website_news:2017210302

អាជ្ញាធរហាមឃាត់ក្រុមហ៊ុនទឹកដោះគោអាមេរិកមួយដែលទិញទឹកដោះស្ត្រីខ្មែរទៅផលិត

https://thmeythmey.com 21, Mar 2017 , 11:29 am ដោយ: ធឿន បញ្ញាឬទិ្ធ

ភ្នំពេញ៖ អាជ្ញាធរខ្មែរ ហាមក្រុមហ៊ុនអាមេរិក Ambrosia ដែលនាំទឹកដោះស្ត្រីទៅលក់នៅអាមេរិកនោះ ផ្អាកដំណោះការនាំចេញជាបណ្ដោះអាសន្ន ក្រោមហេតុផលថា ក្រុមហ៊ុនមួយនេះមិនទាន់មានការអនុញ្ញាតត្រឹមត្រូវពីក្រសួងសុខាភិបាល។

ក្រុមហ៊ុន Ambrosia ដែលមានមូលដ្ឋានគ្រឹះនៅរដ្ឋ Utah សហរដ្ឋអាមេរិក បានចាប់ផ្ដើមដំណើការនាំចេញទឹកដោះមនុស្សទៅលក់នៅទីផ្សាអាមេរិកដំបូងគេបង្អស់ សម្រាប់មាតាដែលត្រូវការទឹកដោះជំនួសរបបអាហាររបស់កូនពួកគេ ជាពិសេសស្ត្រីដែលកង្វះទឹកដោះ។ ក្រុមហ៊ុននេះបានដើរប្រមូលទិញទឹកដោះនៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាងមួយឆ្នាំហើយ ដោយយកទៅក្លាស្សេឲ្យបានល្អ មុននឹងនាំចេញទៅលក់ក្នុងទីផ្សាអាមេរិក ដែលជាទីកន្លែងយកទឹកដោះទៅកម្ចាត់មេរោគ ហើយលក់ក្នុងតម្លៃ២០ដុល្លារ ក្នុងមួយកញ្ចប់ ដែលមានរង្វាស់១៤៧មីល្លីលីត្រ។

ទាក់ទងនឹងបញ្ហានេះ អគ្គនាយកនៃអគ្គនាយដ្ឋានគយ និងរដ្ឋាករលោក គុន ញឹម បានបង្គាប់ឲ្យក្រុមហ៊ុន Ambrosia នេះ បញ្ឈប់ការនាំចេញបណ្ដោះអាសន្នសិន ដោយតម្រូវឲ្យមានការសុំច្បាប់ពីក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវ។ បើតាមសម្តីរបស់លោក គុន ញឹម ដែលត្រូវបានស្រង់ដោយទីភ្នាក់សារព័ត៌មាន AFP បានបញ្ជាក់ដូច្នេះ៖«ពួកយើងបានស្នើឲ្យក្រុមហ៊ុននេះទាក់ទងទៅក្រសួងសុខាភិបាលសិន ព្រោះក្រុមហ៊ុននេះ បាននាំចេញទឹកដោះស្រស់ដែលផលិតចេញពីសេរីរាង្គរបស់មនុស្ស។ ដូច្នេះយើងត្រូវការឲ្យពួកគាត់សុំការអនុញ្ញាតពីក្រសួងសុខាភិបាល ពីព្រោះពួកគេមិនទាន់មានការអនុញ្ញាតត្រឹមត្រូវឡើយ»។ បន្ថែមពីលើនេះអគ្គនាយកនៃអគ្គនាយដ្ឋានគយ និងរដ្ឋាកររូបនេះ បាននិយាយថា មន្ត្រីរដ្ឋាភិបាលគ្រោងជួបប្រជុំគ្នាក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីសម្រេចកំណត់យកគោលនយោបាយទាក់ទងផលិតផលទឹកដោះនេះ ព្រោះជាករណីដែលគួរឲ្យចាប់អារម្មណ៍។

ជាមួយគ្នានេះស្ត្រីខ្មែរម្នាក់ មានវ័យ៣០ឆ្នាំ ធ្លាប់បានលក់ទឹកដោះរបស់នាងអស់រយៈពេល៣ខែមកហើយ បន្ទាប់ពីនាងបានសម្រាលកូនប្រុសម្នាក់។ ស្ត្រីខ្មែររូបនេះ បានបូមទឹកដោះនាង ៦ថ្ងៃ ក្នុងមួយសប្ដាហ៍ ហើយនាងអាចរកប្រាក់បានពី៣ម៉ឺនរៀល ទៅ៤ម៉ឺនរៀលក្នុងមួយថ្ងៃ ដោយអាស្រ័យលើគុណភាពទឹកដោះរបស់នាង។ សារព័ត៌មាន AFP ដែលបានស្រង់សម្ដីស្ត្រីម្នាក់នេះ បានសរសេរដូច្នេះថា៖«គ្រួសារខ្ញុំក្រីក្រ ហើយខ្ញុំបានលក់ទឹកដោះនេះ ដើម្បីជួយឲ្យខ្ញុំអាចរកប្រាក់បានច្រើន។ ពួកយើងបានយំផងដែរនៅពេលដែលទទួលបានដំណឹងថា ក្រុមហ៊ុន (Ambrosia)នេះ ត្រូវបានអាជ្ញាធរឲ្យផ្អាកការនាំចេញទឹកដោះបណ្ដោះអាសន្ននេះ»។ បើតាមស្ត្រីវ័យ៣០ឆ្នាំ ខាងលើនេះ ក្រៅពីរូបនាងក៏មានស្ត្រីខ្មែរ ដែលជាពលរដ្ឋរស់នៅតំបន់ក្រីក្រស្ទឹងមានជ័យ២០នាក់ផ្សេងទៀត បូមទឹកដោះខ្លួនយកទៅលក់ឲ្យក្រុមហ៊ុន Ambrosia ដើម្បីទទួលបានប្រាក់កម្រៃសម្រាប់គ្រួសារពួកគេផងដែរ។

ទាក់ទងនឹងការនាំចេញទឹកដោះស្រស់របស់មនុស្សទៅលក់នៅទីផ្សាអាមេរិកនេះ ស្ថាបនិកក្រុមហ៊ុន Ambrosia លោក Bronzson Woods ដែលមានគំនិតបង្កើតគម្រោងនេះឡើង បានអះអាងការពារមុខជំនួញនេះថា វាមិនបានធ្វើឲ្យប៉ះពាល់ដល់ស្ត្រីនោះទេ តែផ្ទុយទៅវិញវាគឺជាការជំរុញឲ្យស្ត្រីដែលរស់នៅតំបន់ក្រីក្រ អាចមានលទ្ធភាពរកប្រាក់ចិញ្ចឹមកូន តាមរយៈការលក់ទឹកដោះប៉ុណ្ណោះ។ លោក Bronzson Woods ធ្លាប់បានបង្ហោះវិដេអូតាមរយៈបណ្ដាញ YouTube ដោយស្នើឲ្យរដ្ឋាភិបាលអនុញ្ញាតឲ្យលោក បន្តការនាំចេញផលិតផលទឹកដោះស្រស់របស់មនុស្សទៅលក់នៅអាមេរិកនេះផងដែរ។ ស្ថាបនិកក្រុមហ៊ុន Ambrosia រូបនេះបាននិយាយនៅលើ YouTube ដូច្នេះថា៖«ខ្ញុំមានទំនុកចិត្តថា រដ្ឋាភិបាលកម្ពុជានឹងយល់ថាអ្វីដែលយើងកំពុងធ្វើនៅពេលនេះវាគឺជារឿងល្អ ហើយពួកគេនឹងយកទៅពិភាក្សាគ្នាពីបញ្ហានេះ។ ហើយក្រុមហ៊ុនយើងធ្លាប់បានទទួលការអនុញ្ញាតឲ្យនាំចេញទឹកដោះនេះ ៦ដង ក្នុងរយៈពេល៦ខែមុននេះ»៕

website_news/2017210302.txt · Last modified: 2017/03/21 15:37 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki