website_news:2017201202

តំណាងអយ្យការសុំឱ្យតុលាការលើកលែងចោទ លើជនជាតិចិនដែលនាំពលរដ្ឋខ្មែរទៅលក់នៅចិន រាប់សិបនាក់

http://ann.com.kh/site/news/ ថ្ងៃពុធ, 20 ខែធ្នូ 2017 9:08 ព្រឹក

រាជធានីភ្នំពេញ៖ កាលពីរសៀល ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ លោកស្រី ថ្លាង ផាណែត ប្រធានក្រុមប្រឹក្សាចៅ ក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការកាត់ទោសបុរសជនជាតិចិនម្នាក់ និងបុរសខ្មែរម្នាក់ មានតួនាទីនាយកវិទ្យាស្ថាន IPAT ពាក់ព័ន្ធ ករណីនាំនិស្សិតខ្មែរទៅលក់ឱ្យធ្វើជាកម្មកររោងចក្រនៅប្រទេសចិន។

លោក រៀល សុភិន ជាតំណាងអយ្យការ បានចោទប្រកាន់លើជនជាប់ចោទ ទី១.ឈ្មោះ អ៊ិន ស៊ីម៉ាណាន់ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរជានាយកវិទ្យាស្ថាន បណ្តុះបណ្តាលគណនេយ្យ វិជ្ជាជីវៈ (IPAT) និងទី២.ឈ្មោះ Liu Wing Hing ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិចិន ពីបទនាំចេញដោយមិនស្របច្បាប់ សម្រាប់នាំឆ្លងដែន ប្រព្រឹត្តអំឡុងចុងឆ្នាំ២០១៥ យោងតាមមាត្រា១១ នៃច្បាប់ស្តីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។

ក្នុងសវនាការជនជាប់ចោទឈ្មោះ អ៊ិន ស៊ីម៉ាណាន់ បានសារភាពថា ខ្លួនពិតជាបាន ផ្សព្វផ្សាយជ្រើសរើសនិស្សិត ឱ្យទៅរៀននៅសាកលវិទ្យាល័យ ច្នៃម៉ូតសម្លៀកបំពាក់ ផ្នែកច្នៃម៉ូតសម្លៀកបំពាក់ ក្នុងប្រទេសចិន ដោយតម្រូវឱ្យនិស្សិតបង់លុយពី ២,៥០០ដុល្លារ ទៅ៤,៥០០ដុល្លារ។ ជនជាប់ចោទបន្ដថា នៅពេលទៅដល់ប្រទេសចិន និស្សិតអាចមានការងារធ្វើក្រៅម៉ោង បានប្រាក់ខែចន្លោះពី៥០០ ទៅ៦០០ដុល្លារ ខ្លួនមិនបានបោកប្រាស់និស្សិតយកទៅលក់ឱ្យធ្វើជាកម្មករ នៅរោងចក្រក្នុងប្រទេសចិនឡើយ។ ចំណែកជនជាប់ចោទឈ្មោះ Liu Wing Hing បានបដិសេធថា ខ្លួនមិនបានដឹងរឿងអ្វីទេ គឺគ្រាន់តែជួយរត់ការឯកសារនាំនិស្សិត ទាំងអស់ទៅប្រទេសចិនតែប៉ុណ្ណោះ។

ជនរងគ្រោះដែលបានចូលរួមក្នុងសវនាការ បានអះអាងថា មាននិស្សិតចំនួន២២នាក់ ដែលត្រូវចាញ់បោកជនជាប់ចោទទាំងពីរនាក់ខាងលើ អស់ប្រាក់ពីចន្លោះ ២,៥០០ដុល្លារ ទៅ៤,៥០០ដុល្លារក្នុងម្នាក់ៗ។ ជនជាប់ចោទបានបញ្ជូនពួកគេ ទៅធ្វើជាកម្មកររោងចក្រកាត់ដេរ ដោយធ្វើការពី៨ ទៅ១០ម៉ោងក្នុង១ថ្ងៃ ដោយគ្មានពេលសម្រាក និងទទួលបានប្រាក់ខែតែ ១០០ ទៅ១២០ដុល្លារតែប៉ុណ្ណោះ មិនដូចជាអ្វីដែលជនជាប់ចោទបានសន្យានោះទេ។ក្រោយពីពួកគេដឹងខ្លួនថា ត្រូវចាញ់បោកគេ ជនជាតិចិនបាន ដកហូតលិខិតឆ្លងដែនរបស់បពួកគេទុក និងបង្ខាំងពួកគេឱ្យធ្វើការ គ្មានពេលសម្រាក។ ក្រោយមកដោយទ្រាំមិនបាន បពួកគេក៏បាននាំគ្នារត់ទៅរកស្ថានទូតខ្មែរឱ្យជួយអន្តរាគមន៍ និងបញ្ជូនមកប្រទេសកម្ពុជាវិញ។

អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺក្រោយពីសាកសួរដេញដោលចប់សព្វគ្រប់ លោក រៀល សុភិន ជាតំណាងអយ្យការ ដែលជាចោទប្រកាន់លើជនជាប់ចោទផ្ទាល់ បែជាស្នើសុំឱ្យតុលាការលើកលែងការចោទប្រកាន់លើជនជាប់ចោទជាជនជាតិឈ្មោះ Liu Wing Hing ទៅវិញ។

គេរងចាំមើលថា តើនៅពេលប្រកាសសាលក្រមព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ ខាងមុខ តុលាការនឹងលើកលែងការចោទប្រកាន់លើជនជាតិចិនដែល នាំពលរដ្ឋខ្មែរទៅលក់នៅប្រទេសចិន តាមសំណូមពរលោកតំណាងអយ្យការដែរឬទេ?៕ ដោយ៖ ឡុក សំរិត

website_news/2017201202.txt · Last modified: 2017/12/20 11:42 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki