website_news:2017201206

អ្នកជំនាញថាដើម្បីបង្កើនអត្ថប្រយោជន៍ពីការធ្វើចំណាកស្រុកគេត្រូវពង្រឹងការការពារសិទ្ធិការងារ និងបណ្តុះបណ្តាលជំនាញ

https://khmer.voanews.com/ 20 ធ្នូ 2017 នូវ ពៅលក្ខិណា

របាយការណ៍អង្គការ ILO និង IMO បង្ហាញថា ថ្វីបើពលករខ្មែរចំណាកស្រុងផ្ញើលុយច្រើនមកផ្ទះក៏ពិតមែន តែពួកគេនៅតែងាយរងការរំលោភបំពាន។ ភ្នំពេញៈ បើទោះបីជាពលករចំណាកស្រុកកម្ពុជារកប្រាក់បានច្រើន ហើយមានកំណើននៃការផ្ញើប្រាក់បញ្ជូនត្រឡប់មកស្រុកកំណើតវិញក៏ដោយ ក៏ពួកគេនៅតែងាយទទួលរងការរំលោភបំពាននៅបរទេស។ នេះបើយោងតាមរបាយការណ៍ថ្មីមួយអំពី«ហានិភ័យនិងអំណោយផល៖ លទ្ធផលនៃការធ្វើចំណាកស្រុក ពលកម្មនៅអាស៊ីអាគ្នេយ៍‍»។‍ របាយការណ៍នេះត្រូវបានបង្កើតឡើងរួមគ្នាដោយអង្គការពលកម្មអន្តរជាតិ (ILO) និងអង្គការទេសន្តរប្រវេសក៍អន្តរជាតិ (IMO)។ កញ្ញា នូវ ពៅលក្ខិណា នៃ VOA បានសម្ភាសន៍លោក Benjamin Harkins ជាសហស្ថាបនិកនៃរបាយការណ៍នេះ ហើយលោកក៏ជាមន្ត្រីបច្ចេកទេសអង្គការ ILO ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិកអំពីការធ្វើឱ្យប្រសើរឡើងនូវជីវភាពរបស់ពលករចំណាកស្រុកកម្ពុជា ដោយលើកកម្ពស់ការការពារសិទ្ធិការងារ និងការអភិវឌ្ឍជំនាញ ដើម្បីបង្កើនអត្ថប្រយោជន៍យូរអង្វែងពីការធ្វើចំណាកស្រុក។

VOA៖ តើអ្វីជាលទ្ធផលសំខាន់ៗនៃរបាយការណ៍នេះ ពាក់ព័ន្ធនឹងពលករចំណាកស្រុករបស់កម្ពុជា?

Benjamin Harkins៖ តាមរយៈសន្ទស្សន៍នេះ អ្វីដែលយើងរកឃើញគឺថា កម្ពុជាមានទំនោរទៅរកស្ថានភាពអាក្រក់ជាងប្រទេសដទៃទៀតដែលស្ថិតនៅក្នុងការសិក្សាស្ទង់មតិនេះ។ យើងក៏បានពិនិត្យមើលផងដែរទៅលើជនអន្តោប្រវេសន៍ឡាវ ជនអន្តោប្រវេសន៍មីយ៉ាន់ម៉ា និងជនអន្តោប្រវេសន៍វៀតណាម។ មានការកើនឡើងមួយចំនួនទាក់ទងនឹងប្រាក់ចំណូលដែលពលករទទួលបាននៅពេលត្រឡប់មកមាតុប្រទេសខ្លួនវិញ។ រឿងសំខាន់មួយដែលយើងបានរកឃើញគឺថា ប្រជាជនកម្ពុជាងាយទទួលរងការរំលោភបំពាននៅបរទេស។ យើងបានរកឃើញថា មានការរាយការណ៍ប្រហែល៨០ភាគរយថា ពួកគេបានរងការរំលោភបំពានសិទ្ធិការងារនៅក្នុងប្រទេសគោលដៅនៃការងារ ហើយប្រាកដណាស់ វាមានឥទ្ធិពលអវិជ្ជមានទៅលើផលប្រយោជន៍ក្នុងរយៈពេលវែង ដោយសារការធ្វើចំណាកស្រុកនេះ។ យើងបានពិនិត្យមើលទៅលើការអនុវត្ត និងលក្ខខណ្ឌដែលអាចផ្ដល់អត្ថប្រយោជន៍ដល់ជនអន្តោប្រវេសន៍កម្ពុជា។ ហើយអ្វីដែលយើងបានរកឃើញនោះគឺថា ការការពារសិទ្ធិការងារនៅក្នុងប្រទេសគោលដៅទទួលពលករគឺមានសារៈសំខាន់បំផុតក្នុងការជួយសម្រួល ធានាដល់លទ្ធផលវិជ្ជមានសម្រាប់ពលករ។ ហើយដើម្បីសម្របសម្រួលបាននោះ យើងពិតជាត្រូវលើកកម្ពស់ការការពារសិទ្ធិរបស់ជនអន្តោប្រវេសន៍កម្ពុជា ទាំងនៅក្នុងប្រទេសគោលដៅ និងនៅក្នុងដំណាក់កាលដែលពួកគេកំពុងត្រូវបានជ្រើសរើសនៅកម្ពុជា។ ដូច្នេះយើងអាចធានាបានថា ពួកគេមានបទពិសោធន៍ទាក់ទងនឹងការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាពនិងភាពសុខសាន្តសមប្រកប។

VOA៖ របាយការណ៍នេះបានអំពាវនាវឲ្យមានការផ្ដោតការចាប់អារម្មណ៍ច្រើនទៅលើវិធីសាស្ត្រ អំពីជនអន្តោប្រវេសន៍ នៅក្នុងគោលនយោបាយអន្តោប្រវេសន៍នៅក្នុងអាស៊ាន។ តើលោកអាចពន្យល់ពីការស្នើនេះក្នុងបរិបទកម្ពុជាបានទេ?

Benjamin Harkins៖ អ្វីដែលយើងបានរកឃើញគឺវិធីដែលរដ្ឋាភិបាលមើលទៅលើការធ្វើចំណាកស្រុកនិងឥទ្ធិពលរបស់ការធ្វើចំណាកស្រុកទៅលើការអភិវឌ្ឍ ជារឿយៗផ្ដោតលើទំហំនៃការផ្ញើប្រាក់ទៅផ្ទះវិញ។ ហើយអ្វីដែលយើងព្យាយាមធ្វើនោះគឺ ប្រាប់ថា «ក្រឡេកមើលនែ! វាពិតជាមានការផ្លាស់ប្ដូរដ៏ស្មុគស្មាញច្រើននេះទៅទៀត ដែលកើតមានទៅជនចំណាកស្រុក»។ វាមិនមែនគ្រាន់តែថា ពួកគេកើនប្រាក់ចំណូលហើយបានផ្ញើទៅស្រុកវិញក្នុងរយៈពេលខ្លីនោះទេ ក៏ប៉ុន្តែពួកគេក៏បានទទួលជំនាញជាច្រើននៅក្រៅប្រទេសដែលពួកគេអាចប្រើប្រាស់បាន ក្រោយពេលធ្វើមាតុភូមិនិវត្តន៍ត្រឡប់មកស្រុកវិញ ប្រសិនបើអ្វីៗដំណើរការទៅយ៉ាងរលូននោះ។ ហើយវាក៏មានការផ្លាស់ប្តូរយ៉ាងទូលំទូលាយផងដែរទៅលើជីវភាពរស់នៅរបស់ពួកគេ នៅពេលពួកគេវិលត្រឡប់មកស្រុកវិញ។ ពួកគេអាចផ្លាស់ប្ដូរទៅរកការងារមានជំនាញខ្ពស់ដែលផ្ដល់ប្រាក់ឈ្នួលនិងលក្ខខណ្ឌការងារប្រសើរជាងមុន។ ដូច្នេះអ្នកមិនអាចគ្រាន់តែកំណត់បទពិសោធន៍នៃការធ្វើចំណាកស្រុក ដោយគិតចង្អៀតត្រឹមតែទៅលើបរិមាណទឹកប្រាក់ដែលបានផ្ញើទៅផ្ទះនោះទេ។ អ្នកត្រូវមើលឱ្យបានច្រើនជាងមុនអំពីរបៀបដែលការធ្វើចំណាកស្រុកប៉ះពាល់ដល់ពលករនិងសមាជិកគ្រួសាររបស់ពួកគេ។

VOA៖ របាយការណ៍នេះបានអំពាវនាវឲ្យមានកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និយោជក និងភ្នាក់ងារជ្រើសរើសពលករ។ តើសំដៅលើរដ្ឋាភិបាលនៃប្រទេសដើមកំណើតរបស់ពលករ ឬប្រទេសគោលដៅនៃការងារ?

Benjamin Harkins៖ ខ្ញុំគិតថា ទាំងពីរប្រទេស។ យើងពិតជាត្រូវការកិច្ចសន្ទនាសង្គម និងកិច្ចសហប្រតិបត្តិការត្រីភាគី ដើម្បីបង្កើតគោលនយោបាយនៃការធ្វើចំណាកស្រុកនៅប្រទេសបញ្ជូនពលករចេញ ប៉ុន្តែពិតណាស់វាត្រូវការកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលប្រទេសគោលដៅនៃការទទួលពលករផងដែរ។ តាមរយៈរបាយការណ៍នេះ ជារឿយៗ យើងឃើញពលករកម្ពុជាជំពាក់បំណុលក្នុងការចំណាយប្រាក់ច្រើនដើម្បីធ្វើចំណាកស្រុកតាមរយៈច្រកចេញស្របច្បាប់ដែលពួកគេត្រូវចំណាយពេលយូរដើម្បីចេញទៅបរទេសតាមច្រកចេញស្របច្បាប់ដែលមានភាពស្មុគស្មាញក្នុងការប្រើ ហើយជារឿយៗពួកគេត្រូវឆ្លងកាត់ទីភ្នាក់ងារជ្រើសរើសពលករដើម្បីសម្របសម្រួល។ ដូច្នេះមានភាពចាំបាច់ក្នុងការធ្វើកិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រទេសគោលដៅ និងប្រទេសបញ្ជូនពលករចេញ ដើម្បីធ្វើឱ្យដំណើរការអន្តោប្រវេសន៍ជាទូទៅមានលក្ខណៈអំណោយផលជាងមុនសម្រាប់ការធ្វើចំណាកស្រុក។ យើងបានឃើញកិច្ចសហប្រតិបត្តិការត្រីភាគីនៅប្រទេសកម្ពុជាមានភាពរឹងមាំរវាងរដ្ឋាភិបាល ទីភ្នាក់ងារជ្រើសរើសពលករ និយោជក និងសហជីព។ អង្គការពលកម្មអន្តរជាតិបានធ្វើការយ៉ាងសកម្មក្នុងការបង្កើតគោលនយោបាយជាតិស្តីពីការធ្វើចំណាកស្រុកនៃកម្លាំងពលកម្មនៅក្នុងប្រទេសកម្ពុជា ដែលយើងគិតថា វាពិតជាគំរូដ៏ល្អសម្រាប់ប្រទេសផ្សេងទៀតដែលបញ្ជូនពលករចេញ។ ពិតណាស់មានការងារជាច្រើនទៀតដែលត្រូវធ្វើដើម្បីធានាថា វិធីដែលយើងអនុវត្តតាមត្រូវបានអនុវត្តដោយមានប្រយោជន៍និងការពារពលករចំណាកស្រុក។

VOA៖ បន្ទាប់ពីមានរដ្ឋប្រហារនៅក្នុងប្រទេសថៃកាលពីឆ្នាំ២០១៤ មានការបញ្ជូនពលករកម្ពុជាចេញពីប្រទេសថៃយ៉ាងច្រើនត្រឡប់មកកម្ពុជាវិញ។ ដោយសារប្រទេសថៃគឺជាប្រទេសដែលមានពលករកម្ពុជាច្រើន តើកម្ពុជាអាចរៀនអ្វីពីបទពិសោធន៍នេះដើម្បីកែលម្អស្ថានភាពពលករចំណាកស្រុក?

Benjamin Harkins៖ ខ្ញុំគិតថា ការបញ្ជូនពលករចេញដែលបានកើតឡើងនៅពេលនោះ មិនមែនគ្រប់គ្នាចង់ឲ្យកើតឡើងនោះទេ។ វាបានធ្វើឲ្យមានកង្វះពលកម្មសម្រាប់និយោជកនៅក្នុងប្រទេសថៃ ហើយវាបានធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់ពលករចំណាកស្រុកកម្ពុជាដែលកំពុងធ្វើការឱ្យនិយោជកទាំងនោះ។ វាក៏មិនបានបម្រើផលប្រយោជន៍ឲ្យរដ្ឋាភិបាលថៃផងដែរ។ ការណ៍នោះក៏ដោយសារពួកគេចង់ធ្វើឲ្យប្រាកដថា ជនអន្តោប្រវេសន៍ទាំងនោះត្រូវបានគេជួលឱ្យធ្វើការងារដោយស្របច្បាប់។ វាជាតម្រូវការឲ្យមានការបង្កើតគោលនយោបាយទេសន្តរប្រវេសន៍ការងារនៅខាងភាគីប្រទេសថៃ ដើម្បីធានាថា ជនចំណាកស្រុកអាចមក និងទទួលឱកាសការងារសមរម្យសម្រាប់និយោជកនៅក្នុងប្រទេសថៃ ហើយនិយោជកថៃក៏ទទួលបានពលកម្មតាមតម្រូវការពីពលករកម្ពុជាដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការងារទាំងនោះ។ អ្វីដែលយើងអាចរៀនបានពីការបញ្ជូនពលករចេញនាពេលនោះគឺតម្រូវការឲ្យមានគោលនយោបាយរយៈពេលវែងមួយស្ដីពីការធ្វើចំណាកស្រុកទៅប្រទេសថៃ។ វិធីសាស្ត្របែបនេះ ជួនកាលបណ្ដាលឱ្យមានការលំបាកហើយចាំបាច់ត្រូវពិចារណាពិនិត្យ ពិច័យឡើងវិញ។

VOA៖ ការងារដែលពលករកម្ពុជាធ្វើនៅប្រទេសថៃ និងម៉ាឡេស៊ីគឺជាការងារជំនាញទាប ដូចជានេសាទ សំណង់ ការងារតាមផ្ទះ។ ការងារទាំងនេះមិនសូវចាំបាច់តម្រូវឲ្យមានការត្រៀមច្រើនលើជំនាញឡើយ។ តើយើងត្រូវធ្វើដូចម្ដេចដើម្បីពលករមានការហ្វឹកហាត់ជំនាញត្រៀមបានច្រើន មុននឹងធ្វើចំណាកស្រុកចេញទៅបម្រើការងារនៅក្រៅប្រទេស?

Benjamin Harkins: អ្វីដែលរបាយការណ៍នេះអំពាវនាវគឺការពង្រីកការបង្វឹកជំនាញសម្រាប់ពលករចំណាកស្រុក ដើម្បីបំពេញតម្រូវការរបស់និយោជក។ ប៉ុន្តែការបង្វឹកនោះក៏មិនត្រូវបន្ថែមបន្ទុក ដូចជាពេលវេលានិងធនធាន ទៅលើពលករទាំងនោះទេ។ ពលករចំណាកស្រុកមកពីប្រទេសកម្ពុជា ភាគច្រើន ត្រូវបានជ្រើសរើសដោយផ្អែកលើតម្រូវការសម្រាប់ប្រាក់ខែទាប ជាជាងតម្រូវការផ្នែកជំនាញ។ យើងគិតថា ការផ្គូរផ្គងការងារកាន់តែជិតគ្នារវាងជំនាញរបស់ពលករចំណាកស្រុកនិងឱកាសការងារ នឹងផ្ដល់ប្រយោជន៍ឲ្យទាំងនិយោជក និងពលករចំណាកស្រុក ដោយសារវាបានរួមចំណែកដល់ផលិតកម្ម ហើយក៏ធ្វើឲ្យប្រាក់បៀរវត្ស និងលក្ខខណ្ឌការងារកាន់តែប្រសើរ។ តាមរយៈរបាយការណ៍នេះ គំរូការងារមួយដែលយើងគិតថា មានប្រសិទ្ធភាព និងមិនបន្ថែមការចំណាយនិងពេលវេលារបស់ពលករគឺកម្មវិធីហ្វឹកហ្វឺនលើការងារ និងការហាត់ការដោយមានប្រាក់កម្រៃ។ យើងស្នើឲ្យការកសាងភាពជាដៃគូរវាងនិយោជក និងស្ថាប័នគំរូហ្វឹកហ្វឺនវិជ្ជាជីវៈបច្ចេកទេស ដើម្បីធ្វើការផ្សព្វផ្សាយប្រព័ន្ធបណ្ដុះបណ្ដាលមួយដែលរួមបញ្ចូលទាំងពលករស្ត្រីនិងបុរសច្រើនជាងមុន ហើយថែមទាំងឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនៃប្រទេសគោលដៅប្រភពការងារ។

VOA៖ តើលោកអាចនិយាយពីទស្សនៈទូទៅរបស់លោកអំពីលំហូរនៃពលករកម្ពុជាចំណាកស្រុកនៅក្នុងប្រទេសសមាជិកអាស៊ានបានទេ ថាតើផលប៉ះពាល់នោះមានអ្វីខ្លះ? តើវាអាចជាការគំរាមកំហែងដល់ប្រទេសកម្ពុជាដែរ ឬទេដែលជាប្រទេសដើមដែលបញ្ជូនពលករយ៉ាងច្រើនចេញទៅក្រៅប្រទេស?

Benjamin Harkins: អ្វីដែលយើងឃើញជាបឋមអំពីកម្ពុជានោះគឺថា ពលករចំណាកស្រុកទៅក្រៅប្រទេសគឺទៅធ្វើការលើជំនាញទាប។ ហើយអ្វីដែលយើងកំពុងព្យាយាមពន្យល់តាមរយៈរបាយការណ៍នេះគឺថា តាមពិតទៅកម្ពុជាអាចទទួលផលប្រយោជន៍យ៉ាងពិតប្រាកដពីការបញ្ជូនពលករចំណាកស្រុកទៅក្រៅប្រទេសគឺដរាបណាធ្វើឲ្យពួកគេទទួលបានជំនាញថ្មីៗ ដែលពួកគេអាចនាំមកកាន់កម្ពុជាវិញនូវទីផ្សារពលកម្មមួយដែលប្រកបដោយពលករដែលមានជំនាញស្រាប់ ឬថា ពួកគេអាចកើននូវធនធានហិរញ្ញវត្ថុសមរម្យដែលអាចឲ្យគេបង្កើតអាជីវកម្ម និងទ្រទ្រង់ជីវភាពក្រុមគ្រួសាររបស់ពួកគេ ទៅលើការបង់ថ្លៃវេជ្ជសាស្ត្រ ការអប់រំ និងចំណាយនានាសម្រាប់ក្រុមគ្រួសាររបស់ពួកគេ។ នៅក្នុងរបាយការណ៍នេះយើងក៏ចង់បង្ហាញដែរថា យើងត្រូវព្យាយាមចៀសវាងការចំណាកស្រុកដែលធ្វើឲ្យពលករនៅជាប់ជំពាក់បំណុលគេ។ យើងចាំបាច់ត្រូវប្រាកដថា ពួកគេទទួលបានការការពារដោយសិទ្ធិការងារនៅតាមប្រទេសគោលដៅ ហើយប្រាកដថា គេមានឱកាសបង្កើនកម្រិតជំនាញរបស់ពួកគេបន្ថែម ហើយចុងក្រោយបំផុតគឺនៅពេលពួកគេវិលត្រឡប់មកកម្ពុជាវិញ ត្រូវប្រាកដថា ពួកគេមានឱកាសទូលំទូលាយក្នុងការប្រកបការងារនៅក្នុងស្រុក ហើយបើបានដូច្នោះពួកគេមិនត្រូវបានបង្ខំឱ្យធ្វើចំណាកស្រុកម្តងហើយម្តងទៀតដើម្បីត្រឹមតែរកការងារប៉ុណ្ណោះទេ។

VOA៖ ជាកិច្ចបញ្ចប់នៃការសម្ភាសន៍នេះ តើលោកមានអ្វីចង់បន្ថែម ឬជាសារអ្វីទៀតដែលទាក់ទិននឹងការស្រាវជ្រាវរបស់លោកដែរឬទេ?

Benjamin Harkins៖ ខ្ញុំគិតថា នៅមានមួយផ្នែកទៀតដែលគួរតែចង្អុលបង្ហាញតាមរបាយការណ៍នេះ។ រឿងមួយសំខាន់ជាងគេគឺថា នៅពេលពលករអន្តោប្រវេសន៍ទទួលរងនូវការរំលោភបំពានដែលផ្ទុយពីសិទ្ធិការងារ វាចាំបាច់ត្រូវមានទណ្ឌកម្មកាន់តែតឹងរ៉ឹងបន្ថែមទៀតទៅកាន់ភ្នាក់ងារជ្រើសរើសពលករណាដែលកំពុងរួមចំណែកប្រព្រឹត្តការរំលោភបំពានទាំងនោះ។ អ្វីដែលយើងបានឃើញគឺថា វាគ្រាន់បើបន្តិចក្នុងការបង្កើតយន្តការដើម្បីដោះស្រាយការរំលោភបំពានទាំងនោះ ការពារជនអន្តោប្រវេសន៍កម្ពុជា ប៉ុន្តែមិនមានការដាក់ទណ្ឌកម្មណាមួយនៅឡើយចំពោះអ្នកដែលពាក់ព័ន្ធ ដើម្បីរារាំងកុំឲ្យពួកគេប្រព្រឹត្តអំពើរំលោភបំពានបាន។ ចំណែករឿងមួយទៀតគឺថា យើងពិតជាចង់ឃើញការកាត់បន្ថយចំណាយដែលជនចំណាកស្រុកកម្ពុជាចាយសម្រាប់ការធ្វើចំណាកស្រុក។ យើងមានបទដ្ឋានអន្តរជាតិមួយអំពីចំណាកស្រុកនេះគឺថា កម្មករមិនគួររងការទទួលខុសត្រូវលើដំណើរការជ្រើសរើសបុគ្គលិកទេ វាត្រូវតែជានិយោជកដែលត្រូវបង់លើការចំណាយជ្រើសរើសពលករ។ ហើយឥឡូវនេះ វាមិនអញ្ចឹងទេ ពោលគឺយើងបានរកឃើញថា ពលករចំណាកស្រុកកម្ពុជាជាច្រើនត្រូវខ្ចីបុលគេសន្ធឹកដើម្បីចំណាយសម្រាប់ការធ្វើចំណាកស្រុក។ដូច្នេះ ប្រាកដណាស់ ក្នុងពេលខាងមុខ យើងចង់ឃើញការផ្លាស់ប្តូរនៃបន្ទុកចំណាយលើការធ្វើចំណាកស្រុក គឺឲ្យនិយោជកដែលកំពុងទទួលបានអត្ថប្រយោជន៍ពីសេវាកម្មពលករចំណាកស្រុកទាំងនោះជាអ្នកទទួលបន្ទុកចំណាយវិញ៕

website_news/2017201206.txt · Last modified: 2017/12/20 12:03 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki