website_news:2017210407

បែកធ្លាយនគរបាល ព្រំដែនគោក លេខ៨៩១ និង៨១៥ បើកដៃឲ្យ ពលករឆ្លងដែនទៅថៃ

http://dap-news.com/kh ថ្ងៃសុក្រ, ២១ មេសា ២០១៧ 09:03 ដោយ: ប៊ុន សំណាង ID:049

បន្ទាយមានជ័យ៖ ក្រោយបុណ្យចូលឆ្នាំខ្មែរ បានបញ្ចប់ពលរដ្ឋខ្មែរ តាមបណ្តាខេត្តជាច្រើន ក្នុងប្រទេសកម្ពុជា បានចាកចេញពីស្រុកកំណើត ដើម្បីឆ្លងដែន ទៅស៊ីឈ្នួលនៅប្រទេសថៃ ខ្លះក៏ទៅខ្លួនអែង ខ្លះទៅតាមគេ ខ្លះទៅតាមក្រុមហ៊ុន ខ្លះទៅតាមរយៈមេខ្យល់ ខ្លះក៏បានសុខស្រួល ខ្លះក៏ត្រូវគេចាប់ធ្វើបាប ខ្លះក៏ត្រូវបានគេចាប់បញ្ជូនមកវិញតាមឡានទ្រុងដូចអ្នកទោស។ បើទោះបីជាកន្លងទៅធ្លាប់ត្រូវបាន អាជ្ញាធរណែនាំ ធ្លាប់ត្រូវថៃចាប់បញ្ជូន និងមានពត៌មានផ្សព្វផ្សាយ ដដែលពីករណីឆ្លងដែនខុសច្បាប់ក៏ដោយ តែក្រោយបុណ្យចូលឆ្នាំខ្មែរឆ្នាំ២០១៧នេះ មានពលកររាប់ពាន់អ្នកស្រុកនាំគ្នាឆ្លងដែនដូចទឹកបាក់ទំនប់ ដើម្បីទៅធ្វើការនៅប្រទេសថៃ ដោយសារជីវភាពខ្វះខាត ខ្លះទៅដោយចង់ឃើញស្រុកគេជឿនលឿន ខ្លះទៅស៊ីឈ្មួល ស្រុកគេព្រោះប្រាក់ខែទីនោះខ្ពស់ ក្រោមហេតុផលថានៅស្រុកខ្មែរប្រាក់ខែតិចចាយ មិនគ្រាន់ សរុបគឺធ្វើអ្វីៗគ្រប់យ៉ាងគឺដើម្បីក្រពះ និង ផ្គត់ផ្គង់ជីវភាពគ្រួសារ។

រយៈពេលបីថ្ងៃកន្លងមកនេះ និងថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧នេះ សេចក្តីរាយការណ៍បានឲ្យដឹងថា នគរបាលការពារដែន គោកលេខ៨៩១ ដែលមាន លោក ហាំ វណ្ណះ ជាមេបញ្ជាការ បានបើកភ្លើងខៀវឲ្យកូនចៅប្រព្រឹត្តបទល្មើស យ៉ាងពេញបន្ទុក គឺច្រកក្រោយវត្តម៉ុងចិន (បរិវេណដីលោក ខូយ ប្រការ) គ្រប់គ្រងដោយនគរបាលម្នាក់ឈ្មោះ ផល និងច្រកដើមអង្គ្រង ឈ្មោះ គឿន បានលួចបើកច្រករបៀងខុសច្បាប់ឲ្យពលករឆ្លងដែន ទៅដីថៃពេញបន្ទុក ដែលពលករម្នាក់ត្រូវបង់លុយ ឲ្យនគរបាលគោលដៅខាងលើម្នាក់២០០បាត។ មួយថ្ងៃៗមានពលករឆ្លងដែន ខុសច្បាប់រាប់សិបនាក់ គឺមានមេខ្យល់ដឹកទៅទម្លាក់ឲ្យឆ្លងដែនចាប់ពី ព្រឹករហូតដល់យប់។ ចំពោះលោក ហាំ វណ្ណះ មេបញ្ជាការវរនគរបាលការពារ ព្រំដែនគោកលេខ៨៩១វិញ រាល់ពេលកូនចៅ របស់ខ្លួនបើកឲ្យមានបទល្មើស អ្នកសារព័ត៌មាននាំសួរលោកពុំដែលឆ្លើយថា ដឹងម្តងណាឡើយ។ ងាកទៅមើលច្រករបៀងចំបក់ ក្រោមការគ្រប់គ្រងរបស់នគរបាលការពារព្រំដែនគោកលេខ៨១៥ ដែលមានលោក ឈិត លី ជាមេបញ្ជាការ ក្នុងឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យវិញ ប៉ុន្មានថ្ងៃនេះត្រូវបានបើកភ្លើងខៀវឲ្យមេប៉ុស្តិ៍ចំបក់បង្កើត បទល្មើសពេញបន្ទុក គឺបើកឲ្យពលករឆ្លងដែន ខុសច្បាប់ ទៅប្រទេសថៃ ដែលតម្រូវមេខ្យល់ដែលនាំមនុស្សមកឆ្លងដែន បង់លុយរាប់ពាន់បាត ខណៈដែលទាហានឈុតខ្មៅថៃ កំពុងរឹតបន្តឹង។

សព្វថ្ងៃនគរបាលប៉ុស្តិ៍ចំបក់បានប្រើរូបមន្តចំនួនពីរ ដើម្បីបំភាន់ភ្នែកថ្នាក់លើ ពលករឆ្លងដែនទៅស៊ីឈ្នួល ខុសច្បាប់ត្រូវបានគេយកទៅលាក់ទុកក្នុងព្រៃមាត់អូរព្រំដែន រង់ចាំឱកាសល្អ គឺឲ្យឆ្លងដែនបន្លំជាមួយពលរដ្ឋទៅស៊ីឈ្នួល ព្រឹកត្រឡប់មកវិញល្ងាច។ ពលករខ្លះត្រូវបានបង្ខំចិត្តដេកចាំ ហាលភ្លៀង ហាលផ្គរ ខ្លះដាច់ បាយក្រហាយទឹកពេញព្រៃទៀតផង។

នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧នេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនអាចសុំការអធិប្បាយពីលោក ឈិត លី មេបញ្ជាការវរសេនាតូចលេខ៨១៥បាននៅឡើយទេ ពាក់ព័ន្ធរកណីខាងលើលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ គួរមានវិធានការ និងស៊ើបអង្គេតនិងដុសក្អែលមន្ត្រី ខិលខូចទាំងនោះចេញម្តងហើយ បើនៅតែបណ្តែតបណ្តោយ ថ្ងៃណាមួយឥទ្ធិពលអាក្រក់ទាំងនេះ និងប៉ះពាល់ដល់មុខមាត់ របស់ខេត្តទាំងមូល ឬអាចជាប់ ឈ្មោះជាខេត្តជាប់លេខ ១ ខាងបង្កើតច្រករបៀងអោយមនុស្សដែនខុសច្បាប់ក៏ថាបាន៕

website_news/2017210407.txt · Last modified: 2017/08/24 15:08 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki