website_news:2017210404

ក្រោយចូលឆ្នាំរួច ពលករខ្មែរាប់ពាន់នាក់ សម្រុកចេញទៅថៃវិញ

http://ann.com.kh/blog/detail ដោយ: សម្បត្តិ សីហា ថ្ងៃសុក្រ ទី២១ ខែមេសា ឆ្នាំ២០១៧

បន្ទាយមានជ័យ៖ ក្រោយបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរចប់ ពលករខ្មែររាប់ពាន់នាក់បានសម្រុកចេញពីកម្ពុជា ទៅធ្វើការនៅប្រទេសថៃវិញ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងច្រកបៀងនានាក្នុងខេត្តបន្ទាយមានជ័យ។

លោក វួច អូន ប្រធានគណៈកម្មាធិការច្រកទ្វារអន្តជាតិប៉ោយប៉ែត បានឲ្យដឹងដែរថា គិតត្រឹមរយៈពេល៣ថ្ងៃចុងក្រោយនេះ មានពលករខ្មែររាប់ពាន់នាក់ បានសម្រុកចេញ ទៅប្រទេសថៃ ជាក់ស្តែងកាលពីថ្ងៃទី១៨ ខែមេសា កន្លងទៅ មានពលករខ្មែរចេញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតប្រមាណជាង ២០០០ នាក់ ថ្ងៃទី១៩ ខែមេសា មានប្រមាណជាង២៥០០នាក់ និងសម្រាប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ ម្សិលមិញចំនួនពលករខ្មែរដែលសម្រុកចេញមានការកើនឡើង ជាងថ្ងៃទី១៩ គឺមានរហូតទៅដល់ជាង៣ពាន់នាក់ ។ លោកបន្តថា ទន្ទឹមនឹងសម្រុកចេញរបស់ពលករខ្មែរនេះដែរ ក៏មានពលករខ្មែរជាច្រើនដែលលួចឆ្លងដែនខុសច្បាប់ទៅធ្វើការនៅប្រទេសថៃ ហើយត្រូវបានសមត្ថកិច្ចថៃចាប់បញ្ជូនមកកម្ពុជាវិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតនេះរាប់រយនាក់ក្នុងមួយថ្ងៃៗ ជាពិសេស កាលពីមុនចូលឆ្នាំថ្មី ក្នុងរយៈពេល៣ខែ ចាប់ខែមករា ដល់ខែមីនា ដើមឆ្នាំ២០១៧ មានពលករខ្មែរត្រូវបានថៃចាប់បញ្ជូនមកវិញ សរុបចំនួន ១៨៤៩១នាក់ , ក្នុងនោះ ស្រី ៦៤៥៨នាក់ , កុមារ ១៨៩៦នាក់ ។

ដោយឡែកក្នុងរយៈពេ៤ថ្ងៃគិតត្រឹមម៉ោង ១១ ថ្ងៃត្រង់ ដើមខែមេសា មុនថ្ងៃដែថៃចេញសេចក្តីសម្រេចអនុញ្ញាតពលករខ្មែរ ត្រឡប់មកលេងស្រុកកំណើត ពលករខ្មែរត្រូវបានថៃចាប់បញ្ជូនមកវិញ មានចំនួនសរុប ១៩៤៥ នាក់ , ស្រី ៥៨ នាក់ , កុមារ ១៤ នាក់ និងក្នុងនោះក៏មានអ្នកទោសចំនួន ១៦៩ នាក់ផងដែរ ។

គួរបញ្ចាក់ថា ក្រៅពីការសម្រុកចេញរបស់ពលករខ្មែរ ក្រោយថ្ងៃបុណ្យចូលឆ្នាំថ្មីរពៃណីជាតិខ្មែរ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក៏មានពលករខ្មែររាប់រាយរាប់ពាន់នាក់ បាននិងកំពុងលួចឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃតាមច្រករបៀងនានា ក្នុងភូមិសាស្ត្រស្រុកម៉ាឡៃ និងឃុំអូបីជាន់ ស្រុកអូជ្រៅ យ៉ាងគគ្រឹកគគ្រែង ដោយគ្រាន់តែបង់លុយឲ្យសមត្ថកិច្ច ឬយោធា ប្រចាំការតាមច្រករបៀងក្នុងម្នាក់ ៥ពាន់រៀល ឬ៤០បាត និងខ្លះទៀតលួចឆ្លងដែនតាមរយៈមេខ្យល់ ដោយត្រូវបង់ឲ្យមេខ្យល់ក្នុងម្នាក់ពី២០០០បាតទៅ៣០០០បាត ៕

website_news/2017210404.txt · Last modified: 2017/08/24 14:57 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki