website_news:2017210301

ពលរដ្ឋប្ដឹងទារលុយវិញ ក្រោយមជ្ឈមណ្ឌលនាំទៅ ជប៉ុន មិនបាន

http://www.postkhmer.com Tue, 21 March 2017 សែន ដាវីត

ភ្នំពេញៈ ពលរដ្ឋដែលជាសិក្ខាកាមចំនួន ៥៨ នាក់មកពីខេត្តចំនួន ៨ បានដាក់ពាក្យបណ្តឹងនៅក្រសួងមហាផ្ទៃ និងតុលាការកាលពីម្សិលមិញដើម្បីទាមទារលុយពីមជ្ឈមណ្ឌលបណ្តុះបណ្តាលមួយដែលបានយកលុយពួកគេក្នុងម្នាក់ៗ ៤០០០ ដុល្លារជាថ្នូរនឹងការធានាឲ្យបានទៅធ្វើការនៅប្រទេសជប៉ុនតែទីបំផុតមិនបានគោរពតាមការសន្យា។

លោក មុំ ម៉ៅ តំណាងឲ្យសិក្ខាកាមបានឲ្យដឹងថាមានសិក្ខាកាមចំនួន ៥៨ នាក់មកពីខេត្តកណ្តាលតាកែវ ពោធិ៍សាត់ ព្រៃវែង កំពង់ធំ កំពង់ចាម និងត្បូងឃ្មុំបានបង់ប្រាក់ ៤០០០ ដុល្លារក្នុងម្នាក់ៗទៅឲ្យមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញថែទាំ កម្ពុជា-ជប៉ុន ដើម្បីទទួលបានការបណ្តុះបណ្តាលរួចហើយទើបធានាយកទៅប្រទេសជប៉ុនរកការងារឲ្យធ្វើដូចជាក្នុងវិស័យកសិកម្ម ឧស្សាហកម្មជាដើមកាលពីឆ្នាំ ២០១៥ កន្លងទៅ។ ប៉ុន្តែមកទល់ពេលនេះពួកគេមិនបានចេញទៅធ្វើការនៅជប៉ុននោះទេ។ លោកថា៖ «ខ្លះបង់ ៤០០០ ដុល្លារខ្លះ ៧០០០ ដុល្លារដោយសង្ឃឹមថាបានធ្វើការនៅជប៉ុន គេបណ្តុះបណ្តាល គេរត់ឯកសារមួយចប់តាំងពី ២០១៥ មកទល់ឥឡូវមិនបានចេញទៅទេ»។

សិក្ខាកាមម្នាក់ឈ្មោះ អ៊ូច សំណាង អាយុ ៣៤ ឆ្នាំមកពីខេត្តកំពតត្រូវបានក្រុមហ៊ុនឲ្យបង់ ៨០០០ ដុល្លារដោយសន្យាថា ក្នុងរយៈពេល ៣ ខែនឹងបានចេញទៅធ្វើការនៅជប៉ុនហើយ ប៉ុន្តែសិក្ខាកាមអាចបង់ ៥០ ភាគរយបានមុនគឺ ៤០០០ ដុល្លារហើយពួកគេម្នាក់ៗសុទ្ធតែខំបង់ ៤០០០ ដុល្លារតាំងពីឆ្នាំ ២០១៥ តែរហូតមកដល់ឆ្នាំ ២០១៧ នៅតែមិនទាន់បានចេញទៅប្រទេសជប៉ុនដដែល។

សិក្ខាកាមរូបនោះបានបន្ថែមថាក្រុមហ៊ុនបានសន្យាផ្តល់ការងារឲ្យគាត់ធ្វើជាអ្នកអ៊ុតផ្លូវនៅប្រទេសជប៉ុនដែលនឹងទទួលបានប្រាក់ឈ្នួលពី ១៥០០ ដុល្លារទៅ ២០០០ ដុល្លារ និងប្រាក់ឧបត្ថម្ភផ្សេងៗទៀតតែរហូតមកទល់ពេលនេះក្រុមហ៊ុនមិនបានប្រាប់ពីមូលហេតុនោះទេ។

លោក សំណាង បានបញ្ជាក់ថា៖ «គេទាមទារឯកសារច្រើនយកលេសថ្ងៃនេះ ថ្ងៃនោះបានចេញទៅជប៉ុនហើយតែឥឡូវគ្មានទេ ពួកខ្ញុំអស់សង្ឃឹមហើយឥឡូវខ្ញុំមិនគិតថាចង់បានការងារនៅជប៉ុនទៀតទេបើមិនបានចេញទៅគឺមជ្ឈមណ្ឌលត្រូវប្រគល់លុយម្នាក់ៗ ៤០០០ ដុល្លារវិញមក»។ លោកថាសិក្ខាកាមគ្នាលំបាកខ្លាំងណាស់ទម្រាំរកលុយបាន ៤០០០ ដុល្លារមកបង់មជ្ឈមណ្ឌលដោយសង្ឃឹមថានឹងបានទៅជប៉ុនដើម្បីបានការងារធ្វើដែលអាចចិញ្ចឹមគ្រួសារបាន។

លោក ឡា សុភិន អនុប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញថែទាំកម្ពុជា-ជប៉ុនបានថ្លែងថាលោកបានដឹងពីបញ្ហានេះហើយដោយលោកថានឹងជម្រាបរឿងនេះទៅថ្នាក់លើដើម្បីពិនិត្យ៕

website_news/2017210301.txt · Last modified: 2017/03/21 15:32 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki