website_news:20172106002

កម្ពុជា-ហ្វីលីពីន គ្រោងបណ្តុះបណ្តាលធនធានមនុស្ស លើផ្នែកបច្ចេកទេសនិងវិជ្ជាជីវៈ ក្នុងក្របខណ្ឌអាស៊ាន

http://www.daem-ampil-news.html អង្គារ, ២០ មិថុនា ២០១៧ 17:34 ដោយ: ហង្ស ទេព ID:102

ភ្នំពេញ: រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងឲ្យដឹងថា កម្ពុជានិងហ្វីលីពីន គ្រោងបណ្តុះបណ្តាលធនធានមនុស្ស ផ្នែកបច្ចេកទេសនិងវិជ្ជាជីវៈ ដើម្បីលើកកម្ពស់សមត្ថភាព ធនធានមនុស្សក្នុងក្របខណ្ឌអាស៊ាន ។

លោករដ្ឋមន្រ្តី អ៊ិត សំហេង បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្រោយជំនួប ជាមួយលោក ហ្គូលីង ម៉ាម៉ុងអ៊ុង (Guiling A.Mamondiong) អគ្គនាយកនៃ អាជ្ញាធរជាតិ ហ្វី លីពីន ទទួលបន្ទុកផ្នែកអប់រំបច្ចេកទេស និងអភិវឌ្ឍន៍ជំនាញ ថាកិច្ចពិភាក្សាអំពីការបង្កើត ក្រុមប្រឹក្សាអភិវឌ្ឍន៍ជំនាញអាស៊ាន និងជំនួយអភិវឌ្ឍន៍ជំនាញអាស៊ាននេះ គឺជាគំនិតផ្តួចផ្តើម របស់ហ្វីលីពីន ស្របទៅនឹងអ្វីដែលដែលកម្ពុជា បានអនុម័តថ្មីៗនេះ ជាពិសេសរាជរដ្ឋាភិបាល បានអនុម័តនូវ គោលនយោបាយជាតិស្តីពីការ អប់រំបណ្តុះបណ្តាល បច្ចេកទេសនិងវិជ្ជាជីវៈ ២០១៧-២០២៥។គោលនយោបាយនេះ គឺសំដៅជំរុញការអភិវឌ្ឍន៍ ធនធានមនុស្ស និងកម្លាំងពលកម្មជាតិ បម្រើឲ្យការអភិវឌ្ឍន៍សេដ្ឋកិច្ច ជាតិឲ្យក្លាយពីប្រទេស ដែលមានចំណូលមធ្យមកំរិតទាប ទៅជាប្រទេសដែលមាន ចំណូលមធ្យមកំរិតខ្ពស់ នៅក្នុងពេលខាងមុខ និងឆ្លើយតបទៅនឹង តម្រូវការទីផ្សារការងារ ទាំងក្នុងនិងក្រៅ ប្រទេស និងក្នុងក្របខណ្ឌសមារហកម្ម សហគមន៍សេដ្ឋកិច្ចអាស៊ាន។

លោករដ្ឋមន្រ្តីបានថ្លែងបន្ថែមថា“ ក្នុងជំនួបនេះដែរ ភាគីទាំងពីរកម្ពុជា និងហ្វីលីពីន បានស្រុះស្រួលគ្នា ហើយកម្ពុជាផ្តល់ការគាំទ្រលើគំនិតផ្តួចផ្តើមនេះ។ សម្រាប់លក្ខណៈបច្ចេកទេស យើងនឹងជជែកគ្នាលើកិច្ច ព្រមព្រៀងមួយទៀត លើកិច្ចសហប្រតិបត្តិការ លើវិស័យបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ។ ភាគី ហ្វីលីពីន គេចង់បង្កើតមជ្ឈមណ្ឌលគំរូមួយ នៅកម្ពុជា ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងឈានទៅការទទួល ស្គាល់គ្នាទៅវិញទៅមកនូវកម្រិតជំនាញ រវាងប្រទេសនៅក្នុងតំបន់” ។

លោករដ្ឋមន្រ្តី បញ្ជាក់ទៀតថា ការបង្កើតមជ្ឈមណ្ឌលនេះពិតជាមានប្រយោជន៍រវាងប្រទេសទាំងពីរ នៅពេលដែលមានកិច្ចសហប្រតិបត្តិការ កំរិតជំនាញរបស់ពលករ ត្រូវទទួលស្គាល់ទៅវិញទៅមក ក្នុងក្របខណ្ឌអាស៊ាន ហើយលំហូរកម្លាំងពលកម្ម គ្មានរបាំងទៀតទេ កាលណាស្គាល់កំរិតជំនាញស្មើគ្នា លក្ខខណ្ឌ ការងារដូចគ្នា ការទទួលបានប្រាក់បៀវត្សរ៍ក៏ដូចគ្នា។ សម្រាប់ជំនាញដែលត្រូវបណ្តុះបណ្តាល លោករដ្ឋមន្រ្តី លើកឡើងថា មានគ្រប់ផ្នែក ដូចជា៖ ផ្នែកបច្ចេកទេស ឧស្សាហកម្ម កសិកម្ម សំណង់ សេវាកម្ម និងផ្នែកជាច្រើនទៀត៕

website_news/20172106002.txt · Last modified: 2017/06/21 12:35 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki