website_news:2017210408

ទូតខ្មែរ៖ ពលករខ្មែរជាង៣.០០០នាក់កំពុងធ្វើការដោយខុសច្បាប់នៅកូរ៉េ

http://khmer.voanews.com 20 មេសា 2017 ហ៊ុល រស្មី

បេសកកម្មការទូតកម្ពុជាប្រចាំនៅកូរ៉េខាងត្បូងនិយាយថា ពលករខ្មែរខុសច្បាប់ទាំងនោះប្រឈមនឹងហានិភ័យជាច្រើនពាក់ព័ន្ធនឹងសន្តិសុខផ្ទាល់ខ្លួន និងការកេងប្រវ័ញ្ច។

ភ្នំពេញៈ មានពលករខ្មែរសរុបប្រមាណ ៥៣.០០០ នាក់ កំពុងធ្វើការនៅប្រទេសកូរ៉េខាងត្បូងក្នុងវិស័យបីសំខាន់ៗ គឺវិស័យកសិកម្ម ឧស្សាហកម្ម និងសំណង់។ ក្នុងចំណោមពលករទាំងនោះ មានពលករប្រមាណពី៣.០០០ ទៅ៤.០០០នាក់ កំពុងធ្វើការខុសច្បាប់នៅទីនោះ ក្នុងពេលកិច្ចសន្យាការងាររបស់ពួកគេផុតសុពលភាព។

ប្រមុខបេសកកម្មការទូតកម្ពុជាប្រចាំនៅកូរ៉េខាងត្បូងនិយាយថា ពលករខ្មែរខុសច្បាប់ទាំងនោះប្រឈមនឹងហានិភ័យជាច្រើនពាក់ព័ន្ធនឹងសន្តិសុខផ្ទាល់ខ្លួន និងការកេងប្រវ័ញ្ច។ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតនៃប្រទេសកម្ពុជា ប្រចាំនៅប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងនៅថ្ងៃ ព្រហស្បតិ៍នេះថា មានពលករខ្មែរ ក្នុងចន្លោះពី ៣.០០០ ទៅ ៤.០០០នាក់កំពុងសម្ងំធ្វើការដោយខុសច្បាប់នៅប្រទេសកូរ៉េខាងត្បូង។ ពលករខ្មែរដែលកំពុងធ្វើការដោយខុសច្បាប់ទាំងនេះ គឺស្ថិតក្នុងចំណោមពលករសរុបប្រមាណ៥៣.០០០នាក់ ដែលកំពុងធ្វើការនៅប្រទេសកូរ៉េលើវិស័យផ្សេងៗដូចជាសំណង់ កសិកម្ម និងឧស្សាហកម្ម។

ថ្លែងប្រាប់ VOA តាមទូរស័ព្ទពីប្រទេសកូរ៉េ នៅថ្ងៃព្រហស្បតិ៍នេះ លោក ឡុង ឌីម៉ង់ មានប្រសាសន៍ថា ពលករដែលកំពុងធ្វើការដោយខុសច្បាប់នេះ មិនព្រមវិលត្រឡប់មកប្រទេសកម្ពុជា បើទោះបីជាទិដ្ឋាការធ្វើការរបស់ពួកគេនៅទីនោះ ផុតសុពលភាពហើយក៏ដោយ។ «យើងតែងតែចង់ជម្រាបជូនពួកគាត់ ផ្សព្វផ្សាយជូនពួកគាត់ តើធ្វើម៉េចឲ្យបងប្អូនពលករទាំងអស់ ដែលធ្វើការហើយចប់កិច្ចសន្យាហើយ សូមឲ្យគាត់ត្រឡប់ទៅវិញ ដើម្បីគាត់អាចដាក់ពាក្យប្រឡងត្រឡប់ទៅវិញ ប៉ុន្តែប្រសិនជាគាត់មិនព្រមត្រឡប់ទៅវិញទេ គាត់ក្លាយទៅជាពលករខុសច្បាប់។ គាត់នឹងអាចជួបនឹងហានិភ័យ ប្រឈមមុខទៅនឹង នៅពេលដែលគាត់ធ្វើការគេអាច មានថៅកែខ្លះ ដែលមិនល្អ គាត់កេងចំណេញផលប្រយោជន៍ទៅលើកម្លាំងញើសឈាមរបស់បងប្អូនដែរ។ នេះបញ្ហាមួយដែរ»។ ប្រមុខបេសកកម្មការទូតកម្ពុជាប្រចាំនៅកូរ៉េខាងត្បូងរូបនេះបន្តថា៖ «ហើយបញ្ហាមួយទៀត គឺបងប្អូនប្រឈមទៅនឹង មិនមានប្រាក់ធានារ៉ាប់រង សម្រាប់គ្រោះថា្នក់ការងារអីផ្សេងៗហ្នឹង។ ដូច្នេះគឺ បងប្អូននឹងមានបញ្ហា អត់មានទទួលបាននូវអត្ថប្រយោជន៍អីពីការធានារ៉ាប់រងណ៎ា ហ្នឹងក៏ជាបញ្ហាសំខាន់មួយដែរបាទ»។ លោកឯកអគ្គរាជទូត ឡុង ឌីម៉ង់ បានពន្យល់ថា ពលករខ្មែរមានអាណត្តិធ្វើការងារនៅប្រទេសកូរ៉េដោយស្របច្បាប់ក្នុងរយៈពេល ២ឆ្នាំ ៥ខែក្នុងមួយអាណត្តិធ្វើការរបស់ពួកគេ ហើយពួកគេអាចពន្យារពេលដើម្បីធ្វើការនៅទីនោះបានមួយអាណត្តិទៀតដែលសរុបស្មើនឹង ៤ឆ្នាំ ១០ខែ។ ប្រសិនបើពលកររូបណាបន្តរស់នៅក្នុងប្រទេសកូរ៉េបន្ថែមទៀត ដោយហួសអាណត្តិធ្វើការនោះ នោះពួកគេនឹងក្លាយជាពលករខុសច្បាប់។ ក្រុមអ្នកធ្វើការខាងផ្នែកសិទ្ធិការងារ បានឲ្យដឹងថា ការណ៍ដែលពលករខ្មែរអាចបន្តធ្វើការដោយខុសច្បាប់បានគឺអាស្រ័យលើពលករខ្លួនឯងផង និងការខកខានមិនបានពិនិត្យឲ្យបានជាប់លាប់របស់មន្ត្រីទូត ទៅលើរយៈពេលកិច្ចសន្យាការងាររបស់កម្មករផង។ ពួកគេថា ការសមគំនិតជាមួយថៅកែ ក៏ជាហេតុផលចម្បងមួយដើម្បីបើកផ្លូវឲ្យពលករ ដែលកិច្ចសន្យាការងាររបស់ខ្លួនផុតកំណត់ អាចបន្តការងារបានបន្ថែមទៀត។

លោក ឌី ថេហូយ៉ា មន្ត្រីកម្មវិធីការពារសិទ្ធិពលករចំណាកស្រុកនៃអង្គការសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស (សង់ត្រាល់) ប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍នេះថា មន្ត្រីរដ្ឋាភិបាលនៅមិនទាន់អាចបំពេញការងាររបស់ខ្លួនឲ្យហ្មត់ចត់ ក្នុងការតាមដានកិច្ចសន្យាការងាររបស់ពលករ។ លោកមានប្រសាសន៍ថា ការធ្វេសប្រហែសនេះ បានបើកឱកាសឲ្យពលករខ្មែរសម្ងំធ្វើការដោយខុសច្បាប់។ មន្ត្រីសិទ្ធិមនុស្សរូបនេះបញ្ជាក់ថា៖ «តាមបទពិសោធន៍ការងារដែលយើងធ្វើផ្ទាល់ជាមួយពលករចំណាកស្រុកកន្លងមក យើងអត់ទាន់ឃើញមានការយកចិត្តទុកដាក់ឲ្យបានហ្មត់ចត់ទាក់ទងនៅក្នុងការតាមដាន ក៏ដូចជាជួយ សង្គ្រោះរបស់ពលរដ្ឋយើងដែលធ្វើការ នៅប្រទេសទទួលហ្នងនៅឡើយទេ អញ្ចឹងណ៎ា»។ លោក ឌី ថេហូយ៉ា បានបញ្ជាក់ទៀតថា រដ្ឋាភិបាលត្រូវពង្រឹងការអប់រំ អំពីហានិភ័យនានាដែលកើតក្រោយពេលដែលកិច្ចសន្យាការងារពលករបានបញ្ចប់ទៅ នៅមុនពេលពួកគេចេញទៅបម្រើការងារក្រៅស្រុក។ លោកអះអាងថា ការណ៍ធ្វើបែបនេះ នឹងអាចជួយពលករឲ្យគេចពីការប្រឈមនឹងការកេងប្រវ័ញ្ចពីថៅកែ ចំណាត់ការខាងផ្លូវច្បាប់ ឬក៏ពិន័យជាប្រាក់ជាដើម។ លោក ឌី ថេហូយ៉ា ពន្យល់ប្រាប់ VOA ដោយលើកឧទាហរណ៍នៅប្រទេសផ្សេងថា៖ «គាត់ត្រូវតែយល់ថា បើសិនគាត់បន្ត គាត់ត្រូវប្រឈមនឹងច្បាប់ប្រទេសទទួលហ្នឹង ដូចជានៅប្រទេសថៃ វាអាចជាប់ទាំងពន្ធនាគារ វាអាចទាំងពិន័យជាប្រាក់ពី ២ពាន់បាត ដល់២សែនបាតអញ្ចឹងទៅ។ តែបើសិនប្រទេសកូរ៉េ ខ្ញុំអត់ដឹងច្បាប់ថា កូរ៉េតើមានទោសធ្ងន់កម្រិតណា។ អញ្ចឹងកន្លែងហ្នឹង រដ្ឋាភិបាលជាអ្នកបញ្ជូនទៅហ្នឹងគួរតែធ្វើអា per-departure training [ការបណ្តុះបណ្តាលមុនពេលចេញដំណើរ] ដល់គាត់ឲ្យដឹងអំពីផលអវិជ្ជមានកន្លែងហ្នឹង ដើម្បីឲ្យគាត់ដឹងថា នៅពេលដែលបញ្ចប់កុងត្រាក្នុងរយៈពេលពីរឆ្នាំ គាត់ត្រូវតែដឹងខ្លួនថា គាត់ត្រូវតែត្រឡប់មកវិញ»។

VOA មិនទាន់អាចសុំសេចក្តីអធិប្បាយពីលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានទេ នាថ្ងៃព្រហស្បតិ៍នេះ។ លោកឯកអគ្គរាជទូត ឡុង ឌីម៉ង់ ថ្លែងបន្ថែមថា ស្ថានទូតបានផ្តល់ថវិកាមួយចំនួនសម្រាប់បញ្ជូនពលករដែលខុសច្បាប់នោះត្រឡប់មកប្រទេសកម្ពុជាវិញ។ លោកបញ្ជាក់ទៀតថា ពលករខ្លះអាចត្រូវបានគេចាប់ដាក់ក្នុងពន្ធនាគារ ហើយត្រូវធ្វើការនៅទីនោះ ដើម្បីទទួលបានប្រាក់ខែសម្រាប់ទិញសំបុត្រយន្តហោះត្រឡប់មកប្រទេសកម្ពុជាវិញ។

ប្រជាពលរដ្ឋកម្ពុជារាប់សែននាក់ បានចាកចេញពីប្រទេសកម្ពុជាជាបន្តបន្ទាប់ ដើម្បីទៅធ្វើការនៅក្រៅប្រទេសដូចជាប្រទេសថៃ ម៉ាឡេស៊ី ប្រទេសអារ៉ាប់និងប្រទេសកូរ៉េខាងត្បូងដោយសារតម្លៃពលកម្មនៅប្រទេសកម្ពុជាមានតម្លៃថោក។ ហើយកន្លងមកប្រជាពលរដ្ឋមួយចំនួន ជាពិសេសអ្នកដែលទៅធ្វើការនៅប្រទេសថៃ និងប្រទេសម៉ាឡេស៊ី ត្រូវបានថៅកែរបស់ខ្លួនកេងប្រវ័ញ្ចកម្លាំងពលកម្មដោយការដកហូតឯកសារធ្វើដំណើរ ការបង្ខំឲ្យធ្វើការច្រើនហួសកំណត់និងការផ្តល់អាហារមិនគ្រប់គ្រាន់៕

website_news/2017210408.txt · Last modified: 2017/04/21 12:21 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki