website_news:2017210204

នាយករដ្ឋមន្រ្តី អំពាវនាវឲ្យស្រ្តីប្រយ័ត្ន ចំពោះសំណើ សុំពរពោះពីបរទេស

http://dap-news.com/kh អង្គារ, ២១ កុម្ភៈ ២០១៧ 14:01 ដោយ: ដើមអម្ពិល ID:014

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអំពាវនាវឲ្យស្រ្តីខ្មែរ ត្រូវប្រុងប្រយ័ត្នចំពោះសំណើ សុំពរពោះ ពីបរទេស ដែលអាចបម្រើ ផលប្រយោជន៍ប្តូរសរីរាង្គ ដែលជាបញ្ហាគ្រោះថ្នាក់ធំបំផុត។

បច្ចុប្បន្នកម្ពុជាបាននិងកំពុង រៀបចំតាក់តែងច្បាប់ ស្ដីពីការពរពោះជំនួស ក្នុងគោលដៅដើម្បី ទប់ស្កាត់កុមារដែលកើត ដោយការពរពោះជំនួសនេះ ក្លាយជាកុមាររងគ្រោះ។ លោក ជិន ម៉ាលីនអ្នកនាំពាក្យក្រសួងយុត្តិធម៌ ធ្លាប់បានឲ្យដឹងថា នៅកម្ពុជា ត្រូវតែមានច្បាប់ស្តីពីការ ទប់ស្កាត់ការពរពោះជំនួស ព្រោះដើម្បីការពារកុមារ ដែលកើតនៅក្នុងផ្ទៃស្ត្រី ដែលគេចង់បាន តែផ្ទុយទៅ វិញ ប្រសិនបើមានករណីណាមួយ ដែលមិនក្រតីម្តាយ-ឪពុក ដែលចង់បាននោះមិនទទួលស្គាល់នឹងពិបាក ព្រោះកូនដែលកើតមក នឹងគ្មាន អត្តសញ្ញាណច្បាស់លាស់ ហើយផ្លូវច្បាប់ពិបាករកឪពុក-ម្តាយពិតប្រាកដ។ ក្នុងពេលដែលបណ្តាប្រទេស ដទៃចេញច្បាប់ បិទមិនឲ្យមានការជួលស្រី្តពរពោះ ដើម្បីកើតកូនជំនួស បណ្តាញជំនួញនេះ បានហូរចូលកម្ពុជា ហើយបង្កើតមេខ្យល់ ឲ្យដើរលួង លោម អូសទាញ ស្ត្រីឲ្យរកស៊ីឈ្នួល ពរពោះជំនួសអ្នកដែល ចង់បានកូន ហើយរហូតដល់ ក្រុមមនុស្សប្រុស ស្រឡាញ់ប្រុសដូចគ្នា ចង់បានកូន ក៏មកកម្ពុជារកកូនដែរ ។ ជំនួញមួយនេះ ធ្វើឲ្យពួកឈ្មួញ ចំណេញ កប់ពពក អ្នកចង់បានកូន ត្រូវចំណាយ៥ម៉ឺនដុល្លារ ។

យោងតាមបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់សម្តេចតេជោ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានឲ្យដឹងថា សម្តេចតេជោ បានអញ្ជើញចូលរួម នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ របស់ “ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី” ប្រចាំឆ្នាំ ២០១៦ និងលើកទិសដៅ ផែនការសកម្មភាពឆ្នាំ២០១៧ ដើម្បីពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈមនានា។

ក្នុងឱកាសនោះ សម្តេចតេជោ បានអំពាវនាវដល់ស្រ្តីខ្មែរ ចូលរួមជាចលនា ក្នុងការបង្រ្កាបគ្រឿងញៀន គ្រប់ប្រភេទ។ សម្តេចថា “នឹងត្រូវប្រុងប្រយ័ត្នចំពោះសំណើសុំពរពោះពីបរទេស ដែលអាចបម្រើផលប្រយោជន៍ប្តូរសរីរាង្គ ដែលជាបញ្ហាគ្រោះ ថ្នាក់ធំបំផុត”។

យោងទៅលើការវិវឌ្ឍ នៃវិស័យអប់រំ សម្តេចតេជោ សង្ឃឹមថាចំនួនស្រ្តីជាគ្រូបង្រៀន នឹងកើនឡើងជាមិនខាន។ កត្តា សន្តិភាព ស្ថេរភាពនយោបាយ និងកំណើនម៉ាក្រូសេដ្ឋកិច្ច (៧.៧%) នៅកម្ពុជា គឺបានផ្តល់ឲ្យស្រី្តខ្មែរកាន់តែមានឱកាស ចូលរួម ក្នុងកិច្ចការសង្គម និងនយោបាយច្រើនឡើងៗ។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានស្នើដល់អាជ្ញាធរមានសមត្ថកិច្ច ក្រសួង និងស្ថាប័នរពាក់ព័ន្ធ បង្កើនការយកចិត្តទុកដាក់ ចូលរួមទប់ស្កាត់ និងបង្រ្កាបការជួញដូរ និងការកេងប្រវ័ញ្ចលើស្រ្តីគ្រប់រូបភាព និងសូមចូលរួមគាំទ្រលើកកម្ពស់សិទ្ធិសេរីភាព និងការ ចូលរួមរបស់ស្រ្តីឲ្យបានកាន់តែច្រើនឡើង។ សម្តេចថា ចំពោះបញ្ហាសំខាន់មួយទៀត គឺគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជនទាំងអស់ មិនមែនជារបស់រដ្ឋទេ ដែលបានធ្វើឲ្យប្រជាពលរដ្ឋជាច្រើន យល់ច្រឡំខុសដែលបង្កបញ្ហាធ្ងន់ធ្ងរ ដល់ស្រ្តីភាគច្រើន។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះ ក្រសួងកិច្ចការនារី សមាគម អង្គការដៃគូជាតិ និងអន្តរជាតិនានា ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការងារបញ្រ្ជាបយេនឌ័រ ព្រមទាំងផ្តល់នូវវគ្គហ្វឹកហ្វឺន បណ្តុះបណ្តាលមុខជំនាញវិជ្ជាជីវៈផ្សេងៗ ដើម្បីពង្រឹង និងបង្កើនសមត្ថភាពដល់ស្រ្តី។ សម្តេចតេជោបានស្នើឲ្យបង្កើន អត្រាស្រ្តីឲ្យបានចូលរួម កាន់តែច្រើនថែមទៀត នៅក្នុងក្រសួងមន្ទីរ និងស្ថាប័នរដ្ឋ៕

website_news/2017210204.txt · Last modified: 2017/02/21 15:57 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki