website_news:2017201208

ស្ត្រី ៣ នាក់សារភាពនៅឧទ្ធរណ៍ ខណៈម្នាក់បដិសេធរឿងនាំមនុស្សយកប្ដីចិន

http://www.postkhmer.com/ Wed, 20 December 2017 គឹម សារុំ

ភ្នំពេញៈ នៅក្នុងអង្គសវនាការសាលាឧទ្ធរណ៍កាលពីម្សិលមិញស្ត្រីជាប់ចោទ ៣នាក់បានទទួលកំហុស ខណៈស្ត្រីម្នាក់ទៀតច្រានចោលបទចោទពាក់ព័ន្ធនឹងការនាំនារីខ្មែរ ២ នាក់ទៅរៀបការប្តីនៅចិនកាលពីឆ្នាំ ២០១៥ ជាសំណុំរឿងដែលត្រូវតុលាការថ្នាក់ក្រោមផ្តន្ទាទោសម្នាក់ៗ ៧ ឆ្នាំ។ នៅក្នុងបន្ទប់សវនាការស្ត្រីជាប់ចោទ ឈ្មោះ ប៊ូយ សាម៉ុន,អ៊ុល យ៉ុង និងឈ្មោះ ហុង វី បានសារភាពទទួលកំហុស ខណៈស្ត្រីឈ្មោះ កើត ហួន បានបដិសេធថាខ្លួនមិនពាក់ព័ន្ធនឹងអំពើនេះទេ ហើយសុំតុលាការដោះលែង។ ស្ត្រីជាប់ចោទ ប៊ូយ សាម៉ុន,អ៊ុល យ៉ុង និង ហុង វី ប្រាប់ចៅក្រមថា៖ «ពួកខ្ញុំទទួលខុសហើយ ប៉ុន្តែសូមតុលាការជួយបន្ធូរបន្ថយទោសដល់ពួកខ្ញុំផង»។

តាមកំណត់ហេតុនគរបាលបង្ហាញថា កាលពីអំឡុងខែកុម្ភៈ ឆ្នាំ ២០១៥ ស្ត្រីឈ្មោះ ប៊ូយ សាម៉ុន អាយុ ៤៦ ឆ្នាំបានប្រាប់គូកនខ្លួនថាគាត់មានប្អូន និងកូនស្រីមានប្តីនៅចិន ហើយពួកគេមានជីវភាពធូរធារណាស់។ ក្នុងការឃោសនានោះ ស្ត្រី ប៊ូយ សាម៉ុន បានណែនាំឲ្យស្ត្រីឈ្មោះ ហុង វី អាយុ ៥០ ឆ្នាំ,ឈ្មោះ អ៊ុល យ៉ុង អាយុ ៤៩ ឆ្នាំ និងឈ្មោះ កើត ហួន អាយុ ៥៥ ឆ្នាំដើររកនារីខ្មែរដើម្បីទៅរៀបការប្តីនៅចិនដែរ ហើយបន្ទាប់មកពួកគេរើសបាននារីខ្មែរ ២ នាក់ពីខេត្តក្រចេះមានអាយុ ១៩ ឆ្នាំដូចគ្នា។ កំណត់ហេតុដដែលបន្តថាក្រុមស្ត្រីជាប់ចោទបានរត់ការ និងបានបញ្ជូននារីរងគ្រោះទៅចិនតែត្រូវបុរសចិនធ្វើទារុណកម្មក៏ប្រាប់មកក្រុមគ្រួសារប្តឹងទើបសមត្ថកិច្ចចាប់ពួកមេខ្យល់ទាំងនេះតែម្តង ។ ឯស្ត្រីឈ្មោះ ប៊ូយ សាវុធ និង យ៉ាន សាមាន រត់គេចខ្លួន ។ សំណុំរឿងនេះត្រូវសាលាដំបូងរាជធានីភ្នំពេញផន្ទាទោសឲ្យស្ត្រីទាំង ៤ នាក់ជាប់ពន្ធនាគារម្នាក់ៗ ៧ ឆ្នាំកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ ។

លោកព្រះរាជអាជ្ញា ជា ម៉េត តំណាងមហាអយ្យការសន្និដ្ឋានថា៖ «ក្រោយពីបានពិនិត្យអង្គហេតុមកខ្ញុំយល់ឃើញថារឿងនេះមានភ័ស្តុតាងគ្រប់គ្រាន់ក្នុងការចោទប្រកាន់ជនជាប់ចោទ។ ដូច្នេះខ្ញុំសូមតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញនៅដដែល»។

លោកស្រី ផល គុណកញ្ញា មេធាវីការពារសិទ្ធិស្ត្រីជាប់ចោទទាំង ៤ នាក់សន្និដ្ឋានថារឿងនេះកូនក្តីលោកស្រី ៣ នាក់បានសារភាពចាប់តាំងពីនៅនគរបាលរហូតដល់សវនាការនៅសាលាដំបូងរាជធានីភ្នំពេញទៀត។ លោកស្រីថា៖ «សូមក្រុមប្រឹក្សាជំនុំជម្រះមេត្តាបន្ថយទោសដល់កូនក្តីខ្ញុំ ៣ នាក់ផង ឯឈ្មោះ កើត ហួន សូមតុលាការធ្វើការចាត់របៀបស៊ើបអង្កេតឡើងវិញដើម្បីឲ្យគាត់ចាញ់ដោយអស់ចិត្ត។ ក្រោយជំនុំជម្រះលោកចៅក្រម ស៊ិនវិសាល ប្រធានក្រុមប្រឹក្សាជំនុំជម្រះថ្លែងថា សាលដីការឿងនេះប្រកាសនៅថ្ងៃទី ២៨ ខែធ្នូខាងមុខ៕

website_news/2017201208.txt · Last modified: 2017/12/20 12:37 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki