូរស័ព្ទបានបង្ហាញពីបុរសម្នាក់ដែល CNN និយាយថាជាជនជាតិនីហ្សេរីយ៉ាក្នុងវ័យ២០ឆ្នាំត្រូវបានដាក់លក់ដើម្បីយកទៅធ្វើកសិកម្ម។ នៅក្នុងរបាយការណ៍របស់ទូរទស្សន៍ CNN បានបង្ហាញថា មនុស្សម្នាក់ដែលត្រូវបានគេស្គាល់ថាជាអ្នកដាក់ដេញថ្លៃគឺអាចត្រូវបានគេឮនិយាយថា “៨០០ … ៩០០ … ១,០០០ … ១,១០០ … ”មុនពេលបុរសពីរនាក់ត្រូវបានគេលក់ដាច់ក្នុងតម្លៃ ១,២០០ ឌីណាលីប៊ី (៨៧៥ ដុល្លារអាមេរិក) ។

យោងតាមប៉ូលិសបារាំងបានឲ្យដឹងថា មនុស្សប្រហែល១,០០០នាក់បានធ្វើដំណើរតាមដងផ្លូវនៅទីក្រុងប៉ារីសកាលពីថ្ងៃសៅរ៍ដើម្បីតវ៉ាប្រឆាំងនឹងទាសភាពនៅក្នុងប្រទេសលីប៊ី។ ការជួបជុំគ្នានេះបាននាំឲ្យមានការប៉ះទង្គិចគ្នារវាងបាតុករនិងកងកម្លាំងសន្តិសុខ។ ជនអន្តោប្រវេសន៍អាហ្វ្រិកមកពីប្រទេសជាច្រើនរួមមានប្រទេសហ្គីណេ សេណេហ្គាល់ ម៉ាលី នីហ្សេរ នីហ្សេរីយ៉ានិងហ្គាំប៊ីគឺបានធ្វើដំណើរប្រកបដោយគ្រោះថ្នាក់ឆ្លងកាត់សមុទ្រខ្សាច់សាហារ៉ាទៅប្រទេសលីប៊ីដោយសង្ឃឹមថានឹងឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេឆ្ពោះទៅប្រទេសអ៊ីតាលី៕

website_news/2017201108.txt · Last modified: 2017/11/20 14:31 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki