website_news:2017201205

ថៃដោះលែងពលករខ្មែរ១៥នាក់និងម៉ូតូ១២គ្រឿង

http://www.postkhmer.com Tue, 19 December 2017 ឃុត សុភចរិយា

បន្ទាយមានជ័យ : មេបញ្ជាការយោធាវរការពារព្រំដែនលេខ ៥០៣ ដែលឈរជើងនៅតំបន់ព្រំដែនកម្ពុជា-ថៃ នៃស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅរសៀលនេះថា អាជ្ញាធរថៃបានយល់ព្រមដោះលែងពលករខ្មែរ ១៥ នាក់ និង ម៉ូតូ ១២គ្រឿង និង អនុញ្ញាតឲ្យចេញចូលទៅធ្វើការងារ (ព្រឹកវិលល្ងាច) ក្នុងប្រទេសថៃដូចដើមវិញ បន្ទាប់ពីពួកគេគ្មានភស្ដុតាងដាក់បន្ទុកពលរដ្ឋខ្មែរពីបទ«លួចទ្រព្យសម្បត្តិ» និង ក្រោយពេលអាជ្ញាធរកម្ពុជា បានធ្វើការឃាត់ទុករថយន្តដឹកកសិផលរបស់ជនជាតិថៃ ៥ គ្រឿង មិនឲ្យត្រឡប់ចូលក្នុងប្រទេសថៃវិញ ដើម្បីជុំរុញឲ្យមានការចរចាផ្ដល់ដំណោះស្រាយ ប្រកបដោយភាពយុត្តិធម៌ដល់ពលរដ្ឋកម្ពុជាវិញ។

លោក ឃួន ជឿន មេបញ្ជាការយោធា វរការពារព្រំដែន ៥០៣ បានថ្លែងថា នៅព្រឹកថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០១៧ ក្រុមប្រជាការពារថៃ ប្រចាំភូមិសាកសាន់ ឃុំ-ស្រុកគោកធ្យូង ខេត្តសាកែវ(ប្រទេសថៃ) បានធ្វើការចាប់ឃាត់ខ្លួនពលរដ្ឋខ្មែរ ១៥ នាក់ ក្នុងនោះមាន ៥ នាក់ជាស្ត្រី និងរឹបអូសម៉ូតូ ១២ គ្រឿង ដោយចោទថា ពលរដ្ឋខ្មែរទាំងនេះ បានលួចយកម៉ាស៊ីនបូមទឹកមួយគ្រឿងរបស់គ្រួសារកសិករថៃម្នាក់នៅក្នុងភូមិខាងលើនេះ កាលពីយប់ថ្ងៃទី១៥ធ្នូ ឆ្នាំ ២០១៧ ប៉ុន្តែត្រូវបានពលករខ្មែរទាំងនោះបដិសេធ។ លោកបានបញ្ជាក់ថា៖«ប្រជាការពារភូមិជនជាតិថៃ ទាំងនោះបានចាប់ពលរដ្ឋយើង និងធ្វើការចោទប្រកាន់ដោយគ្មានភស្ដុតាងត្រឹមត្រូវ។ ពលរដ្ឋយើងទាំង ១៥ នាក់ ជាពលករចេញចូលទៅធ្វើការក្នុងប្រទេសថៃវិលល្ងាច ហើយបើពួកគេជាមនុស្សអាក្រក់ ឬ ជាចោរមែននោះ ម្ល៉េះមិនមានពលរដ្ឋថៃជាច្រើននាក់ រួមទាំងម្ចាស់កសិដ្ឋានជនជាតិថៃ ដែលពួកគេទៅបម្រើការជាមួយនោះ ចេញមុខធានាចំពោះពួកគេនោះទេ»។

លោក ឃួន ជឿន បានថ្លែងបន្តថា នៅក្នុងការចរចារកាលពីរសៀលថ្ងៃម្សិលមិញនោះ មុនដំបូងក្រុមប្រជាការពារថៃទាំងនោះ បានសម្រេចដោះលែងតែមនុស្ស ប៉ុន្តែ ម៉ូតូរបស់ពួកគេចំនួន ១២ គ្រឿង មិនត្រូវបានអនុញ្ញាតិឲ្យនាំយកត្រឡប់មកវិញទេ ដោយពួកគេអះអាងថា ត្រូវរង់ចាំឲ្យមន្ត្រីជំនាញមកធ្វើការត្រួតពិនិត្យ។ ដោយយល់ឃើញថា ក្រុមប្រជាការពារភូមិជនជាតិថៃទាំងនោះ ប្រើលេសពន្យាពេល សមត្ថកិច្ចយោធារកម្ពុជា ប្រចាំច្រករបៀងតំបន់៥ បានធ្វើការឃាត់ទុករថយន្តដឹកកសិផលរបស់ជនជាតិថៃចំនួន ៥គ្រឿង ដែលបានចូលមកទិញកសិផលពីប្រជាកសិករខ្មែរ នៅតាមបណ្ដាភូមិ ឃុំមួយចំនួនជាប់ព្រំប្រទល់កម្ពុជា-ថៃ ដើម្បីជាថ្នូរក្នុងការជម្រុញឲ្យអាជ្ញាធរថៃប្រចាំ ស្រុកគោកធ្យូង ខេត្តស្រះកែវ ពិសេសកម្លាំងយោធាព្រំដែនថៃ ចេញមុខជួយអន្តរាគមន៍ ដោះស្រាយផ្ដល់ភាពយុត្តិធម៌មកឲ្យភាគីពលករកម្ពុជាវិញ។ លោក ជឿន បានបន្ថែមថា៖«ក្រោយរកភស្ដុតាងចោទប្រកាន់ពលរដ្ឋយើងលួចម៉ាស៊ីនបូមទឹកពលរដ្ឋគេមិនបាន គេថាពលរដ្ឋយើងជិះម៉ូតូចូលទៅក្នុងប្រទេសគេខុសច្បាប់ អញ្ចឹងយើងមានតែចាប់ឃាត់រថយន្តពាណិជ្ជកររបស់ពួកគេ៥គ្រឿង ដែលចេញចូលមកទិញនិងដឹកកសិផលពីក្នុងប្រទេសយើងខុសច្បាប់វិញ…ទើបខាងអាជ្ញាធរស្រុកគោកធ្យូង រួមទាំងទាហ៊ានព្រំដែនថៃចេញមុខអន្តរាគមន៍ដោះស្រាយ និង ប្រគល់ម៉ូតូ១២គ្រឿងមកឲ្យពលករយើងវិញ ហើយយើងក៏អនុញ្ញាតិឲ្យរថយន្តដឹកកសិផលរបស់ពាណិជ្ជករថៃ បានត្រឡប់ចូលក្នុងទឹកដីថៃវិញ»។

បើតាមសម្ដីរបស់លោក អំ អែម អាយុ ៤៥ ឆ្នាំ ដែលជាមេភូមិប្រាសាទ បានអះអាងថា ពលករខ្មែរ ដែលចូលធ្វើការក្នុងប្រទេសថៃព្រឹកវិលល្ងាចជារឿយៗ បានជួបប្រឈមទៅនឹងបញ្ហាជាច្រើន ដូចជាថៅកែ មិនបើកលុយឲ្យគ្រប់ចំនួន ឬ ត្រូវ ទាហ៊ានព្រំដែន ចាប់ឃាត់ខ្លួន ឬ រារាំងមិនឲ្យចូលទៅធ្វើការងារ ដោយលើកយកមូលហេតុផ្សេងៗ ជាពិសេក្រុមប្រជាការពារភូមិរបស់ថៃ មួយចំនួនដើរទារប្រាក់ពីពលករខ្មែរ ក្នុងម្នាក់ ៣០ បាតក្នុងមួយថ្ងៃ បើមិនឲ្យពួកគេនឹងបង្ករឿង ដូចជាចោទថាពលករខ្មែរចូលមកលួចទ្រព្យសម្បត្តិរបស់ពលរដ្ឋគេ ដូចជាករណីខាងលើនេះ ជាដើម៕

website_news/2017201205.txt · Last modified: 2017/12/20 11:56 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki