website_news:2017201203

អាជ្ញាធរខេត្តបន្ទាយមានជ័យ ជំរុញគ្រប់ភាគីពាក់ព័ន្ធត្រូវបន្តបង្កើនសកម្មភាព ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សទាំងអស់គ្នា

http://www.akp.gov.kh/ AKP ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧

អាជ្ញាធរខេត្តបន្ទាយមានជ័យ បានជំរុញដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់បន្តប្រឹងប្រែងបង្កើនសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់រូបភាព ឱ្យមាន ប្រសិទ្ធភាពស្របទៅ តាមទិសដៅនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល។នៅក្នុងទិវាជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស១២ធ្នូ លើកទី១១ ដែលខេត្តបន្ទាយមានជ័យបានប្រារព្ធធ្វើនៅ ព្រឹកថ្ងៃអង្គារ ២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ នៅមាត់ស្ទឹងក្រុងសិរីសោភ័ណ មានអ្នកចូលរួមជិត២០០០នាក់ នោះឯកឧត្តម សួន បវរ អភិបាលខេត្ត បន្ទាយមានជ័យបានមានប្រសាសន៍ថា ទិវាដ៏មានសារៈសំខាន់នេះ មានការចូលរួមពីគ្រប់សមាសភាព ពាក់ព័ន្ធដែលជាអ្នកមានតួនាទីក្នុងការគាំទ្រ ឱ្យកិច្ចការមួយនេះ ទទួលបានលទ្ធផលគួរកត់សម្គាល់ក្នុង ការអប់រំផ្សព្វផ្សាយការអនុវត្ត ច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ក៏ដូចច្បាប់ផ្សេងៗទៀត ជុំវិញការរំលោភបំពាន ទៅលើសិទ្ធិមនុស្សការរំលោភបំពានទៅលើស្ត្រីនិងកុមារ និងការអនុវត្តវិធានការទាំងឡាយ ក្នុងការបង្ការទប់ស្កាត់និងបង្ក្រាបបទល្មើស។

ឯកឧត្តម សួន បវរ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តយកចិត្ត ទុកដាក់កាន់តែខ្លាំងក្លា ក្នុងការការពារប្រជាពលរដ្ឋ និងប្រទេសជាតិពីភាពរងគ្រោះទាំងឡាយ ដោយឧក្រិដ្ឋកម្មជួញដូរមនុស្ស ដែលបានបង្កឱ្យមានវិនាសកម្មជាថ្មីដល់មនុស្សជាតិ ហើយបាន និងកំពុងក្លាយជាទេសភាពសម័យទំនើបគួរភ័យខ្លាច និងស្អប់ខ្ពើមជាទីបំផុត។អភិបាលខេត្តបន្ទាយមានជ័យបានធ្វើការអះអាងថា ក្នុងនាមរដ្ឋបាលខេត្ត និងក្នុងនាមគណៈកម្មាធិការខេត្ត ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ប្តេជ្ញាបន្តខិតខំប្រឹងប្រែង ដើម្បីឱ្យប្រជាពលរដ្ឋកម្ពុជា និងមនុស្សជាតិ ក៏ដូចក្នុងខេត្តទទួលបានការគោរពសិទ្ធិសេចក្តីថ្លៃថ្នូរ ផលប្រយោជន៍ស្របច្បាប់ និងភាពសុខុដុមរមនា ដោយរួមសហការជាមួយបណ្តាដៃគូពាក់ព័ន្ធនានា ដើម្បីរួមគ្នាបង្ក្រាបអំពើជួញដូរមនុស្សគ្រប់រូបភាពនិងផ្តន្ទាទោសជនល្មើសឱ្យបានម៉ឺងម៉ាត់ដើម្បី កាត់បន្ថយនិងលុបបំបាត់ប្រសិទ្ធភាពបទលើស។ឯកឧត្តមបន្តទៀតថា យុទ្ធនាការនេះ នឹងបន្តធ្វើយ៉ាងគគ្រឹកគគ្រេងក្នុងខេត្តបន្ទាយមានជ័យនិងទូទាំងប្រទេស ដោយផ្សព្វផ្សាយតាមប្រព័ន្ធនានាមានវិទ្យុ ទូរទស្សន៍និងបណ្តាញ ព័ត៌មានវិទ្យាដើម្បីបញ្ជ្រាបការ យល់ដឹងទៅដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងដើម្បីកុំឱ្យប្រជាពលរដ្ឋពិសេសស្ត្រី និងកុមារក្លាយ ជាឧបករណ៍ជួញដូរនៃជនដែលកេងប្រវ័ញ្ចលើផល ប្រយោជន៍មនុស្សជាតិ៕ ដោយ ឈុន សារ៉ាត

website_news/2017201203.txt · Last modified: 2017/12/20 11:46 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki