website_news:2017210402

អាសូរណាស់! ដេកពេញព្រៃតាមព្រំដែន

https://kohsantepheapdaily.com.kh ៖ ម៉ុត សារុន ថ្ងៃ ទី២០ ខែមេសា ឆ្នាំ២០១៧ ម៉ោង ១៦:៤៣

ខេត្តបន្ទាយមានជ័យ ៖ ពលករចំណាកស្រុករាប់រយនាក់ក្នុងមួយថ្ងៃៗ បានស្ទះដំណើរតាមមាត់ច្រករបៀងមួយចំនួនក្នុងស្រុកអូរជ្រៅ ដើម្បីឆ្លងដែនចូលទៅដីថៃ ហើយបាននាំគ្នាដេករដូករណែលក្នុងព្រៃអត់បាយក្រហាយទឹកហ៉ាងរហេមរហាម ខ្លះមានទាំងកូនតូចដេកហាលទឹកសន្សើមមើលទៅគួរឲ្យសង្វែគណាស់។

ពលករខាងលើពេលសាកសួរទៅគឺ៩០ភាគរយអះអាងថា ធ្លាប់មានការងារធ្វើតាមបណ្តាខេត្តក្នុងប្រទេសថៃ ប៉ុន្តែពួកគេវិលត្រឡប់មកកម្ពុជាមុនពិធីបុណ្យចូលឆ្នាំថ្មី ដោយគ្មានលិខិតអនុញ្ញាតពីមន្ទីរការងារ ដែលស្នើសុំដោយថៅកែរបស់ពួកគេទេ ទើបវិលត្រឡប់ចូលតាមច្រករបៀងនានាតាមបន្ទាត់ព្រំដែន ដោយលួចលាក់បែបនេះ ។

ក្រុមពលករមួយចំនួននិយាយថា មកដល់ព្រំដែន២ទៅ៣យប់ហើយអត់មានទឹកងូតទេ ត្រូវក្រុមមេខ្យល់ដាក់ឲ្យដេក រង់ចាំរថយន្តថៃមកទទួលខណៈពលករខ្លះនិយាយថា ដំបូងបានទៅច្រកព្រំដែនក្នុងខេត្តបាត់ដំបង ជាកន្លែងដែលពួកគេឆ្លងដែនមកពីដីថៃ ។ លុះក្រោយបញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មី ត្រឡប់ទៅតាមច្រករបៀងដដែលនេះបែរជាគេហាមឃាត់ ទើបនាំគ្នាសម្រុករកច្រកចេញតាមច្រករបៀងក្នុងស្រុកអូរជ្រៅវិញម្តងក្រែងស្រួលជាង ។ ការចេញដំណើរចូលទៅស្វែងរកការងារធ្វើនៅប្រទេសថៃត្រូវបានកំណត់លើមេខ្យល់មានវគ្គមានលេខរៀងម្តង៤០នាក់ តម្រូវតាមរថយន្តថៃ ដោយមនុស្សដើរតែខ្លួនកាត់ព្រៃទម្រាំរថយន្តមកដឹក ព្រមទាំងមានរថយន្ត pick up ខ្មែរដឹកកាបូប ឬអីវ៉ាន់ទៅតាមក្រោយ ។ ក្រុមពលករខ្លះថា ពួកគេចំណាយម្នាក់២.៣០០បាត ឯខ្លះថា៣.០០០បាត តាមគោលដៅជិតឆ្ងាយ។ អ្នកមានកន្លែងដេកត្រឹមត្រូវហាក់ស្ងប់ស្ងាត់ ប៉ុន្តែសម្រាប់អ្នកដេកតាមក្រោមដើមឈើ និងហាលសន្សើមមានទាំងកូនតូចទៅជាមួយផងចាំនៅបរិវេណឈរជើងរបស់យោធាខ្មែរជាប់ខ្សែព្រំដែន ។ គ្រប់គ្នារអ៊ូរទាំថា ពិតជាពិបាកណាស់ហើយថា បើនៅតែមិនមានរថយន្តមកដឹកទេ ពួកគេអះអាងថា នឹងត្រឡប់ទៅស្រុកវិញហើយ។

ជុំវិញករណីខាងលើក្រុមយោធានិយាយថា ពិបាកក្នុងការទប់ស្កាត់ណាស់ ដោយសារមួយរយៈចុងក្រោយនេះសមត្ថកិច្ចថៃពង្រឹងទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ ចូលទៅទឹកដីរបស់គេ ម្យ៉ាងក្រុមពលករ ត្រូវក្រុមមេខ្យល់ដឹកទៅដាក់ចោលតាមបន្ទាត់ព្រំដែន ទើបមានពលករកកស្ទះនៅតាមច្រករបៀងយ៉ាងដូច្នេះ។

បញ្ហានេះហាក់បានក្លាយទៅជាការឆ្លងដែនធម្មតាទៅហើយ សម្រាប់ពលករចំណាកស្រុកខ្មែរដែលតែងសម្រុកចូល ទៅប្រទេសថៃវិញនៅក្រោយពិធីបុណ្យចូលឆ្នាំថ្មី ។ មើលឃើញជាក់ស្តែងពិតជាល្ហេមល្ហាមមែនហើយ ដែលពួកគេប្រថុយគ្រោះថ្នាក់បែបនេះ ។ នៅស្រុកខ្មែរយើងមានការដ្ឋានសំណង់ច្រើនណាស់ រកពលករធ្វើការមិនបានគ្រប់គ្រាន់ទេ ទីណាក៏ខ្វះកម្លាំងពលកម្មដែរ មិនគួរធ្វើកម្មបែបនេះសោះ ។ រីឯប្រាក់កម្រៃក៏សមរម្យដែរ គួរតែនឹកឃើញពាក្យចាស់ពោលថា ជួញជិតល្អជាងជួញឆ្ងាយ ៕

}

website_news/2017210402.txt · Last modified: 2017/08/24 15:20 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki