website_news:20172106001

អូស្ត្រាលីប្តេជ្ញា បន្តជួយដល់កម្ពុជាគ្រប់ពេល ក្នុងការបង្រ្កាបបទល្មើសផ្សេងៗ

http://www.daem-ampil-news.html អង្គារ, ២០ មិថុនា ២០១៧ 17:19 ដោយ: ដើមអម្ពិល ID:102

ភ្នំពេញ៖ លោក គ្លីន ម៉កេវេន (Glen Mclwen) អ្នកគ្រប់គ្រងនគរបាល សហព័ន្ធអូស្ត្រាលី ប្រចាំតំបន់អាស៊ី បានលើកឡើងថា រដ្ឋាភិបាលអូស្ត្រាលី បានប្តេជ្ញាបន្តជួយ ដល់ប្រទេសកម្ពុជា គ្រប់ពេលវេលាក្នុងការទប់ស្កាត់ បទល្មើសឆ្លងដែននានា ហើយអគុណដល់កម្ពុជា ដែលបានបើកទ្វាចំហរ ដល់នគបាលអូស្ត្រាលី ឲ្យមានវត្តមាននៅកម្ពុជា ។

ក្នុងជំនួបជាមួយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ លោក គ្លីន ម៉កេវេន បានលើកឡើងថា “ក្នុងដំណើរ ទស្សនកិច្ច នៅកម្ពុជានេះ គឺគាប់ជូនការផ្ដល់ជូន របស់នគរបាលអូស្ត្រាលី ដល់នគរបាលកម្ពុជា ពាក់ព័ន្ធនឹងការ ប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា និងការបណ្ដុះបណ្ដាល ដល់មន្ត្រីនៅប្រៃសនីយ៍ ក្នុងការត្រួតពិនិត្យ កញ្ចប់បញ្ញើរ ដើម្បីស្វែងរកនូវសារធាតុគ្រឿងញៀនផ្សេងៗ ដែលផ្ញើតាមប្រៃសនីយ៍ និងបានសហការ ជាមួយនគរបាល អន្តោប្រវេសន៍កម្ពុជា ទប់ស្កាត់នូវការចរាចរគ្រឿងញៀន ប្រភេទមេតំហ្វេតាមីន” ។ បើតាមឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា លោកស្រី Angela Corcoran ដែលបានចូលរួម ក្នុងជំនួបនោះ បានលើកឡើងថា “វត្តមាននគរបាលអូស្ត្រាលី នៅកម្ពុជា ប្រមាណ១៥ឆ្នាំមកហើយ ដោយបានប្រតិបត្តិការ ទៅកិច្ចការសំខាន់មួយចំនួន ដូចជាការជួញដូរមនុស្ស ជួញដូរកុមារ ជួញដូរ គ្រឿងញៀន ការប្រយុទ្ធប្រឆាំង នឹងបទល្មើសបច្ចេកវិទ្យា” ។

ក្នុងឱកាសនោះ សម្តេចក្រឡាហោម បានសម្ដែងនូវការអរគុណ ចំពោះអូស្ត្រាលី ដែលបានប្ដេជ្ញា ក្នុងការទប់ស្កាត់បទល្មើសផ្សេងៗ និងជួយបណ្ដុះបណ្ដាល សមត្ថភាពនគរបាលកម្ពុជា ជាក់ស្ដែង ការជួយបណ្ដុះបណ្ដាល ការទប់ស្កាត់បទល្មើស បច្ចេកវិទ្យានាពេលថ្មីៗនេះ ។ ជាមួយគ្នានេះ សម្តេចក៏បានប្រាប់ភាគីអូស្រ្តាលី ពីការអនុវត្តយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន រយៈពេល៦ខែ របស់រាជរដ្ឋាភិបាល ដោយបានផ្ដល់នូវប្រាក់រង្វាន់ លើកទឹកចិត្ត ចំពោះសមត្ថកិច្ចណា ដែលបានបង្ក្រាប នូវបទល្មើសគ្រឿងញៀន ៕

website_news/20172106001.txt · Last modified: 2017/06/21 12:32 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki